ស្ត្រី​ជាប់ចោទ​ប្រមាថ​សម្តេច​តេ​ជោ​តាម​ហ្វេ​ស​ប៊ុ​ក ផ្ដល់​ចម្លើយ​ផ្សេង​ៗ​គ្នា

ស្ត្រី​ជាប់ចោទ​ប្រមាថ​សម្តេច​តេ​ជោ​តាម​ហ្វេ​ស​ប៊ុ​ក ផ្ដល់​ចម្លើយ​ផ្សេង​ៗ​គ្នា



ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពី​បទ​«​ជេរ​ប្រមាថ​សម្ដេច​តេ​ជោ ហ៊ុន សែន​» យ៉ាង​ចាស់ដៃ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​លោក​ចៅក្រម​បាន​បញ្ចប់​ការ​សាកសួរ​នា​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ។ នេះ​បើ​តាម​ការ​ផ្ដល់​ដំណឹង​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ប៉ុន្តែ​ការ​នៅ​ក្រៅ​ឃុំ​នេះ គឺ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ជា​ប្រចាំ​ផង​ដែរ ។

ស្ត្រី​ឈ្មោះ ប៉ា​ង ស៊ី​ណា អាយុ​៣៥​ឆ្នាំ មានមុខរ​បរជា​«​ចុងភៅ​ម្ហូប​ការ​» រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំ​រៀង បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា ស្ត្រី​រូប​នេះ​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន​ជេរ​ប្រមាថ «​សម្ដេច​តេ​ជោ ហ៊ុន សែន​» ដែល​ជា​ការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​បំផុត​និង​មិន​អាច​អត់ឱន​ឱ្យ​បាន ។ ស្ត្រី​រូប​នេះ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី ។

យោង​តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ ប៉ា​ង ស៊ី​ណា គឺជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ស៊ី​ណា នាគ​មាស​» ហើយ​បាន​សរសេរ​ខ្លឹមសារ​ជេរ​ប្រមាថ​«​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​» ដោយ​ប្រើ​ពាក្យ​ធ្ងន់​ៗ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃ​៣០ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦​។ ប៉ុន្តែ​ស្ត្រី​រូប​នេះ​បាន​បដិសេធ​ថា ខ្លួន​មិនមែន​ជា​អ្នក​សរសេរ​ខ្លឹមសារ​ជេរ​ប្រមាថ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​នោះ​ទេ តែ​អាច​អ្នក​ផ្សេង​ជា​អ្នក​ប្រព្រឹត្ត​រឿង​នេះ ព្រោះ​ទូរស័ព្ទ​របស់​ខ្លួន​បាន​ជ្រុះ​បាត់​តាំងពី​មុន​រឿង​នេះ​កើតឡើង ហើយ​ខ្លួន​មិន​បាន​បិទ​អា​ខោ​ន​ក្នុង​បណ្តាញ​សង្គម​នោះ​ទេ ។

ស្ត្រី​ដែល​ជា​ម្ចាស់​អា​ខោ​ន​«​ស៊ី​ណា នាគ​មាស​» បាន​ឆ្លើយ​នៅ​ក្នុង​កំណត់ហេតុ​របស់​សមត្ថកិច្ច​ថា ទូរស័ព្ទ​ប្រភេទ​«​ស្មា​ត​ហ្វូ​ន​»​របស់​ខ្លួន​បាន​ជ្រុះ​បាត់​កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ដែល​អាច​ជ្រុះ​នៅ​ចន្លោះ​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​កាន់​ផ្សា​រកំ​រៀង ។ ស្ត្រី​រូប​នេះ​បន្ត​ថា ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​បាត់​ទូរស័ព្ទ ខ្លួន​បាន​យក​ទូរស័ព្ទ​ស្វាមី​មក​បើក​មើល​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ស្រាប់តែ​ឃើញ​មាន​គេ​យក​អា​ខោ​ន​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

