ក្រោយ​ Brexit អង់គ្លេស​ធ្លាក់​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយផ្ទៃក្នុង

អង់គ្លេសកំពុងស្ថិតក្នុងសម្ពាធជាងពេលណាៗទាំងអស់ ! ក្រោយលទ្ធផលឆ្នោតប្រជាមតិ ដែលបានរុញច្រានឱ្យនាយករដ្ឋមន្ត្រីប្រកាសលាលែងចេញពីតំណែងមក វិបត្តិនយោបាយបានរាលដាលដល់ការហែកហួរក្នុងផ្ទៃបក្ស។ ឯចំណែកខាងស្តុកឡែនដ៍ បានចេញមុខសំឡុតក្រុងឡុងដ៍ចំៗ ថានឹងធ្វើគ្រប់យ៉ាងការពារស្កុតឡែនដ៍ក្នុងសហភាពអឺរ៉ុប។

មិនខុសពីពាក្យចាស់លោកថា ឈ្នះមុខខ្លាញ់ចាញ់មុខស្វា ទេ ! នៅអង់គ្លេស ក្រោយលទ្ធផលប្រជាមតិ គណបក្សពលករអង់គ្លេសដែលជាអ្នកការពារសមាជិកភាពអង់គ្លេសក្នុងអឺរ៉ុប កំពុងហែកហួរគ្នាយ៉ាងខ្លាំង។ ថ្នាក់ដឹកនាំសំខាន់ៗចំនួនបីរូបបានប្រកាសលាលែងចេញពីតំណែង មនុស្សជំនិតរបស់ប្រធានត្រូវបានដកហូតចេញតួនាទី សមាជិកសភាបក្សពលករជាច្រើន បាននិងកំពុងរៀបចំធ្វើញត្តិដកទំនុកចិត្តចេញពីប្រធានបក្ស ដោយយល់ថាមេដឹកនាំរូបនេះអសមត្ថភាព មិនបានបំពេញការងារឃោសនាគ្រប់គ្រាន់ការពារអង់គ្លេសឱ្យស្ថិតនៅក្នុងសហភាពអឺរ៉ុប។
ចំណែកខាងស្កុតឡែនដ៍ លោកស្រីនាយករដ្ឋមន្ត្រីបានចេញមុខព្រមានដោយត្រង់ៗនៅថ្ងៃអាទិត្យនេះ ថានឹងធ្វើប្រើសិទ្ធិវេតូប្រឆាំងនៅក្នុងសភា ខ្ទាស់មិនឱ្យមានកិច្ចព្រមព្រៀងអង់គ្លេសដើរចេញពីអឺរ៉ុបទេ។ ប៉ុន្តែក្នុងករណីប្រឆាំងមិនបានសម្រេច ស្កុតឡែនដ៍នឹងធ្វើប្រជាមតិសុំចាកចេញពីអង់គ្លេស។ លោកស្រីប្រមុខរដ្ឋាភិបាលបានសន្យាថានឹងធ្វើគ្រប់យ៉ាងដើម្បីការពារប្រយោជន៍តំបន់ស្កុតឡែនដ៍។

ពលរដ្ឋស្កុតឡែនដល់ទៅ ៦២% បានបោះឆ្នោតគាំទ្រប្រទេសក្នុងសហភាពអឺរ៉ុប។ ហើយបើតាមការលទ្ធផលនៃការស្ទង់មតិចំនួនពីរចេញផ្សាយនៅថ្ងៃនេះ បញ្ជាក់ថាពលរដ្ឋនៅតំបន់ស្កុតឡែនដ៍នឹងបោះឆ្នោតសុំឯករាជ្យ ប្រសិនបើមានប្រជាមតិ។

សូមបញ្ជាក់ថាពេលនេះ អង់គ្លេសស្ថិតក្នុងសម្ពាធជាងពេលណាៗទាំងអស់ ក្រៅអំពីត្រូវរងវិបត្តិនយោបាយផ្ទៃក្នុង ចំនួនញត្តិលើវិបសៃត៍សភាសុំធ្វើប្រជាមតិជាថ្មីបានឡើងដល់ជាងបីលាននាក់ ចំណែកស្ថាប័នធំៗរបស់អឺរ៉ុបទាំងអស់កំពុងដាក់សម្ពាធលើរដ្ឋាភិបាលក្រុងឡុងដ៍ដោយចាប់ភ្លាមដំណើរការចរចាចេញពីអឺរ៉ុប។ ប្រធានសភាអឺរ៉ុបបានថែមទាំងព្រលយពាក្យឱ្យរដ្ឋាភិបាលអង់គ្លេសប្រកាសសុំចេញជាផ្លូវការដោយផ្ទាល់មាត់ នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាអឺរ៉ុបស្អែកនេះ ប្រសិនបើមិនចង់សរសេរសំបុត្រជាលាយលក្ខណ៍អក្សរ។ ការសម្រេចចិត្តលឿន ដើម្បីកុំឱ្យមានមន្ទិលសង្ស័យច្រើន ដែលជាបុព្វហេតុបង្កអស្ថិរភាព និងវិបត្តិការងារ៕

ប្រភពៈ RFI