លោក​ ហ៊ុន សែន៖ បើ​CPP ​ចាញ់​អស់​សាសនា​យេស៊ូគ្រឹស្ទ​ហើយ

លោក ហ៊ុន សែន ព្រមានជាថ្មីម្តងទៀតអំពីបដិវត្តន៍ពណ៌។ លោកថ្លែងថាបដិវត្តន៍នេះ គឺជាការចង់បានរបស់ក្រុមអ្នកនយោបាយដែលមិនពេញចិត្តនឹងរដ្ឋាភិបាលរបស់លោក។

ភ្នំពេញ — នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានព្រមានពីការបាត់បង់សិទ្ធិសេរីភាពនៃការគោរពប្រណិបត្តិសាសនា ប្រសិនបើរដ្ឋាភិបាលលោកត្រូវដួលរលំដោយការធ្វើបដិវត្តន៍ពណ៌។ លោកថ្លែងថាបដិវត្តន៍នេះ គឺជាការចង់បានរបស់ក្រុមអ្នកនយោបាយដែលមិនពេញចិត្តនឹងរដ្ឋាភិបាលរបស់លោក។

ការថ្លែងព្រមានរបស់លោកនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ កើតមានឡើង កាលពីល្ងាចថ្ងៃសុក្រ នៅក្នុង ពិធីជួបសំណេះសំណាលសួរសុខទុក្ខ គ្រឹស្ទបរិស័ទខ្មែរ រៀបចំឡើងនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រក្នុងរាជធានីភ្នំពេញ។ លោក ហ៊ុន សែន បានហៅ នាយករដ្ឋមន្ត្រីថ្មី ដែលគ្រាន់តែជាឧទាហរណ៍មិនមែនជានាយករដ្ឋមន្ត្រីពិតដូចខ្លួនលោកនោះថា នឹងមិនផ្តល់សិទ្ធិពេញលេញដល់ការគោរពប្រណិបត្តិសាសនានោះទេ។

«នេះគឺនាយករដ្ឋមន្ត្រីពិត! ហ៊ុន សែន ក្តិចមើល ឈឺអ្ហ៎ាស! ប៉ុន្តែមាន នាយករដ្ឋមន្ត្រីឧទាហរណ៍ ស្រាប់ហើយ ហើយនាយករដ្ឋមន្ត្រីឧទាហរណ៍ហ្នឹង ជួនកាលណ៎ា គគ្រើតធ្មេញ ថាចាំតែអញឡើងពិតប្រាកដ អញនឹងដាក់អាយេស៊ូគ្រឹស្ទហ្នឹង ឲ្យវាទៅហ្មង កុំឲ្យមានស្រុកខ្មែរ»។

លោកនាយករដ្ឋមន្ត្រី បានបន្តថា ប្រសិនបើរដ្ឋាភិបាលដែលដឹកនាំដោយរូបលោក នៅបន្តគ្រប់គ្រងប្រទេស លោកបើកឲ្យមានទីកន្លែងគោរពបូជាសាសនាយ៉ាងទូលំទូលាយ។

«ជួនកាលអីចឹងដែរ ប៉ុន្តែនៅពេលដែលហ៊ុន សែន នៅ ហ៊ុន សែន ឲ្យធ្វើគ្រប់ទីកន្លែង ហើយថ្ងៃនេះ ហ៊ុន សែន និងប្រពន្ធមកជួប ឥឡូវចង់បានអារបស់ពិតដែលមានក្នុងដៃ ឬចង់បានរបស់ដែលគេសន្យាមិនច្បាស់»។

នៅមុនការអធិប្បាយអំពីនាយករដ្ឋមន្ត្រីឧទាហរណ៍នោះ លោកហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង៣០ ឆ្នាំ បានរំឭកដល់ការដួលរំលំរដ្ឋាភិបាលនៅក្នុងមជ្ឈឹមបូព៌ាប្រទេស និងប្រទេសស្ថិតក្នុងតំបន់អឺរ៉ុបខាងកើតដែលលោកអះអាងថាកើតចេញពីបដិវត្តន៍ពណ៌ និងបានបង្កឲ្យមានការស្លាប់ ការចំណាកស្រុកនិងការបាត់បង់ទឹកដី។

