​រដ្ឋាភិបាល​ មិនបាន​ដឹង​ពី​ការ​ដង្ហែ​ធាតុ​ព្រះពុទ្ធ​ពី​ឥណ្ឌា​មក​កម្ពុជា ? និពន្ធដោយ : ថ្មីៗ       June-26-2016, 4:51 pm         1103

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​រដ្ឋាភិបាល​ មិនបាន​ដឹង​ពី​ការ​ដង្ហែ​ធាតុ​ព្រះពុទ្ធ​ពី​ឥណ្ឌា​មក​កម្ពុជា ?រូបភាពពីហ្វេសប៊ុក Vanny Chea​ភ្នំពេញ​៖ អដ្ឋិធាតុ​ដែល​គេ​ជឿថា ជា​ព្រះ​បរម​សារីរិកធាតុ​នៃ​ព្រះសម្មាសម្ពុទ្ធ ត្រូវបាន​ដង្ហែ​ពី​ប្រទេស​ឥណ្ឌា មកដល់​ប្រទេស​កម្ពុជា នៅពេល​ព្រឹក ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ ។ ព្រះសង្ឃ រួមទាំង​ពុទ្ធបរិស័ទ​រាប់ពាន់នាក់ បាន​ដង្ហែ​ព្រះ​សារីរិកធាតុ ទៅ​តម្កល់ទុក​នៅ​ភ្នំ​អដ្ឋរស្ស (​ភ្នំ​ឧតុង្គ​) ដែល​ស្ថិតក្នុង​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ​។ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា មិនបាន​ដឹង​ឮជា​ផ្លូវការ​នោះទេ​។ 

​អ្នកនាំពាក្យ​នៃ​ក្រសួង​ធម្មការ​និង​សាសនា លោក សេង សុ​មុនី ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ សួរ​លោក​អំពី​ការ​ដង្ហែ​ព្រះ​បរម​សារីរិកធាតុ​នៅ​ថ្ងៃអាទិត្យ​ទី​២៦​ខែមិថុនា​នេះ​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ធម្មការ​រូបនេះ​មិនបាន​ដឹងថា ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​បាននាំគ្នា ទៅ​ទទួល​ព្រះ​សារីរិកធាតុ ពី​ព្រលានយន្តហោះ ហើយ​ដង្ហែ​ទៅកាន់​ភ្នំ​អដ្ឋរស្ស​ភ្លាមៗ​នោះឡើយ​។

«​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ធម្មការ​និង​សាសនា ដូចជា​មិនបាន​ដឹងឮ​ពី​ព័ត៌មាន​នេះឡើយ​»​។ នេះ​ជាការ​អះអាង​របស់លោក សេង សុ​មុនី ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នា​រសៀល​ថ្ងៃអាទិត្យ​នេះ ដោយ​លោក​បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​ការទទួល​ព្រះ​សារីរិកធាតុ គឺជា​រឿង​ធំដុំ​។ ដូច្នេះ​គួរតែ​ធ្វើឡើង​តាមរយៈ​រដ្ឋាភិបាល​ឥណ្ឌា និង​រដ្ឋាភិបាល​កម្ពុជា​»​។​

​អ្នកនាំពាក្យ​រូបនេះ បាន​រម្លឹកថា កាលពី​ឆ្នាំ​១៩៥១ រដ្ឋាភិបាល​ឥណ្ឌា បានប្រគល់​ព្រះ​សារីរិកធាតុ​នៃ​ព្រះសម្មាសម្ពុទ្ធ ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​ព្រះបាទ នរោត្តម សីហនុ​។ លោក​បន្តថា ពិធី​នៃ​ការប្រគល់​និង​ទទួល​ព្រះ​សារីរិកធាតុ​នាពេលនោះ មានការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ត្រឹមត្រូវ រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។ បើតាម​មន្ត្រីជាន់ខ្ពស់​ដដែល ព្រះ​សារីរិកធាតុ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ដឹងឮ និង​ទទួលស្គាល់​ជា​ផ្លូវការ​នោះ គឺ​ព្រះ​សារីរិកធាតុ ដែល​ត្រូវបាន​ដង្ហែ​មកពី​ប្រទេស​ឥណ្ឌា ក្នុង​ឆាំ្ន​១៩៥១​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ធ្លាប់​ឃើញ​ផ្ទាល់​។ ធាតុ​ហ្នឹង​មាន​ទំហំ​តែ​ពាក់កណ្តាល​គ្រាប់​អង្ករ​ប៉ុណ្ណោះ​»​។​