លុះ​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ខ្លួន​ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ត្រាង ស្រុក​កំ​រៀង ដើម្បី​ឱ្យ​សមត្ថកិច្ច​ជ្រាប​ពី​បញ្ហា​នេះ ។ ស្ត្រី​ឈ្មោះ ប៉ា​ង ស៊ី​ណា បញ្ជាក់​ថា បើ​ទោះជា​ខ្លួន​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ហើយ​ក្ដី តែ​អា​ខោ​ន​របស់​ខ្លួន​នៅ​តែ​ត្រូវ​គេ​យក​ទៅ​ប្រើប្រាស់ ថែម​ទាំង​សរសេរ​ខ្លឹមសារ​ជេរ​ប្រមាថ «​សម្ដេច​តេ​ជោ ហ៊ុន​សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​» បង្ហោះ​ជា​បន្តបន្ទាប់​។ នេះ​ជា​ចម្លើយ​ដែល​ស្ត្រី​រូប​នេះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​នៅ​ពេល​ត្រូវ​ឃាត់ខ្លួន ។

ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ពេល​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ដល់​សាលាដំបូង​ខេត្ត ស្ត្រី​ឈ្មោះ ប៉ា​ង ស៊ី​ណា បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​បែប​លាក់លៀម​នៅ​ខាងក្រៅ​បន្ទប់​តំណាង​អយ្យកា​រថា «​តាម​ពិត​ទូរស័ព្ទ​ហ្នឹង​មិនមែន​ជ្រុះ​បាត់​ទេ គឺ​ខ្ញុំ​យក​ទៅ​បញ្ចាំ​គេ​នៅ​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន ក្នុង​តម្លៃ​៥.០០០​បាត តែ​ខ្ញុំ​បាន​ទៅ​ប្ដឹង និង​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា​ជ្រុះ​បាត់ ដើម្បី​កុំ​ឲ្យ​ប្ដី​ដឹង​» ។ ស្ត្រី​រូប​នេះ​ថែម​ទាំង​បាន​បង្ហើប​ប្រាប់​ឈ្មោះ និង​លេខ​ទូរស័ព្ទ​អ្នក​ទទួល​បញ្ចាំ​ទៀត​ផង និង​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ជួយ​សរសេរ​លាក់លៀម​អំពី​រឿង​នេះ ។ នៅ​ពេល​សួរ​ថា តើ​ការ​យក​ទូរស័ព្ទ​ទៅ​បញ្ចាំ​នោះ​យក​ប្រាក់​ទៅ​លេងល្បែង​មែន​ទេ ? ស្ត្រី​រូប​នេះ​ហាក់​មានការ​រារែក តែ​បាន​ឆ្លើយ​ទាំង​ឈ្ងោក​មុខ​ថា «​លេង​តិចតួច​ដែរ​..» ។

ជុំវិញ​ការ​ផ្ដល់​ចម្លើយ​ហាក់​មិន​ជាក់លាក់​ដល់​សមត្ថកិច្ច​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​ស្ត្រី​រូប​នេះ​ធ្វើ​ក្នុង​គោលបំណង​អ្វី​នោះ​ទេ ខណៈ​សំណុំរឿង​មាន​ទំហំ​ធំ​ស្ទើរ​ប៉ុន​ភ្នំ​បែប​នេះ ។ ប៉ុន្តែ​បើ​តាម​សម្ដី​ស្ត្រី​រូប​នេះ​ដែល​បំភ្លឺ​ពី​ដំបូង គឺ​ទំនង​ចង់​លាក់លៀម​កុំ​ឲ្យ​ប្ដី​ដឹង​ថា ខ្លួន​យក​ទូរស័ព្ទ​នោះ​ទៅ​បញ្ចាំ ។ បើ​តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ដែល​គេ​ធ្លាប់​ស្គាល់​ស្ត្រី​រូប​នេះ​បាន​ដាក់​ការ​សង្ស័យ​ថា ស្ត្រី​រូប​នេះ​អាច​ពាក់ព័ន្ធ​នឹង​ល្បែង​ស៊ី​ង​សង​តែ​ម្ដង បានជា​ឆ្លើយ​ត្រឡប់ត្រឡិន​យ៉ាងនេះ ។

