គ្រោះថ្នាក់​ចរាចរណ៍ សមត្ថកិច្ច​ថា​ឃាតកម្ម​ សាច់ញាតិ​ជន​រង​គ្រោះ​ថា​ប្លន់​សម្លាប់

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​២ និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​ប្រទះ​ឃើញ​សាកសព​នៅ​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ជា​ករណី​ឃាតកម្ម ចំណែក​ខាង​សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា ជា​ករណី​ប្លន់​សម្លាប់​​យក​រថយន្ត ពីព្រោះ​ជន​រង​គ្រោះជា​អ្នក​រត់​តាក់ស៊ី ។

ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​ទឹក​ប្រឡាយ​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ពី​ភូមិ​កែ​រ៉​ង ឃុំ​ឈើទាល ស្រុក​សណ្តាន់ ខេត្តកំពង់ធំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ហើយ​បាន​ដាក់​ការ​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​ដែល​បាន​គ្រោង​ទុកជា​មុន ចំណែក​ខាង​សាច់ញាតិ​សព​ដែល​ជា​ជន​រង​គ្រោះ​នាំ​គ្នា​និយាយ​ថា គឺជា​អំពើ​ប្លន់​សម្លាប់​ប្លន់​យក​រថយន្ត​បើក​រត់គេច លុះ​មក​ដល់​លើ​ផ្លូវជាតិ​លេខ​៦ ចំណុច​ស្ពាន​ពុក​យុក​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​ស្ពាន​ពុក​យុគ ស្ថិត​ក្នុង​សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន ទៅ​មុខ​លែង​រួច​ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រយូវ​ទៅ​ដល់​មិន​បាន​ចាប់​អ្នកបើកបរ​ដែល​ជា​ចោរប្លន់​នោះ​ទេ បែរជា​ដោះ​លែង​ទៅ​បាត់ ធ្វើ​ឲ្យ​ពួក​គាត់​មានការ​អស់សង្ឃឹម​យ៉ាង​ខ្លាំង​ចំពោះ​ប៉ូ​លី​ស​ប៉ុស្តិ៍​ស្រយូវ សង្ស័យ​ថា​បាន​ទទួលផល​ប្រយោជន៍​ហើយ​មើលទៅ​បានជា​ដោះ​លែង​ជនសង្ស័យ​ឲ្យ​រួចខ្លួន​យ៉ាង​ដូច្នេះ?

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ លោក​វរសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផ្នែក​យុត្តិធម៌ បាន​ប្រាប់​ឲ្យ​ដឹង​ថា បើ​តាម​សេចក្តីរាយការណ៍​ពី​លោក​មេ​ប៉ុស្តិ៍​ស្រយូវ​ប្រាប់​ថា កាលពី​យប់​ម៉ោង​ប្រហែល​២ និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ឡិច​ស៊ី​ស​៣០០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-0842​បើកបរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​ក្បាលស្ពាន​ពុក​យុគ​ទៅ​មុខ​លែង​រួច​សមត្ថកិច្ច​ក៏​នាំ​យក​មនុស្ស​ម្នាក់​នៅ​ក្នុង​រថយន្ត​មក​សួរនាំ បុរស​នោះ​ឆ្លើយ​ថា រូបគេ​ធ្វើ​ទាហាន ដោយ​ប្រ​ញ៉ាប់​ទៅ​កំ​បូល​ដែល​ជា​បន្ទាយ​ទាហាន​នៅ​ខេត្តកំពង់ស្ពឺ ក៏​ម៉ៅ​រថយន្ត​ទៅ​ក្នុង​តម្លៃ​៧០$ ដល់​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​អ្នកបើកបរ​ក៏​បានរ​ត់បា​ត់ទៅ ។ បន្ទាប់​ពី​បាន​សួរនាំ​ថតរូប​រូ​ច​ក៏​ឲ្យ​បុរស​នោះ​ទៅ​ពេទ្យ ដើម្បី​ព្យាបាល​របួស ។ រហូត​ដល់​ពេល​រសៀល​ទើប​មានការ​ភ្ញាក់ផ្អើល​ឃើញ​សាកសព​នេះ ហើយ​សមត្ថកិច្ច​បន្ទាប់​ពី​ធ្វើ​កោសល្យវិច័យ​សង្ស័យ​ជា​ករណី​ឃាតកម្ម​ក្រោយ​ពេល​ជួប​គ្រោះថ្នាក់​ចា​រា​ចរណ៍ ព្រោះ​ជន​រង​គ្រោះ​ឈ្មោះ សុខ សុភ​ក្តី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន បាន​រត់គេច​ខ្លួន​មិនដឹង​តាម​ម៉ូតូ ឬ​ក៏​រថយន្ត​ជាមួយ​ជនសង្ស័យ​ដែល​ធ្លាប់​មាន​គំនុំ​នឹង​គ្នា​នោះ​ទេ ពីព្រោះ​ចំ​ពេល​យប់​ជ្រៅ លុះដល់​ចំណុច​កើតហេតុ​ជន​រង​គ្រោះ​ក៏​ត្រូវ​គេ​ធ្វើឃាត​ដោយ​ប្រើ​ដំបង​វាយ​ជាំ​ពេញ​ក្បាល​ហើយ​ក៏​អូស​ទម្លាក់​ទឹក ។

ទោះជា​យ៉ាងណា​ក្តី ករណី​នេះ​សមត្ថកិច្ច​កំពង់​តែ​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​ជុំវិញ​បញ្ហា​នេះ ។ លទ្ធផល​យ៉ាងណា​នឹង​ជំរាប​ជូន​នៅ​ពេល​ក្រោយ​ទៀត ៕