សហគមន៍​ដីធ្លី​គ្រោង​ពាក់​អាវ​ខ្មៅ​តវ៉ា​មុខ​តុលាការ​ខេត្ត​កោះកុង​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន

សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​ជីខក្រោម ស្រុក​ស្រែអំបិល និង​តំបន់​អារ៉ែង ស្រុក​ថ្មបាំង ខេត្ត​កោះកុង ប្រមាណ ៦០​នាក់ គ្រោង​ពាក់​អាវ​ខ្មៅ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​បរិស្ថាន​ចំនួន ៣​រូប។

គម្រោង​ប្រមូល​ផ្ដុំ​នេះ គេ​នឹង​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​តុលាការ​ខេត្ត​កោះកុង បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លើ​សកម្មជន​បរិស្ថាន ៣​រូប នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា។

ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​ខេត្ត លោក មីន មករា និង​តំណាង​អយ្យការ លោក អ៊ីវ ត្រាយ នឹង​ចូល​ខ្លួន​បើក​សវនាការ​ជម្រះ​ក្ដី​នេះ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ថ្លែង​នៅ​ថ្ងៃ​ទី​២៦ មិថុនា ដោយ​ស្នើ​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​សកម្មជន​បរិស្ថាន​ទាំង ៣​រូប​នេះ។ លោក​ថា អ្នក​ជាប់​ឃុំ​ទាំង​៣ គ្រាន់​តែ​បាន​ធ្វើ​យុទ្ធនាការ​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់ ពីព្រោះ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​សហគមន៍ ដូចជា​ការ​បាក់​ច្រាំង និង​ទិន្នផល​នេសាទ​ធ្លាក់​ចុះ«ពួក​គេ​មិន​បាន​ប្រព្រឹត្ត​អី​ខុស ពួក​គាត់​បង្ខំ​ឲ្យ​អ្នក​ទាំង​នោះ​ទាំង​គ្រឿងចក្រ អ្នក​បើក​សាឡង់ ឲ្យ​ដក​ថយ​មក​វិញ ចាក​ចេញ​ពី​ទីតាំង​ហ្នឹង កាល​ដែល​ពួក​គាត់​ធ្វើ​សកម្មភាព​ហ្នឹង នាំ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ផល​ប្រយោជន៍។ ក្រុមហ៊ុន​ប្ដឹង​ទៅ​តុលាការ​ឲ្យ​គេ​ចាប់ ដើម្បី​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​យុទ្ធនាការ​បូម​ខ្សាច់»

សកម្មជន​ទាំង ៣​រូប រួម​មាន​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង។ ពួក​គេ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង សម្រេច​ឃុំ​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ពី​បទ​គំរាម​កំហែង ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​តាម​មាត្រា​៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ពែក​អណ្ដូងទឹក ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។