លោកបានបញ្ជាក់ថា មានអ្នកនយោបាយមួយចំនួននៅក្នុងប្រទេសកម្ពុជា ចង់ត្រាប់តាមបដិវត្តន៍ពណ៌ដែលបានផ្ទុះឡើងនៅក្នុងប្រទេសទាំងនោះ តែក្រោយពេលសង្កេតឃើញថា មានការខាតបង់ធ្ងន់ធ្ងរទាំងជីវិតមនុស្ស និងការភៀសខ្លួនរបស់ប្រជាជនចេញពីប្រទេស អ្នកនយោបាយទាំងនោះ ក៏សម្ងំស្ងៀម មិនហ៊ាននិយាយពីបដិវត្តន៍នេះទៀតទេ។

ទោះជាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានសំដៅចំឈ្មោះក្រុមអ្នកនយោបាយដែលចង់ធ្វើបដិវត្តន៍ពណ៌យ៉ាងណាក្តី ក៏ក្រុមអ្នកនយោបាយនោះ ត្រូវគេដឹងថា ទំនងជាមកពីគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលពេលនេះកំពុងនិរទេសខ្លួននៅក្រៅប្រទេស ត្រូវបានសារព័ត៌មានក្នុងស្រុកមួយរាយការណ៍ កាលពីខែកុម្ភៈ ឆ្នាំ ២០១៤ថា លោក បានប្រាប់ក្រុមអ្នកគំាទ្ររបស់លោកនៅឯខេត្តកណ្តាលថា ប្រទេសកម្ពុជា នឹងរួចពីការដឹកនាំបែបផ្តាច់ការ ដូចអ្វីដែលប្រជារាស្ត្រក្នុងប្រទេសអ៊ុយក្រែនទទួលបាន។

យ៉ាងណាក៏ដោយ នៅគ្រានោះ លោក សម រង្ស៊ី មិនបាននិយាយចំៗថា គណបក្សប្រឆាំងរបស់លោកនឹងផ្តួចផ្តើមការធ្វើបដិវត្តន៍នោះទេ។ លោកគ្រាន់តែប្រកាសពីកំណើននៃអ្នកចូលរួមចលនាបាតុកម្មប៉ុណ្ណោះ។

ការប្រកាសពីការផ្លាស់ប្តូរមេដឹកនាំនៅ ប្រទេសអ៊ុយក្រែន របស់លោក សម រង្ស៊ី កើតមានឡើង នៅចំពេលដែលតំណាងរាស្រ្ត៥៥រូបនៃគណបក្សប្រឆាំងបដិសេធមិនចូលកាន់កាប់កៅអីសភារបស់ខ្លួន ក្រោយការបោះឆ្នោត២០១៣ ដែលក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងយល់ថា មានការគៃបន្លំ និងមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ។

ក្រោយពេលដែលអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងសម្រេចចូលកាន់កាប់កៅអីសភា មេដឹកនាំគណបក្សប្រឆាំង បានប្រកាសថា ខ្លួនមិនចង់ឃើញការផ្លាស់ប្តូរអ្នកដឹកនាំតាមបដិវត្តន៍នោះទេ តែតាមការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ VOA ពុំទាន់អាចទាក់ទងអ្នកនាំពាក្យគណបក្សប្រឆាំងបានទេ កាលពីថ្ងៃសៅរិ៍កន្លងទៅនេះ។

