លោក​ ខឹម វាសនា៖ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រលំរលាយ

ភ្នំពេញ — មេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP ) លោក ខឹម វាសនា បានថ្លែងកាលពីថ្ងៃអាទិត្យទី ២៦ ខែមិថុនានេះថា ប្រទេសកម្ពុជា មិនបានជួបវិបត្តិនយោបាយនោះទេ គឺមានតែបញ្ហាបុគ្គលរបស់អ្នកនយោបាយនៃគណបក្សប្រឆាំងប៉ុណ្ណោះ។

ការថ្លែងរបស់លោក ខឹម វាសនា កើតមានឡើង នៅក្នុងពេលដែលគណបក្សរបស់លោក ប្រារព្ធពិធីរំឭកខួប ១០ឆ្នាំ នៃការបង្កើតគណបក្ស រៀបចំឡើងនៅទីស្នាក់កណ្ដាលបក្សស្ថិតក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។

ឆ្លើយទៅនឹងសំណួររបស់ VOA អំពីវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជា លោក ខឹម វាសនាបាននិយាយដោយផ្ដើមពីរឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខា យ៉ាងដូច្នេះថា៖

«សំណួរលោកសួរថា តើខ្ញុំមើលឃើញសព្វថ្ងៃជាវិបត្តិនយោបាយសព្វថ្ងៃ ខ្ញុំថាអត់វិបត្តិនយោបាយទេ គឺវិបត្តិរបស់គណបក្សសង្គ្រោះជាតិ ក្រឡានៅក្រោមគេ។ ទាល់តែយើងព្រមទទួលស្គាល់ថា វិបត្តិរបស់គណបក្សយើងទេ ជួយយើងផង អាហ្នឹងបានទៅរួច។ វាត្រូវផ្ដើមចេញពីការទទួលស្គាល់ ស្ថានភាពជាក់ស្ដែងរបស់ខ្លួនសិន បានវាអាចដោះស្រាយរឿងអីទាំងអស់»។

លោកបន្តថា គណបក្សសង្គ្រោះជាតិ នឹងរលាយសូន្យដោយការធ្លាក់ចុះសំឡេងនៅអាណត្តិក្រោយ ឬក៏អ្នកគ្រាំទ្រមើលឃើញពីចំណុចខ្សោយរបស់គណបក្សប្រឆាំង ឬមួយគណបក្សកាន់អំណាច មិនទុកឲ្យគណបក្សប្រឆាំងមួយនេះ បានស្ថិតស្ថេរយូរអង្វែងនោះ។

«តែអាណត្តិក្រោយ វាចុះខ្លះហើយ។ អាណត្តិក្រោយទៀត រុះរោមហើយ ដូចហ៊្វុនស៊ីនប៉ិច អញ្ចឹង។ អាហ្នឹងងាប់ទីមួយ។ ឬមួយអ្នកគាំទ្រមើលឃើញ លែងគាំទ្រ វាងាប់។ ឬមួយគណបក្សប្រជាជនគេមើលឃើញ គេថាទុកមិនកើត ពីព្រោះអី ពីព្រោះទុកទៅវាចង្រៃប្រទេស ហើយអ្នកឯងបានធ្វើខុសមែន»។

VOA មិនអាចទាក់ទងលោក យឹម សុវណ្ណ និង លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានទេកាលពីថ្ងៃអាទិត្យ។ រីឯ លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សូមមិនធ្វើការអធិប្បាយ។ លោកបញ្ជាក់ថា លោក មិនចាប់អារម្មណ៍នឹងការថ្លែងរបស់លោក ខឹម វាសនានោះទេ។

«ខ្ញុំមិនសូវយកចិត្តទុកដាក់ស្ដាប់ភាសាគាត់ផង»។

លោក​ ខឹម វាសនា៖ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រលំរលាយ

ក្នុងរយៈពេល១០ឆ្នាំ នៃការចូលរួមក្នុងវិស័យនយោបាយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនទាន់អាចរកបានកៅអីនៅក្នុងសភានោះឡើយ។ ប៉ុន្តែ លោក ខឹម វាសនា តែងតែនិយាយថា គណបក្សលោក ចង់ឲ្យអ្នកបោះឆ្នោត យល់ពីយុទ្ធសាស្ត្ររបស់គណបក្សលោកជាមុនសិន។

ចំណុចបីយ៉ាង ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅជាពាក្យកាត់ថា «LDP» បានធ្វើក្នុងសកម្មភាពនយោបាយរបស់ខ្លួន និងដែលបានចែកជូនអ្នកសារព័ត៌មាននោះ រួមមាន ទី១ បង្កើតធនធានមនុស្ស ដែលមានបេះដូងលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រទេសជាតិ និងអ្នកដទៃ ទី២ ជាពលរដ្ឋគំរូនៅក្នុងសង្គមប្រកបទៅដោយសីលធម៌ សុជីវធម៌យ៉ាងខ្ជាប់ខ្ជួននិង ទី៣ជា ពលរដ្ឋស្អប់អំពើអាក្រក់ ហើយតាមកម្ចាត់អំពើអាក្រក់ទាំងឡាយនៅក្នុងសង្គម។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់ VOA ថាគណបក្សប្រជាជនកម្ពុជា មិនមានបំណងវាយបំបាក់គណបក្សនយោបាយណាមួយ ឬគណបក្សប្រឆាំងដែលជាគូប្រជែងរបស់ខ្លួននោះទេ ហើយថា ការលើកឡើងរបស់លោក ខឹម វាសនា គឺជាមតិរិះគន់របស់អ្នកនយោបាយរូបនេះតែប៉ុណ្ណោះ។

លោកបញ្ជាក់បន្ថែមថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏មិនមែនជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជានោះដែរ។

នៅក្នុងពិធីរំឭកខួប១០ឆ្នាំ នៃការបង្កើតគណបក្សរបស់លោកដដែលនោះ លោក ខឹម វាសនា បានប្រាប់ក្រុមអ្នកសារព័ត៌មាន និងអ្នកគាំទ្រគណបក្សលោកថា ក្រុមអ្នកគាំទ្រលោក បានរៃអង្គាសប្រាក់ទិញរថយន្តមួយគ្រឿងតម្លៃ ៤៨៩០០ដុល្លារ ជូនរូបលោក។

លោកថា រថយន្តនេះ ជាអំណោយកើតចេញពីទឹកចិត្តស្រលាញ់នៃអ្នកគាំទ្ររូបលោក៕

ប្រភពៈ VOA