រដ្ឋ ផ្តើម​ប្រមូល​ពន្ធ​យានជំនិះ​សម្រាប់​ឆ្នាំ​២០១៦​នៅ​ដើមខែ​កក្កដា​នេះ​ និពន្ធដោយ : ខន ចំប៉ា       June-26-2016, 8:39 pm         54

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋ ផ្តើម​ប្រមូល​ពន្ធ​យានជំនិះ​សម្រាប់​ឆ្នាំ​២០១៦​នៅ​ដើមខែ​កក្កដា​នេះ​​អគ្គនាយកដ្ឋាន​ពន្ធដា​រ ចាប់ផ្តើម​ការប្រមូល​ព​ន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៦ ចាប់ពី​ដើម ខែកក្កដា ដល់​ដំណាច់ខែ​វិច្ឆិកា​។ ម្ចាស់​យានជំនិះ ដែល​យឺតយ៉ាវ​បង់ពន្ធ នឹង​ប្រឈម​នឹង​ការពិន័យ បង់ប្រាក់​ពន្ធ​១០០​ភាគរយ លើ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់ ចាប់ពី​ដើមឆ្នាំ​២០១៧ ។​

​នៅ​ខែកក្កដា​ខាងមុខ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​ចាប់ផ្តើម ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៦ ។ ការប្រមូល​ពន្ធ​នេះ មាន​រយៈពេល​៥​ខែ គឺ​ផ្តើម​ពីថ្ងៃ​ទី ១ ខែកក្កដា ហើយ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

​ផ្អែក​តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធ ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ ការបង់ពន្ធ​ក្នុង​ឆ្នាំ​២០១៦​នេះ  ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ត្រូវដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​នៅ​សាខា​ពន្ធដារ​ខេត្ត​/​ខណ្ឌ ឬ​នៅ​សាខា​ណាមួយ​នៃ​ធនាគារ​កាណាឌីយ៉ា អ​.​ក ឬ​ធន​គារ​អេ​សី​លីដា ភីអិលស៊ី ដោយ​ត្រូវបំពេញ​លិខិត​ប្រកាស​បង់ពន្ធ​ចំនួន​២​សន្លឹក ចំពោះ​យានយន្ត​ដែល​បង់​លើកដំបូង និង​យានយន្ត​ដែល​ពុំទាន់​ទទួលបាន បណ្ណ​សម្គាល់ ការបង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​។ 

​ក្នុងពេល​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ ម្ចាស់​យានជំនិះ ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ច្បាប់​ថតចម្លង បណ្ណ​សម្គាល់​យានយន្ត ឬ​ច្បាប់​ថតចម្លង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​សម្រាប់​រថយន្ត​ក្រៅពី​ប្រភេទ​Pick Up) ដែល​ចេញ ដោយ​អគ្គនាយកដ្ឋាន​សាធារណការ និង​ដឹកជញ្ជូន ឬ​បង្កាន់ដៃ​បង់ពន្ធ​នាំចូល ឬ​លិខិតបញ្ជាក់​ការប្រើប្រាស់​យានយន្ត​ចេញ​ដោយ​ឃុំ​/​សង្កាត់ ចំពោះ​យានយន្ត​កែច្នៃ​ក្នុងស្រុក និង​ច្បាប់​ថតចម្លង​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន ឬ​លិខិតបញ្ជាក់​សំបុត្រកំណើត​របស់​ម្ចាស់​យានយន្ត​ចេញ​ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន​។ នេះ​បើតាម​នាយកដ្ឋាន​ពន្ធដា​រ ដែល​បញ្ជាក់ដែរថា យានយន្ត​ដែល​បានទទួល​បណ្ណ​សម្គាល់កា​រ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ហើយ​នោះ ពុំ​ចាំបាច់ បំពេញ​លិខិត​ប្រកាស​បង់ពន្ធ​ទៀត​នោះទេ​។​

​ពន្ធ​នេះ​ត្រូវបាន​លើកលែង​ចំពោះ រថយន្ត​គិលានសង្គ្រោះ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​។ យានយន្ត​ដែលជា​កម្មសិទ្ធិ​របស់​អង្គភាព​កង់​យោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែល​បម្រើ​ការងារ​សម្រាប់​កិច្ច​ការពារជាតិ ជា​មធ្យោបាយ​ដឹកជញ្ជូន​សម្ភារ​ថ​ទ័ព ក៏ដូចជា​សម្រាប់​កិច្ចការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​យានយន្ត​ដែល​កម្មសិទ្ធិ​របស់​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​អគ្គនាយកដ្ឋាន​ពន្ធដារ​តម្រូវ​ឲ្យ​ក្រសួង ស្ថាប័ន ដែលជា​ម្ចាស់​កម្មសិទ្ធិ​របស់​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ ត្រូវ​ស្នើសុំ​ទៅ​អគ្គនាយកដ្ឋាន​ប​ពន្ធដា​រ ដើម្បី​ទទួលបាន​នូវ ល​តាប​ត្រ​បង់ពន្ធ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​) ដោយ​ភ្ជាប់​មកជា​មួយ​នូវ​បញ្ជី​សារពើ​ភណ្ឌ​របស់​ក្រសួង ស្ថាប័ន ឬ​អង្គភាព​ដែល​បាន​ស្នើសុំ​។

​អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏បាន​បញ្ជាក់ដែរថា ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ អង្គភាព​ពន្ធដារ នឹង​ចុះ​ត្រួតពិនិត្យ និង​ពិន័យ​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​ទាំងឡាយ ដែល​មិនទាន់​បានប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំកន្លងមក និង​ត្រូវ​បង់ពន្ធ និង​ប្រាក់​ពិន័យ​១០០​ភាគរយ លើ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​៕