ប្រទេសអ៊ុយក្រែន គឺជាប្រទេសស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងកើត។ ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovich ត្រូវបានផ្តួលរំលំដោយកម្លាំងរបស់មហាជននៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤។ លោកបានធ្វើឲ្យមហាជនក្នុងប្រទេសអ៊ុយក្រែនដែលមានទំនោរគាំទ្រសហភាពអឺរ៉ុបខឹងសម្បារ បន្ទាប់ពីលោកបាន ច្រានចោលការចងសម្ព័ន្ធភាពធ្វើពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ខណៈដែលប្រទេសនេះជួបនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ប្រធានាធិបតីរូបនេះ ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយ។ លោកក៏មានសម្ព័ន្ធភាពស្និទ្ធស្នាលជាមួយក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តមផងដែរ។

លោក កែម ឡី អ្នកវិភាគសង្គម បានប្រាប់ VOA កាលពីថ្ងៃសៅរិ៍ថា មិនអាចមានគណបក្សណា ឬក៏គណបក្សប្រឆាំង និងបុគ្គលណា អាចគៀងគរឲ្យប្រជារាស្ត្រមកធ្វើបដិវត្តន៍បានឡើយ លើកលែងតែ ប្រជារាស្ត្រខ្លួនឯងជាអ្នកធ្វើ។

លោកពន្យល់ថា រដ្ឋាភិបាល ត្រូវផ្តោតលើជីវភាពរស់នៅរបស់រាស្រ្តខ្មែរ បញ្ហាអត់ការងារធ្វើប្រសិនបើថៃ ឬក៏ម៉ាឡេស៊ី បញ្ជូនកម្មករខ្មែររាប់លាននាក់មកកាន់ប្រទេសវិញ និងប្រព័ន្ធតុលាការ ដែលមិនអាចផ្តល់យុត្តិធម៌ពេញលេញដល់រាស្ត្រខ្មែរបាននៅឡើយនោះ។

«ឧទាហរណ៍ថា ថៃ ឬក៏ម៉ាឡេ មានបញ្ហារឿងអាស៊ានអី គេបញ្ជូនពលករមករាប់លាននាក់ អត់ការងារធ្វើ អាហ្នឹងវាកើតឡើងហើយ។ អីចឹងៗ ដំណោះស្រាយ វាត្រូវដោះស្រាយរឿងការងារ ហើយតុលាការគ្រប់ខេត្តក្រុង ដែលបង្កើតឲ្យមាន។ បើសិនជា យើងមិនផ្តល់យុត្តិធម៌ពេញលេញទៅដល់ពលរដ្ឋគឺនឹងកើតឡើង អាហ្នឹងបានយើង យើងៗភ័យ ហើយយើងត្រូវតែដោះស្រាយបញ្ហាអស់ហ្នឹង»។

ការរង្គោះរង្គើប្រព័ន្ធដឹកនាំមិនមែនកើតមានតែនៅក្នុងប្រទេសអារ៉ាប់ស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា និងតំបន់អឺរ៉ុបខាងកើតនោះទេ តែវាថែមទាំងបានរាលដាលដល់តំបន់អាហ្វ្រិកផងដែរ។ ការរង្គោះរង្គើនេះ គឺផ្តើមចេញពីរោគសញ្ញានៃវិបត្តិសង្គមនិងនយោបាយធំៗ រួមមានជម្លោះសាសនា ការរីករាលដាលនៃភាពក្រីក្រ អំពើពុករលួយ គម្លាតទ្រព្យសម្បត្តិ ការប្រមូលផ្តុំអំណាចនៅលើតែថ្នាក់កណ្តាលរបស់រដ្ឋាភិបាល ការធ្លាក់ចុះដុនដាបនៃសេដ្ឋកិច្ច ការរំលោភសិទ្ធិធ្ងន់ធ្ងរ ហើយនឹងការសិ្ថតនៅក្នុងអំណាចយូរហួសហេតុរបស់មេដឹកនាំប្រទេស។ នេះបើតាមការពន្យល់ពីក្រុមអ្នកវិភាគ៕

ប្រភពៈ VOA