មន្ត្រី​អាវុធហត្ថ​បាន​ប្រាប់​ថា ស្ត្រី​ឈ្មោះ ប៉ា​ង ស៊ី​ណា និង​ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក «​ស៊ី​ណា នាគ​មាស​» នេះ ត្រូវ​លោក​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពី​បទ «​ជេរ​ប្រមាថ​» ដែល​ប្រព្រឹត្ត​ទៅ​លើ​ថ្នាក់ដឹកនាំ​កំពូល​(​សម្ដេច​តេ​ជោ ហ៊ុន សែន​) ហើយ​ចៅក្រម​ស៊ើបសួរ លោក លិ សុខា ជា​អ្នក​បើក​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​នេះ​។

អ្នកសារព័ត៌មានយើង​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បន្ថែម​ពី​លោក លិ សុខា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​បាន​ភ្លាម​ៗ​ទេ ជុំវិញ​សំណុំរឿង​ស្ត្រី​ចុងភៅ​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា​តាម​បណ្ដាញ​សង្គម​ខាងលើ​នេះ ។

ប៉ុន្តែ​បើ​តាម​មន្ត្រី​អាវុធហត្ថ​ដែល​ធ្វើ​ការងារ​នេះ បាន​បញ្ជាក់​ប្រាប់​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦​ខែមិថុនា ក្រោយ​ពី​ចៅក្រម​ស៊ើបសួរ​បញ្ចប់​ការ​សាកសួរ​ស្ត្រី​ខាងលើ​នេះ​ថា ចៅក្រម​ស៊ើបសួរ​លោក​លិ សុខា បាន​សម្រេច​ឲ្យ​ស្ត្រី​ឈ្មោះ ប៉ា​ង ស៊ី​ណា នេះ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន តែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ជា​ប្រចាំ ដើម្បី​តាមដាន និង​ធ្វើការ​ស៊ើបអង្កេត​ជា​បន្ត​ទៀត ។

សូមរំលឹកថា នាង ស៊ីណា នាគមាស ឈ្មោះ​ពិត ប៉ាង ស៊ីណា ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ចាប់​​ខ្លួន​បញ្ជូន​មក​សាលា​ដំបូង​ក្នុង​រឿង ​ផ្សាយ​ដំណឹង​ក្នុង​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា សម្តេច​តេជោ ហ៊ុន សែន ធ្លាក់​យន្ត​ហោះ​ស្លាប់​ហើយ ។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ នាងស៊ីណា​បាន​ទាំង​បង្ហាញ​ពី​មឈូស​តម្កល់​សព​​ មាន​កម្រង​ផ្កា​ដាក់​តាំង​រូប​ថត​សម្តេច​តេជោ​មុខ​មឈូស​ផង កែ​ច្នៃ​ធ្វើ​ជា​ដូច​មែន​ទែន ។

សមត្ថ​កិច្ច​បាន​ស្រាវ​ជ្រាវ​ភ្លាមៗ​នូវ​ទង្វើ​ដ៏​អាក្រក់​បំផុត​នេះ ហើយ​ចាប់​បាន​នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង នាំ​មក​រក​ច្បាប់ ដើម្បី​ដោះ​ស្រាយ​បញ្ហា ។

មិន​ត្រឹម​តែ​ប្រឌិត​រឿង​ថា តេជោ​ប្រមុខ​ដឹក​នាំ​ប្រទេស​ស្លាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អំពាវ​នាវ​ឱ្យ​​ចូល​រួម​អប​អរ​សាទរ​ការ​ស្លាប់​នេះ​ទៀត​ផង ដែល​ជាទង្វើ​មិន​អាច​ទទួល​យក​បាន​ឡើយ ។

បញ្ហា​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ជា​ចំហ ហើយ​បាន​ធ្វើការ​ជេរ​ប្រមាថ​ដោយ​ខុស​ពី​ការ​បញ្ចេញមតិ ប្រហែលជា​មិនសូវ​មាន​អ្នក​ណា​ថ្លើមធំ​ហ៊ាន​ធ្វើ​បែប​នេះ​ទេ ព្រោះ​ជា​បទល្មើស ដែល​នរណា​ៗ​ក៏​មិន​អាច​អត់ឱន​ឱ្យ​បាន​ដែរ ៕