​លោក សេង សុ​មុនី ពន្យល់ថា ព្រះ​សារីរិកធាតុ មាន​ច្រើន មិនមែន​មានតែ​ព្រះ​សារីរិកធាតុ​របស់​ព្រះពុទ្ធ​នោះទេ​។ លោក អះអាងថា ព្រះ​សារីរិកធាតុ អាចជា​ព្រះ​ធាតុ​របស់​ព្រះអរហន្ត​អង្គ​ណាមួយ ក្រៅពី​ព្រះពុទ្ធ​ក៏​ថា​បាន​។

​អ្នកនាំពាក្យ​រូបនេះ បកស្រាយ​ថា បើទោះបី​ធាតុ​នោះ​គឺ​ធាតុ​ព្រះពុទ្ធ​ពិតមែន ឬ​មិន​ពិត​ក៏ដោយ វា​មិន​ខុសឆ្គង​អ្វី​ទេ ដែល​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​នាំ​គា្ន​គោរពបូជា ព្រោះនេះ ជា​ជំនឿ​របស់​អ្នក​កាន់​ព្រះពុទ្ធសាសនា​។ ប៉ុ​ន្ត លោក​បាន​ព្រមាន​ទៅដល់​អ្នក​ឃោសនា និង​អ្នកដឹកនាំ​ក្នុង​រឿងនេះ  ឲ្យ​ចៀសវាង​ការយក​ព្រះពុទ្ធសាសនា ឬ​វត្ថុ​សក្ការបូជា​ដែល​តំណាង​ឲ្យ​ព្រះពុទ្ធ ទៅ​បោក​បញ្ឆោត​ប្រជារាស្ត្រ បើ​ពុំ​នោះទេ ពួកគេ​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ជាមិនខាន​។

​លោក សេង សុ​មុនី បាន​បន្ថែមទៀតថា កន្លងមក រាជរដ្ឋាភិបាល​ធ្លាប់​ចេញ​សារាចរ​រួចហើយ ទាក់ទង​នឹង​ការ​បញ្ហា​ខាងលើ ដោយ​ណែនាំ​ដល់​អ្នក​ឃោសនា​ទាំងឡាយ កុំ​យក​វត្ថុ​ដែល​តំណាង​ឲ្យ​ព្រះពុទ្ធ ទៅប្រើ​ប្រាស់​ផ្តេសផ្តាស់ ឬ​ធ្វើជា​ជំនួញ​ដើម្បី​កេងចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ លោក​សង្កត់ធ្ងន់ថា​៖«​បើ​បរិស័ទ​មាន​សទ្ធា គាត់​ធ្វើទៅ វា​មិន​ខុស​អ្វី​ទេ​។ តែ​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​ស្រប​នឹង​ច្បាប់​។ បើកាលណា​យើង​ធ្វើ​ខុស​នឹង​ច្បាប់​សាសនា យើង​ត្រូវ​ទទួល​តាមផ្លូវ​សាសនា ហើយ​បើកាលណា​យើង​ធ្វើ​ខុស​នឹង​ច្បាប់​រដ្ឋ យើង​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​រដ្ឋ​»​។

​យោងតាម​គម្ពីរ​ក្នុង​ព្រះពុទ្ធសាសនា ក្រោយពី​ព្រះ​បរមគ្រូ ទ្រង់​ចូល​ព្រះ​និព្វាន ធាតុ​របស់​ព្រះអង្គ​ត្រូវបាន​បែងចែក​ទៅដល់​ប្រទេស​នានា​លើ​សាកលលោក​។ កាលនោះ ប្រទេស​កម្ពុជា ពុំបាន​ទទួល​ព្រះ​សារីរិកធាតុ​នោះទេ តែ​ទើបតែ​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​៥០ រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា បាន​ថ្វាយ​ព្រះ​សារីរិកធាតុ មកដល់​ព្រះបាទ នរោត្តម សីហនុ​៕