ពលរដ្ឋ​ខ្មែរ​នៅ​បន្ត​ឡើង​ភ្នំ​ឆ្លង​ដែន មេខ្យល់​បើកភ្លើង​ខៀវ​ជា​មន្ត្រី​យោធា

ខេត្តឧត្តរមានជ័យ ៖ បើ​ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល បាន​ប្រកាស​ឱ្យ​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន និង​អាជ្ញាធរ ត្រូវ​ធ្វើការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ទូ​ទាំង​ប្រទេស​។ តែ​សកម្មភាព​ពលរដ្ឋ​ខ្មែរ នៅ​តែ​បន្ត​ឡើង​ភ្នំ​ដងរ៉ែក ឆ្លង​ដែន​ចូល​ទឹកដី​ថៃ អូស​ឈើ​គ្រញូង​ដដែល កាលពី​រៀលថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង​ឃុំ​អូរ​ស្វាយ  ស្រុក​ត្រពាំង​ប្រាសាទ  ខេត្តឧត្ដរមានជ័យ​។ ប្រជាពលរដ្ឋ​ចំណាកស្រុក និង​ប្រជាពលរដ្ឋ រស់នៅ​តាម​ភូមិ​ជាប់​ខ្សែបន្ទាត់​ព្រំដែន បាន​សម្រុក​ឡើង​ភ្នំ​អូស​ឈើ​គ្រញូង​នៅ​ក្នុង​ទឹកដី​ថៃ ក្រោម​ការ​បើកភ្លើង​ខៀវ​ពី​សំណាក់​មន្ត្រី​យោធា ដែល​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន ហើយ​ឈ្មួញ​ឈើ​គ្រញូង​ឈរជើង​ចាំ​ទិញ​ក្នុង​ទឹកដី​កម្ពុជា ក៏​ជា​ឈ្នួ​ញ​ជាប់​ខ្សែ​សមត្ថកិច្ច​ដែរ​។

ជាក់ស្តែង​កាលពី​ថ្មី​ៗ​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​៤០​នាក់ ដែល​ឡើង​ភ្នំ​តាម ច្រក​អូរ​ខ្សាច់ ក្នុង​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ប្រាប់​ថា ពួក​គាត់​ឡើង​ភ្នំ​ចូល​ទឹកដី​ថៃ ដើម្បី​អូស​ឈើ​គ្រញូង​ឱ្យឈ្មោះ ព្រាប សា​រិ​ន ជា​មន្ត្រី​យោធា​ម្នាក់​នៅ​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៦ ដែល​ឈរជើង​នៅ​តំបន់​អូរ​ឬ​ស្សី និង​ច្រក​អូរ​ខ្សាច់​ខាងលើ​នេះ​។ ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​រស់នៅ​ភូមិ​ទួល​ចារ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ បាន​និយាយ​ថា ឈ្មោះ ព្រាប សា​រិ​ន ជា​មេខ្យល់​នាំ​កម្លាំង​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែនរ​កកាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ហើយ​សកម្មភាព​ប្រជាពលរដ្ឋ​ខ្មែរ ឡើង​ភ្នំ​នៅ​តាម​តំបន់​ព្រំដែន ក្រៅពី​មន្ត្រី​យោធា​ឈរជើង​នៅ​ទីនោះ ប្រជាពលរដ្ឋ​មិន​អាច​នាំ​កម្លាំង​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​បាន​នោះ​ទេ​។

ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ជាង​៤០​នាក់ បាន​និយាយ​ថា រូប​ខ្លួន​បាន​ធ្លាប់​ឡើង​ភ្នំ​អូស​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ចំនួន​២​ដង​មក​ហើយ ដែល​ឈ្មោះ ព្រាប សា​រិ​ន ជា​អ្នក​នាំ​ផ្លូវ ហើយ​ពេល​ទម្លាក់​ឈើ​មក​ដល់​ដី​កម្ពុជា មាន​ថៅកែ​ស្រី​ម្នាក់ មិន​ស្គាល់ឈ្មោះ ដែល​មានផ្ទះ​នៅ​ជិត​ផ្សារ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ចាំ​ទិញ​ឈើ​គ្រញូង​នៅ​ក្នុង​ទឹកដី​កម្ពុជា​។ សមត្ថកិច្ច​បាន​ប្រាប់​ថា ថៅកែ​ស្រី ជា​ឈ្មួញ​ចាំ​ទិញ​ឈើ​គ្រញូង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​អូស​ពី​ដី​ថៃ នៅ​ចំណុច​អូរ​ខ្សាច់ និង​អូរ​ឬ​ស្សី គឺ​ប្រពន្ធ របស់​មន្ត្រី​អាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​ម្នាក់​ឈ្មោះ មាស ច​ន្ថា ដែល​កន្លង​មក​ក៏​មាន​បញ្ហា​រអ៊ូរទាំ​ពី​អ្នក​ដឹកឈើ​គ្រញូង​តាម​ម៉ូតូ និង​តាម​រថយន្ត​កាម​រី បន្តិចបន្តួច ក៏​ត្រូវ​លោក មាស ច​ន្ថា ចាប់​រឹបអូស​ទាំង​រថយន្ត និង​ម៉ូតូ ដោយសារ​តែ​មិន​លក់​ឱ្យ​ប្រពន្ធ​របស់​ខ្លួន​។ ហើយ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​ស្ពាយ​ឈើ​គ្រញូង​មក​ពី​ទឹកដី​ថៃ តាម​ច្រក​អូរ​ខ្សាច់ ដែល​មិន​លក់​ឱ្យ​ថៅកែ​ស្រី​ឈើ​គ្រញូង ជា​ប្រពន្ធ​លោក​មន្ត្រី​អាវុធហត្ថ​ម្នាក់​នេះ ក៏​ត្រូវ​ចាប់​រឹបអូស​យក​ឈើ​គ្រញូង​ផង​ដែរ​។

គួរ​បញ្ជាក់​ថា សកម្មភាព​ឈើ​គ្រញូង​នៅ​តាម​បន្ទាត់​ព្រំដែន នៅ​តែ​ចរាចរ​ជា​រៀងរាល់ថ្ងៃ ក្រោយ​ការ​បើកភ្លើង​ខៀវ​ពី​សំណាក់​មន្ត្រី​យោធា​ឈរជើង នៅ​តាម​តំបន់​នោះ​។ ហើយ​មាន​ឈ្មួញ​ជា​ជនជាតិ​វៀតណាម ២​នាក់ ទី​១.​ឈ្មោះ យាយ​ម៉ា​យ ដែល​ឈរជើង​ចាំ​ទិញ​ឈើ​គ្រញូង ប្រចាំការ​នៅ​ស្រុក​អន្លង់​វែង និង​ឈ្មួញ​ជនជាតិ​វៀតណាម ម្នាក់​ទៀត​ឈ្មោះ ទូ ដែល​ឈរជើង​ចាំ​ទិញ​ឈើ​នាងនួន និង​ឈើ​គ្រញូង នៅ​ចំណុច​ក្បាល​ទន្សោង ដែល​ជា​ភូមិសាស្ត្រ​ឈរជើង​របស់​យោធា​កងវរសេនាតូច​ការពារ​ព្រំដែន​គោក​លេខ​៤០៣ ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ពិបាក​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ឈើ​ឆ្លង​ដែន​ពី​ទឹកដី​ថៃ​៕