សហគមន៍​បឹងកក់​ថា​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស

ក្រុមសហគមន៍ដែលមានវិវាទដីធ្លីនៅក្នុងរាជធានីភ្នំពេញមួយចំនួន រួមមានសហគមន៍បឹងកក់ ជាដើម ប្រកាសជំហរថា ពួកគេនៅតែបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ បើទោះជាមានបម្រាមពីអាជ្ញាធរក្ដី។

តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ព្រមានថា ប្រសិនបើមន្ត្រីសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) ៤នាក់ និងអគ្គលេខាធិការរងនៃ គ.ជ.ប លោក នី ចរិយា នៅតែពុំទាន់មាន ដំណោះស្រាយឲ្យនៅក្រៅឃុំទេ យុទ្ធនាការដើម្បីទាមទារឲ្យដោះលែងនេះ នឹងនៅតែបន្តធ្វើរហូត។

សមត្ថកិច្ចតែងចាប់ខ្លួនអ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះជាហូរហែ ប៉ុន្តែក្រោយអប់រំរួច ពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ក៏បានអំពាវនាវឲ្យមជ្ឈដ្ឋានទូទៅ ជួយចូលរួមធ្វើយុទ្ធនាការដែរ ក្នុងបំណងដើម្បីជំរុញឲ្យមានយុត្តិធម៌សង្គម៕

ប្រភពៈ RFA