រយៈពេល​ពីរ​ថ្ងៃ​ប្រមូល​ជនអនាថា និង​ជក់​ថ្នាំ​ញៀន​បាន​៣៧​នាក់

រាជធានី​ភ្នំពេញ ៖ រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២៥ និង​២៦ ខែមិថុនា ឆ្នាំ​២០១៦ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំ​បញ្ជា​ដោយ​លោក គួ​ច ចំរើន អភិបាល​ខណ្ឌ បាន​បើក​យុទ្ធនាការ​ប្រមូល​ជនអនាថា​និង​ក្រុម​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ប្លុក​តាន់​ប៉ា និង​តាម​មរ​ណី​យ​ដ្ឋា​ន សួនច្បារ​សាធារណៈ​សរុប​ចំនួន​៣៧​នាក់​ក្នុង​នោះ​មាន​ប្រុស​ស្រី​ជក់​ថ្នាំ​ញៀន​២១​នាក់​។ លោក គឹ​ម វុ​ត្ថា ប្រធាន​ប្រជា​ការពារ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​ពី​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ កម្លាំង​ប្រជា​ការពារ​ខណ្ឌ បាន​បើក​យុទ្ធនាការ​រយៈពេល​ពីរ​ថ្ងៃ​ប្រមូល​ជនអនាថា​តាម​សួនច្បារ​សាធារណៈ រមណីយដ្ឋាន និង​ក្រុម​ប្រើប្រាស់​ថ្នាំ​ញៀន​ដែល​លាក់​ជក់​ថ្នាំ​ក្នុង​ប្លុក​តាន់​ប៉ា ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ សរុប​ចំនួន​៣៧​នាក់​ក្នុង​នោះ​ជន​ជក់​ថ្នាំ​ញៀន​មាន​ប្រុស​ស្រី​ចំនួន​២១​នាក់​។

ប្រជាពលរដ្ឋ​រស់នៅ​ប្លុក​តាន់​ប៉ា​បាន​និយាយ​ថា គ្រាន់តែ​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ ចុះ​បង្ក្រាប​ជន​ជក់​ថ្នាំ​ជា​ក្រុម​មាន​ប្រុស​មាន​ស្រី​នៅ​ប្លុក​តាន់​ប៉ា​នេះ​ពិតជា​មិនធម្មតា​នោះ​ទេ បើសិនជា​បណ្តែតបណ្តោយ​ឲ្យ​មាន​សកម្មភាព​នេះ​បន្ត​ទៅ​ទៀត​អ្នក​រង​គ្រោះ​គឺជា​ប្រជាពលរដ្ឋ ។ ហើយ​កន្លង​មក​អាជ្ញាធរ​សង្កាត់​មិន​ដែល​ចុះ​បង្ក្រាប​ជន​បង្ក​ភាព​អនាធិបតេយ្យ​នោះ​ឡើយ មិន​ថា​តែ​ក្រុម​ជក់​ថ្នាំ​ញៀន​នៅ​ប្លុក​តាន់​ប៉ា​ទេ សូ​ម្បី​នៅ​តំបន់​បឹង​កក់​ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​វិញ​ក៏​មិនធម្មតា​ដែរ មាន​ទាំង​បើក​ល្បែង​ហ្គេ​ម​បាញ់​ត្រី ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ បើ​គ្មាន​ការ​បង្ក្រាប​ពីសា​លា​ខណ្ឌ​នោះ​គឺ​អាជ្ញាធរ​សង្កាត់​នាំ​គ្នា​យក​ជើង​គង​ថ្ងាស​យ៉ាង​រំភើយ​អីចឹង​ទៅ ។

ប្រជាពលរដ្ឋ​សង្ឃឹមថា ចាប់ពី​នេះ​តទៅ​ល្បែង​បាញ់​ត្រី និង​ចែកចាយ​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុង​សង្កាត់​ស្រះ​ចក​ពុំ​មាន​វត្តមាន​ទៀត​ឡើយ ដោយឡែក​នៅ​ប្លុក​តាន់​ប៉ា​នឹង​លុប​បំបាត់​បាន​ទាំងស្រុង ។ លោក​ប្រធាន​ប្រជា​ការពារ​ខណ្ឌដូនពេញ​បាន​និយាយ​ទៀត​ថា សម្រាប់​យុទ្ធនាការ​មួយ​នេះ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​បាន​ដាក់​ផែនការ​ដល់​អាជ្ញាធរ​សង្កាត់​ទាំង​១១ និង​កម្លាំង​សមត្ថកិច្ច​របស់​ខ្លួន ត្រូវធ្វើ​ជា​ប្រចាំ​មិន​បណ្តោយ​ឲ្យ​មាន​កើតឡើង​ទៀត​ទេ ហើយ​ជនអនាថា និង​ក្រុម​ជក់​ថ្នាំ​ញៀន​ទាំង​៣៧​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​មន្ទីរ​សង្គមកិច្ច ពីព្រោះ​សកម្មភាព​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ចំពោះ​សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ​តាម​មូលដ្ឋាន និង​ជា​ពិសេស​នោះ​គឺ សតិអារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ចូល​មក​ទស្សនា​នៅ​រាជធានី​ភ្នំពេញ​តែ​ម្តង ៕