ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១១)

ភាគ​ទី​១១
ពេល​នោះ​ស្រាប់​តែ​មាន​ស្នូរ​ប៉ី​ស្នែង​ បន្លឺ​ឡើង​ពី​ខាង​ឆ្វេង​ ទ័ព​សេះ​មួយ​ក្រុម​ផាយ​មក​ពី​ឆ្វេង​សម្រុក​ទៅ​រក​ហ្វូង​ទ័ព​បាក់​នោះ កាប់​សម្លាប់​សេនា​ទាំង​នោះ​ដោយ​ឥត​សំចៃ​ដៃ​សោះ។
ក្រុម​ពល​សេនា​ទ័ព​សេះ​មួយ​ចំនួន​មិន​ច្រើន​ស្មើ​ហ្វូង​ទ័ព​បរាជ័យ​នោះ​ទេ​។ ប៉ុន្តែ​ពួក​ខាង​ទ័ព​បាក់​ ដូច​ជា​ភ័យ​តក់​ស្លុត​ពេក​ក៏​លែង​ហ៊ាន​ត​ដៃ​ ហើយ​រត់​ប្រសេចប្រសាច​មក​ជ្រក​ខ្លួន​ពួន​អាត្មា​ក្នុង​ទ័ព​ជិនកួក​ទៅ​វិញ។
ហូសាហ្វូ​ឃើញ​ដូច្នោះ​ ក៏​បញ្ជា​ឱ្យ​សេនា​ដែល​កាន់​ធ្នូ​បាញ់​ស្រោច​ទៅ​លើ​ពួក​វា​ភ្លាម។ មួយ​រំពេច​នោះ​ កង​ពល​សេនា​បរាជ័យ​ប្រមាណ​ជាង​១០​នាក់​ បាន​ត្រូវ​នឹង​ព្រួញ​ដួល​ស្លាប់​ទៅ​លើ​ដី។ តែ​ពល​សេនា​បរាជ័យ ឯ​ទៀត​នៅ​តែ​បោល​សម្រុក​មក​រក​ក្បួន​ទ័ព​ជិន​កួក​ ទោះណា​ជា​បាញ់​ក៏​បាញ់​មិន​ទាន់​ដែរ​។
មួយ​ស្របក់​ប៉ុណ្ណោះ​កង​ទ័ព​បរាជ័យ​ មាន​ចំនួន​លើស​កង​ទ័ព​ជិន​កួក​​១០​ដង ​បាន​ចូល​មក​ច្របូក​ច្របល់​ជាមួយ​ក្បួន​ទ័ព​ជិនកួក។ ហូសាហ្វូ​បាន​ឃើញ​ស្ថានការណ៍​ មិន​ស្រួល​ក៏​នាំ​សេនា​បួន​ដប់​នាក់​ ការពារ​ទ្រង់​​វាន​យាន​យុង​ជី​ រត់​សំដៅ​ទៅ​ទិស​និរតី​វិញ។

​​​
វគ្គ​ទី​ ៧
វីរបុរស​ពីរ​រូប​ប្រកួត​គ្នា​បាញ់​ព្រួញ​

ពល​សេនា​​ជិនកួក​ ក៏​ដណ្ដើម​គ្នា​រត់​យក​តែ​ប្រាស​អាយុ​រៀង​ៗ​ខ្លួន​។
មុន​ដំបូង តួនធាតឹក​​នៅ​អម​ជាប់​នឹង​នាង​លី​ផែង​ តែ​​នៅ​ពេល​ដែល​ពល​សេនា​បរាជ័យ​ ចូល​សម្រុក​មក​ដូច​ជា​ទឹក​រលក​នោះ​ ពួក​ខាង​ជិន​កួក​​ក៏​ផ្អើល​ឈូឆរ​ប្រសេចប្រសាច​ ហើយ​តួន​ធាតឹក​ក៏​វង្វេង​បាត់​ទៅ។
នាង​លី​ផែង​ឆ្លៀត​ឱកាស​ច្របូក​ច្របល់​នេះ​ ក៏​ញាក់​បំបែរ​សេះ​ទៅ​តាម​ទ័ព​ម៉ុងហ្គោលី​ដែល​ឈ្នះ​គេ​នោះ។ គេ​ទាំង​ឡាយ​គ្រាន់​តែ​យក​ភ្នែក​សម្លឹង​នាង​ដោយ​ពុំ​មាន​នរណា​ព្យាបាទ​នាង​ទេ។

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១១)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