ថ្ងៃក្រោយ​ឲ្យ​រាង ! កណ្ដាលថ្ងៃត្រង់​ហ៊ាន​ធ្វើ​បែប​នេះ​ទៅ​រួច

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ នារី​វ័យក្មេង​អាយុ​១៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ឪពុកចុង​លី​ផ្គាក់​ចូល​បន្ទប់​គំរាមសម្លាប់​បើ​ហ៊ាន​ស្រែក រួច​​ចាប់​ស្រាត​ខោអាវ​ប្រុង​រំលោភ តែ​ត្រូវ​ម្តាយ​របស់​នាង​ធាក់​១​ជើង​រួច​បើកទ្វារ​រត់​មក​ក្រៅ​ហៅ​គេ​ជួយ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ក្នុង​បុរី​សន្តិភាព​២ ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុកចុង​មានឈ្មោះ នា​ត ជា អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​សិប្បកម្ម​ចាក់​បង្គោល​ភ្លើង មានស្រុក​កំណើត​នៅ​ភូមិ​អំពិល​ក្រៅ ឃុំ​អំពិល​ក្រៅ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ចាប់ខ្លួន​បាន​នៅ​ម៉ោង​៤ និង​២០​នាទី​រសៀល​ថ្ងៃនេះ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​​មាន​អាយុ​១៨​ឆ្នាំ ។

ប្រភព​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ទាំង​៣​នាក់​(​គាត់ កូនស្រី​គាត់ និង​ប្តី​ចុង​) រស់នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ក្នុង​បុរី​សន្តិភាព​២ ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នៅ​ម៉ោង​ប្រមាណ​ជា​១២ និង​២០​នាទី​ថ្ងៃត្រង់​ស្រាប់តែ​ប្តី​ចុង​ល្មោភកាម​ចិត្ត​តិរច្ឆាន​បាន​លី​កាំបិត​ផ្គាក់​ចូល​មក​ក្នុង​បន្ទប់​គំរាម​គាត់​និង​កូនស្រី​គាត់​មិន​ឲ្យ​ស្រែក ហើយ​ចាប់​ស្រាត​ខោអាវ​កូនស្រី​គាត់​បម្រុង​រំលោភ ពេល​នោះ​គាត់​ក៏​ធាក់​១​ជើង​រួច​បើកទ្វារ​បន្ទប់​រត់​ទាំង​២​នាក់​​ម្តាយ​កូន​មក​រក​គេ​ជួយ ភ្លាម​ៗ​នេះ​ប្តី​ចុង​ក៏​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​គាត់​ក៏​នាំ​កូនស្រី​គាត់​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​ឲ្យ​ជួយ​អន្តរាគមន៍ និង​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