បាត់​រថយន្ត​៣​គ្រឿង​ជាង​កន្លះ​ឆ្នាំ តាម​រក​ឃើញ​១​គ្រឿង​វិញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ចំនួន​៣​គ្រឿង ដែល​ម្ចាស់​បាន​ជួល​ទៅ​ឲ្យ​មន្ត្រី​នគរបាល នៅ​ខេត្តតាកែវ​ម្នាក់​ជិះ ត្រូវ​បាន​មន្ត្រី​នគរបាល​រូប​នោះ​រំលោភ​លើ​ទំនុកចិត្ត អត់​ឲ្យ​ថ្លៃ​ឈ្នួល​ហើយ ព្រមទាំង​បាន​យក​រថយន្ត​នោះ ទៅ​លក់​បន្ត​ទៀត​បាត់ ដោយ​មិន​បាន​ប្រាប់​ម្ចាស់​ឲ្យ​ដឹង​សូ​ម្បី​មួយ​ម៉ាត់​ឡើយ ហើយ​ក្រោយ​ពេល​ដឹង​បាត់ ម្ចាស់​បាន​តាម​ស្វែងរក​គ្រប់​ទីកន្លែង​។ រហូត​មក​ដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្មាំ​២០១៦ ទើប​ប្រទះ​ឃើញ​១​គ្រឿង​វិញ ម៉ាក​មី​ត​ស៊ុ​យ​ប៊ី​ស៊ី​ប៉ា​ហ្ស៊េ​រ៉ូ ស្ថិត​នៅ​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត មួយ​កន្លែង​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​លោកស្នងការ​រង​នគរបាល ខេត្តកំពង់ស្ពឺ​ម្នាក់​ឈ្មោះ អៀង អ៊ុ​ល គឺជា​អ្នកទិញ​ជិះ ហើយ​បាន​យក​ទៅ​ជួសជុល​នៅ​ក្នុង​យានដ្ឋាន​មួយ នោះ រួច​ក៏​បាន​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ចុះ​ទៅ​ដកហូត​យក​ទៅ​រក្សា​ទុក ប៉ុន្តែ​មិន​បាន​ឃាត់ខ្លួន លោក ស្នងការ​រង​រូប​នោះ​ឡើយ ចំណែក​រថយន្ត​២​គ្រឿង​ទៀត នៅ​តែ​មិន​ទាន់​ឃើញ​ស្រមោល​នៅឡើយ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​បាត់​ហើយ​រក​ឃើញ​វិញ​នោះ ម៉ាក​មី​ត​ស៊ុ​យ​ប៊ី​ស៊ី​ប៉ា​ហ្ស៊េ​រ៉ូ ពណ៌​ស្លែ​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-0007 ចំណែក​២​គ្រឿង​ទៀត ដែល​បាត់​ស្រមោល​មាន​ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង និង​ម៉ាក​កាម​រី​គូថ​ប៉ោង​១​គ្រឿង​។ រថយន្ត​ទាំង​៣​គ្រឿង​នេះ ជា​កម្មសិទ្ធិ​របស់​បុរស​ម្មា​ក់​ឈ្មោះ ផា​ន់ ចាន់​ដា​រ៉េ​ត មាន​ទីលំនៅ​ផ្លូវ​៣១៣ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ប្រភព​ដដែល​បាន​បន្ត​ថា ម្ចាស់​រថយន្ត​ខាងលើ បាន​ជួល​រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ ទៅ​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ជ័យ អង្គារិ​ទ្ធី