ចាស់​ហើយ​មិន​រក​ធម៌អាថ៌​ទេ បែរជា​ជួញដូរ​គ្រឿងញៀន​ទៅ​វិញ

ខេត្តកណ្តាល ៖ យោង​តាម​ចម្លើយ​សារភាព​ពី​អ្នក​ចែកចាយ​គ្រឿងញៀន​២​នាក់​ប្តី​ប្រពន្ធ ដែល​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភូមិធំ​ឃាត់ខ្លួន ទើប​នគរបាល​ជំនាញ​ខេត្តកណ្តាល​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច​ស្រុក​កៀនស្វាយ អនុវត្ត​តាម​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចុះ​ស្រាវជ្រាវ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​គ្រឿងញៀន​បាន​២​នាក់​ទៀត​នៅ​នឹង​ផ្ទះ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​០០​នាទី ស្ថិត​ក្នុងភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន​ចំនួន​២៨​កញ្ចប់ ដាវ​២​ដើម ធុង​អង្ករ​ពណ៌​ក្រហម​សម្រាប់​លាក់​សារធាតុ​ញៀន​១ លុយ​១០​ម៉ឺន​រៀល និង​សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន ហើយ​សម្ភារ​មួយ​ចំនួន​ទៀត​ត្រូវ​ម្ចាស់​គ្រឿងញៀន​ដុត​ចោល​ដើម្បី​បំបិទ​ភស្តុ​តាង​មុន​ពេល​សមត្ថកិច្ច​ចូល​ធ្វើការ​ឆែកឆេរ​។

សូម​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៦​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ កម្លាំង​នគរបាល​ប៉ុស្តិ៍​ភូមិធំ​ល្បាត​តាម​មូល​ដ្ធា​ន​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ចែកចាយ​គ្រឿងញៀន​២​នាក់​ប្តី​ប្រពន្ធ​ដោយ​ប្តី​ឈ្មោះ អ៊ុត សំ​អុល អាយុ​២៥​ឆ្នាំ​ប្រពន្ធ​ឈ្មោះ កែម ចរិយា អាយុ​២៣​ឆ្នាំ នៅ​ចំនុច​ភូមិ​រទាំង ឃុំ​ភូមិធំ ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​៦​កញ្ចប់ មធ្យោបាយ​ម៉ូតូ​គុប​មូល​គ្មាន​ស្លាក​លេខ​១​គ្រឿង ទូរ​សព្ទ័​ម៉ាក​ណូ​គា​១ និង​សម្ភារ​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​។

បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ចែកចាយ​សារធាតុ​ញៀន​ទាំង​២​នាក់​នេះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ថ្នាំ​ញៀន​នេះ​គឺ​ពួក​គេ​ទិញ​មក​ពី​ឈ្មោះ ឈ្មោះ​រ៉ុ​ង រឿ​ន ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ នៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ទើប​សមត្ថកិច្ច​ស៊ើបអង្កេត​ស្រាវជ្រាវ​ចុះ​ឃាត់ខ្លួន​ហើយ​ឈាន​ដល់​ឃាត់ខ្លួន​ឈ្មោះ រិ​ន សុខ​ថៃ ភេទ​ប្រុស  អាយុ​១៤​ឆ្នាំ ត្រូវជា​ចៅ​របស់
ឈ្មោះ រ៉ុ​ង រឿ​ន ដែល​ពាក់​ព​ន្ធ័​ផ្សំ​គំនិត​រក្សា​លាក់​ទុក​វត្ថុ​តាង​។ ជនល្មើស និង​វត្ថុ​តាង​ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