ព្រឹកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​បដិសណ្ឋារកិច្ច​ផ្លូវការ​ជូន​នាយក​រដ្ឋមន្ត្រី​ឡាវ

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក ​ថ្ងៃ​ទី​២៧ មិថុនា ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នឹង​ទទួល​បដិសណ្ឋារកិច្ច​ផ្លូវការ​ជូន​លោក ថង​លូន ស៊ី​សូលី​ត (Thongloun Sisoulith ) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ​តាម​ការ​អញ្ជើញ​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី​ឡាវ នឹង​ចូល​បង្គំ​គាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​នៅ​ក្នុង​ព្រះ​បរមរាជវាំង និង​ជួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ឋ​សភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធាន​រដ្ឋ​សភា និង​ជួប​ចរចា​ផ្លូវការ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ។

សេចក្តី​ជូន​ព័ត៌មាន​ដដែល ដំណើរ​ទស្សនកិច្ច​នេះ ​គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​ដែល​មាន​ស្រាប់ ទំនាក់​ទំនង​​អ្នក​ជិតខាង​ល្អ និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ ៕