មក​ប្តឹង​ប៉ូលិស​ឱ្យ​ជួយ​ចាប់​ប្តី​ហេងស៊យ លួច​យក​កូន​តូច​ទៅ​បាត់

មក​ប្តឹង​ប៉ូលិស​ឱ្យ​ជួយ​ចាប់​ប្តី​ហេងស៊យ លួច​យក​កូន​តូច​ទៅ​បាត់



រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​មាន​ទឹកមុខ​ស្រងូតស្រងាត់ បាន​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ដើម្បី​ឱ្យ​ជួយ​រក​កូនប្រុស​អាយុប្រមាណ​ជិត​២​ខួប ដោយ​ចោទ​ថា ប្តី​ហេងស៊យ​របស់​ខ្លួន ដែល​មាន​ស្រី​ថ្មី​ជា​អ្នក​លួច​យក​ទៅ ។​

ស្ត្រី​ដែល​បាត់​កូន​នេះ​ឈ្មោះ សេង ទឹកថ្លា អាយុ​២០​ឆ្នាំ ជា​ចុងភៅ​នៅ​អង្គការ​ភាព​ញញឹម​នៃ​កុមារ ស្នាក់​នៅ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​ប្តី​ដែល​យក​កូន​ទៅ​បាត់​នោះ​ឈ្មោះ កង មក​រា អាយុ​២៣​ឆាំ្ន ។

តាម​ស្ត្រី​ឈ្មោះ សេង ទឹកថ្លា បានឱ្យ​ដឹង​ថា នាង​បាន​ស្រឡាញ់​និង​រស់នៅ​ជាមួយ​ឈ្មោះ កង មក​រា ជា​ប្តី​ប្រពន្ធ​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ដោយ​មិន​បាន​រៀប​ការ​នោះ​ទេ ដោយ​នាង​បាន​ទៅ​រស់នៅ​ជាមួយ​ម្តាយក្មេក​នៅ​ឯ​ខេត្តតាកែវ ។ ការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ មុន​ដំបូង​ប្តី​ស្រឡាញ់​ថ្នាក់ថ្នម ហើយ​ម្តាយក្មេក​ក៏​បាន​ពេញចិត្ត​ដែរ ព្រោះ​នាង​មាន​លុយ ។

ស្ត្រី​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​នាង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ ប្តី​របស់​នាង​បាន​ទៅ​លួច​មាន​ស្រី ហើយ​នាំ​មក​បញ្ឈឺ​នាង​នៅផ្ទះ​ទៀត ។ ចំណែក​ម្តាយក្មេក​វិញ ក៏​បំបែកបំបាក់​និង​មិន​ពេញចិត្ត ធ្វើ​ឱ្យ​នាង​រស់នៅ​ប្រឈម​នឹង​ការ​ឈឺចាប់ ដោយសារ​ម្តាយក្មេក​មិន​ពេញចិត្ត ណាមួយ​ប្តី​ទៅ​មាន​ស្រី ។ ដោយ​ពុំ​អាច​ទ្រាំ​នឹង​ការ​ឈឺចាប់​មាន​តែ​ទឹកភ្នែក​រាល់ថ្ងៃ នាង​ក៏​ចាក​ចេញពីផ្ទះ ទាំង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ មក​រស់នៅ​លំបាក​វេទនា​នៅ​ភ្នំពេញ និង​មានកូន​ប្រុស​ម្នាក់​អាយុ​១​ឆ្នាំ ៩​ខែ ។

ស្ត្រី​មាន​វិបត្តិ​រូប​នោះ​បានឱ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​២៥ មិថុនា នៅ​ពេល​ដែល​នាង​បាន​ទៅ​ធ្វើការ​ជា​អ្នក​រត់​តុ​ឱ្យ​គេ​នៅ​ម្តុំ​វត្ត​ភ្នំ ស្រាប់តែ​ប្តី​ដែល​បោះបង់​នាង​និង​កូន​ចោល​ទៅ​មាន​ស្រី​ថ្មី​នោះ មក​យក​កូនប្រុស​របស់​នាង ដោយ​ភូត​កុហក​ប្អូនស្រី​នាង​ថា នាង​ឱ្យមក​យក​កូន ។

ស្ត្រី​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កូន​ត្រូវ​ប្តី​យក​ទៅ នាង​បាន​ទូរស័ព្ទ​ចូល​ហើយ​ត្រូវ​ប្តី​គំរាម​ថា បើ​ទៅ​តាម​យក​កូន គេ​នឹង​វាយ​ធ្វើបាប​ព្រមទាំង​ប្រាប់​ថា កូន​នោះ​ត្រូវ​បាន​គេ​យក​ទៅ​លក់​បាត់​ហើយ ទើប​នាង​ធ្វើ​ដំណើរ​មក​ប្តឹង​នគរបាល​ដើម្បី​ឱ្យ​ជួយរ​កកូន​មក​វិញ​ផង ។

នៅ​ព្រឹក​នោះ នគរបាល​ក៏​បាន​ទាក់ទង​ទៅ​បុរស​ជា​ប្តី​ឱ្យ​យក​កូន​មក​វិញ ។ ទោះបីជា​យ៉ាងណា អ្នក​យក​ព័ត៌មាន​ពុំ​ទទួល​ការ​បំភ្លឺ​ណាមួយ​ពី​បុរស​ដែល​ជា​ឪពុក​ក្មេង​នោះ​ឡើយ ។ 

ទោះបីជា​បែប​ណា បុរស​ដែល​ស្រឡាញ់​កូន មិន​គួរ​ពង្រាត់​ចេញពី​ទ្រូង​ម្ដាយ​នៅ​ពេល​មាន​អាយុ​ក្មេងខ្ចី​បែប​នេះ​ឡើយ ។ បើ​ស្រឡាញ់​កូន គប្បី​ឧបត្ថម្ភ​ជា​ថវិកា ទៅ​តាម​លទ្ធភាព​របស់​ខ្លួន​វិញ​ប្រសើរ​ជាង ៕