លោក ​ឈាង វុន ​៖ សមាជិកសភា​ CNRP​ ដែលមិនចូលប្រជុំ​អាចនឹងកាត់ប្រាក់ខែ​និងដកហូតរថយន្ត

រាជធានីភ្នំពេញ ៖​ ប្រធាន​គណៈកម្មការកិច្ចការបរទេស ​សហប្រតិបត្តិការអន្តរជាតិ ​ឃោសនាការនិង​ព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន ​បានមានប្រសាសន៍​នៅប៉ុន្មាននាទីមុននេះថា​ ​ករណីសមាជិកសភាគណបក្សសង្រ្គោះជាតិ(CNRP)​ ​មិនមកចូល​រួមប្រជុំ​សភា​ គឺខាងគណៈកម្មការហិរញ្ញវត្ថុរដ្ឋសភា​នឹងធ្វើការពិភាក្សាសម្រេចថាតើ​ ត្រូវកាត់បា្រក់ខែ​ ឬយ៉ាងណា ? ។

បើតាមលោក ឈាង វុន ​ដែលបា្រប់ក្រុមអ្នកកាសែត​នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២៧​ មិថុនា ២០១៦​ ក្រោយបញ្ចប់កិច្ចប្រជុំ​គណៈកម្មាធិការអចិន្រ្តៃយ៍សភា​ ក្រៅពីពិភាក្សាករណីបា្រក់ខែតំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​ រដ្ឋសភាក៍នឹង​អាចដកហូត​រថយន្ត​ដែលរដ្ឋសភា​បានប្រគល់ឲ្យប្រធានគណៈកម្មការ​ជំនាញនោះថែមទៀត ។

មកដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃចន្ទដដែលនេះ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេ ពីមន្រ្តីជាន់ខ្ពស់គណបក្ស​សង្រ្គោះ​ជាតិជុំវិញការលើកឡើងរបស់លោក ឈាង វុន ខាងលើ៕