នគរបាល​ខណ្ឌចំការមន ឃាត់ខ្លួន​ស្ត្រី​៣​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣៦​កញ្ចប់

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជា​ស្ត្រី​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្រី​ទើបតែ​អាយុ​១១​ឆ្នាំ​ម្នាក់​ផង​ដែរ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌចំការមន  សហការ​ជាមួយនឹង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ធ្វើការ​ឃាត់ខ្លួន ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣៦​កញ្ចប់​តូច​នៅ​ក្នុង​អគារ​ប៊ូល​ឌី​ញ​។ ប្រតិបត្តិការ​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ មិថុនា ២០១៦ នៅ​អគារ​ប៊ូល​ឌី​ញ ផ្លូវ​ព្រះ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

លោក យឹ​ម ហួង នាយ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌចំការមន បាន​ប្រាប់​ឱ្យ​ដឹង​ថា  ស្ត្រីជន​សង្ស័យ​ដែល​ឃាត់ខ្លួន​មាន ១-​ឈ្មោះ សៀន សុខា អាយុ​៧១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ២-​ឈ្មោះ សូ លី​ដា អាយុ​៣៣​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ និង ៣-​ឈ្មោះ ឆាន់ ចរិយា អាយុ​១១​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​។ មុន​ពេល​កើតហេតុ​គេ​បានឃើញ​កុមារី​ម្នាក់​ត្រូវ​បាន​ម៉ូតូឌុប​មួយ​គ្រឿង​ដឹក​នាង​យក​មក​ទម្លាក់​នៅ​ក្បែរ​ផ្ទះ​ខាងលើ រួច​ហើយ​នាង​ក៏​ដើរ​ចូល ដោយ​មានការ​សង្ស័យ​នោះ កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​ឆែកឆេរ​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ចំនួន​២៥​កញ្ចប់​តូច ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រើ​ឱ្យ​យក​មក​។

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយ​ឆ្លងកាត់​តាម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​លោក​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នោះ ក៏​បាន​ធ្វើការ​សាកសួរ និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​វ័យ​ចំណាស់​ទាំង​ពីរ​នាក់ ដែល​ជា​អ្នក​ទទួល​ថ្នាំ​ញៀន​យក​ទៅ​ធ្វើការ​ចែកចាយ​ជា​បន្ត​ទៀត ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១១​កញ្ចប់​បន្ថែម​ទៀត​ផង​ដែរ​។
ក្រោយ​ពេល​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​ខាងលើ​នេះ​រួច​ហើយ  ក្រុម​ស្ត្រីជន​សង្ស័យ​ទាំង​៣​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ចំនួន​៣៦​កញ្ចប់​ខាងលើ​នេះ ក៏​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។