ណាហ្គាវើល ទាញទ័ព ចេញពីកំពូលតារាង ខណៈ៤ក្រុមទៀតប្រកួតថ្ងៃនេះ

នៅ​ទី​បំផុត តំណែង​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​កំពូល​កម្ពជា ដែល​ក្រុមក្រសួង​ការពារជាតិ(ទ័ព) បាន​គ្រប់​គ្រងតាំង​ពី​ជើង​ទី១​មក​នោះ បាន​​ធ្លាក់​ទៅ​លើ​​គូ​ប្រជែង បឹង​កេតអង្គរ វិញ​ម្តង បន្ទាប់​ពី​ទ័ព បាន​ចាញ់​ក្រុម​ណាហ្គាវើល ១-០ កាល​ពី​ថ្ងៃ​សៅរ៍ រីឯ​​ក្រុម​ចំនួន​៤​ទៀត នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ថ្ងៃអាទិត្យ​នេះ។

mm1

សម្រាប់​ការ​ប្រកួត នៅ​លើ​ទី​លាន​ខុស​គ្នា កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នោះ ក្រុម​ទ័ព បាន​ធ្វើ​ការ​វាយ​លុក​ទៅ​លើ​ណាហ្គាវើល ជា​បន្ត​បន្ទាប់ នៅ​ទី​លាន​ស្តាត​ចាស់​របស់ខ្លួន ប៉ុន្តែក្រុម​ទាំង​២​​មិន​អាចរក​បាន​គ្រាប់​បាល់​ដូច​គ្នា ក្នុង​ការប្រកួត​ពេញ​ម៉ោង​៩០​នាទី។

យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ម៉ោង​បន្ថែម​៩០+៣ ខ្សែ​ប្រយុទ្ធ Anderson  បាន​តែត​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម​ទ័ព ​បាន​សម្រេច ដើម្បី​ជួយ​ឲ្យ​ណាហ្គាវើល ឈ្នះ​ ១-០ ក្នុង​ការ​ប្រកួត​ជើង​ទី​២​នេះ ខណៈ​ជើង​ទី​១ ណាហ្គាវើល បាន​ចាញ់​ទ័ព ១-០ ដែរ។

ជាមួយ​លទ្ធ​ផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ទ័ព ធ្លាក់​ចេញ​ពី​កំពូល​តារាង ហើយ​បឹង​កេត បាន​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​១​វិញ ព្រោះ​កាលពី​ម្សិល​មិញ​នោះ​ដែរ បឹង​កេត បាន​វាយ​បក​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ វេស្ទើន ២-១ ដែល​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ ឃួន ឡាបូរ៉ា នៅ​​នាទី​៦៣ និង​៦៥ ខណៈ រុន រ៉ានី បាន​ជួយ​ឲ្យ​វេស្ទើន នាំ​មុខ​មុន​តាំង​ពី​នាទីទី​៧​នោះ។

ចំណែក​ក្រុម​ណាហ្គាវើល បាន​ឡើង​ទៅឈរ​នៅ​លេខ​រៀង​ទី​៣ ដោយ​មាន​២០​ពិន្ទុ ហើយ​ភ្នំពេញក្រោន បាន​លត់​ក្រុមអគ្គស្នងការនគរ​បាល​ជាតិ ៣-០ ដែល​រក​បាន​ដោយ ធារី ចន្ថាប៊ីន នៅ​នាទីទី​៤៩ Anthony Aymard នៅនាទីទី៧៤ និង កែវ សុខង៉ន នៅនាទីទី​៨០ ដើម្បី​មាន​១៨​ពិន្ទុ និង​ឈរ​នៅ​លេខ​រៀង​ទី​៥។

យ៉ាង​ណា​ក៏​ដោយ​ទី​តាំង​លេខ​៣​របស់​ក្រុម​ណាហ្គាវើល អាច​នឹង​មានការ​ប្រែប្រួល ​នៅ​ថ្ងៃអាទិត្យ​នេះ បើ​សិន​ជា​ក្រុម​ព្រះខ័នរាជស្វាយ​រៀង អាចបន្ត​យក​ឈ្នះ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ដែល​ពួក​គេ​ធ្លាប់​លត់ ៦-១ ក្នុង​ជើង​ទី​១​នោះ រីឯ​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា(ស៊ីម៉ាក់) ត្រូវជួប​ក្រុមអាស៊ីអឺរ៉ុប ដែល​ពួក​គេ​ធ្លាប់​ឈ្នះ​ ៥-១៕​

កម្ម​វិធី​​ប្រកួត​ទាំង​២​គូ នៅ​ថ្ងៃ​នេះ

  • ព្រះខ័ន​រាជស្វាយ​រៀង v ខេមបូឌាន​ថាយហ្គឺរ ពហុកីឡដ្ឋានជាតិ ម៉ោង ៣:៣០
  • ស៊ីម៉ាក់ v អាស៊ីអឺរ៉ុប នៅ​ពហុកីឡដ្ឋាន​ជាតិ ម៉ោង ៦:០០

table