ដែល​ជា​មន្ត្រី​នគរបាល​ខេត្តតាកែវ ហើយ​មាន​ឪពុក​ធ្វើ​ជា​នគរបាល​នៅ​ខេត្តកំពង់ស្ពឺ​ដែរ ហើយ​មានស្រុក​កំណើត នៅ​ក្នុងស្រុក​គី​រី​វង្ស ខេត្តតាកែវ​។ ដែល​ការ​ជួល​នោះ​កាលពី​អំឡុង​មុន​បុណ្យ​ភ្ជុំបិណ្ឌ ក្នុង​ឆ្នាំ​២០១៥ កន្លង​មកនេះ ហើយ​នៅ​មុន​ដំបូង​ជួល​ជា​ថ្ងៃ​ទេ គឺ​ក្នុង​១​ថ្ងៃ​រថយន្ត​១​គ្រឿង​ថ្លៃ​៣០​ដុល្លារ ហើយ​ជន​នោះ​បាន​បង់លុយ​ឲ្យ​ម្ចាស់​យ៉ាង​ទៀត​ទាត់ ។

លុះ​ជួល​បាន​៣​ទៅ​៤​ថ្ងៃ ជន​នោះ​ឈប់​ជួល​ជា​ថ្ងៃ​ប្ដូរ​ទៅ​ជួល​ជា​ខែ​វិញ ដោយ​ត្រូវរ៉ូវ​គ្នា​១​ខែ​៣០០​ដុល្លារ ក្នុង​រថយន្ត​១​គ្រឿង​វិញ​។ ប្រភព​ខាងលើ​បាន​បន្ត​ថា ចាប់តាំងពី​ពេល​នោះ​រហូត​មក ឈ្មោះ ជ័យ អង្គារិ​ទ្ធី នោះ​មិន​ដែល​បាន​ទូទាត់​ប្រាក់​ថ្លែ​ឈ្មួ​ល​ទៅ​ឲ្យ​ម្ចាស់​នោះ​ឡើយ ថែម​ទាំង​បាត់​ការ​ទំនាក់ទំនង ហើយ​រថយន្ដ​ទាំង​៣​គ្រឿង​បាន បាត់​ស្រមោល​សូន្យឈឹង​តែ​ម្ដង​។ បន្ទាប់​ពី​មាន​បញ្ហា​បែប​នេះ ម្ចាស់​បាន​តាម​រក​គ្រប់​ច្រកល្ហក ប៉ុន្តែ​គ្មាន​បាន​ដំណឹង​នោះ​ឡើយ ព្រោះ​ជនសង្ស័យ​ជា​នគរបាល ម្យ៉ាង​បាន​គេចខ្លួន​រហូត​រក​មិន​ដែល​ជួប​ទាល់តែ​សោះ ។

លុះដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្មាំ​២០១៦ ទើប​ប្រទះ​ឃើញ​១​គ្រឿង​វិញ ម៉ាក​មី​ត​ស៊ុ​យ​ប៊ី​ស៊ី​ប៉ា​ហ្ស៊េ​រ៉ូ ស្ថិត​នៅ​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត មួយ​កន្លែង​ក្នុងភូមិ​ព្រៃ​ព្រីង ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​លោកស្នងការ​រង​នគរបាល ខេត្តកំពង់ស្ពឺ​ម្នាក់​ឈ្មោះ អៀង អ៊ុ​ល គឺជា​អ្នកទិញ​ជិះ​ទៅ​វិញ ទើប​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឲ្យ​ជួយ​ឃាត់​រថយន្ត​នោះ ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍ ហើយ​បើ​ទោះបីជា​ដឹង​ថា​នេះ​ជា​ការ​ទទួលផល​ចោរកម្ម​ក៏​ដោយ ប៉ុន្តែ​មិន​បាន​ឃាត់ខ្លួន​លោកស្នងការ​រង​រូប​នោះ​ឡើយ​។ ដោយឡែក​លោកស្នងការ​បាន​ប្រាប់​នគរបាល​ប៉ុស្តិ៍​ថា រថយន្ត​នោះ​លោក​បាន​យក​រថយន្ត​កាម​រី​គូថ​ប៉ោង​របស់​លោក​១​គ្រឿង​ទៅ​ដោះ​ដូរ​គ្នា​ជាមួយ​ឈ្មោះ ជ័យ អង្គារិ​ទ្ធី ដោយ​ដូរ​ស្មើរ​មិន​មាន​ថែមលុយ​ឡើយ​៕