គំនិត​​​ផ្ដួចផ្ដើម​ថ្មី​មួយ​ជំរុញឲ្យ​មាន​​គំនិត​​ច្នៃ​ប្រឌិត​​ថ្មីៗ

ភ្នំពេញ — ក្រុមសិល្បករ ស្ថាបត្យករ ផលិតករភាពយន្ត អ្នករចនាម៉ូត (Designer) និងនិស្សិត សរុបប្រមាណ៣០នាក់ កាលពីពេលថ្មីៗនេះ បានជួបជុំពិភាក្សានិងផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមក នៅឯការិយាល័យ Emerald Hub ក្នុងទីក្រុងភ្នំពេញ ជាផ្នែកនៃគម្រោងផ្ដួចផ្ដើមថ្មីមួយ ដែលគេហៅថា ការបើកចំហលំហគំនិតច្នៃប្រឌិត។

គំនិតផ្ដួចផ្ដើមថ្មីនេះ ត្រូវបានឧបត្ថម្ភដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និង ការិយាល័យ Emerald Hub។

លោកស្រី Irene Leung អ្នករៀបចំកម្មវិធីនៃគំនិតផ្ដួចផ្ដើមថ្មីនេះ មានប្រសាសន៍ថា ការប្រមូលផ្ដុំគ្នារបស់យុវជនដែលមានគំនិតនិងទេពកោសល្យផ្សេងៗមកពីវិស័យផ្សេងៗគ្នានេះ មានគោលដៅ ស្វែងរកដំណោះស្រាយប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗ ចំពោះបញ្ហាសង្គមមួយចំនួន ដែលពួកគេ កំពុងប្រឈមមុខ។

«ពិតជាអាចអះអាងបានថា ការច្រមូលផ្ដុំនេះ មិនត្រឹមតែជាប្រភេទនៃការទំនាក់ទំនងដែលធ្វើអោយបុគ្គលអាចចេញផុតពីភាពឯកោ ឬអារម្មណ៍មិនប្រាកដប្រជាណាមួយទេ ប៉ុន្តែវាបានធ្វើអោយអ្នកគ្រប់គ្នានិយាយពិភាក្សាគ្នា សម្រាប់ចម្លើយជាច្រើន ព្រោះថាវាមិនមានចម្លើយតែមួយទេ គឺមានវិធីផ្សេងៗគ្នាក្នុងការសាកល្បងអ្វីដែលថ្មីនោះ»។

លោកស្រី Irene Leung បានបន្តថា លោកស្រី ពិតជាសប្បាយចិត្តពេលដែលបានឃើញថាសិល្បករ សិល្បការិនីក្នុងតំបន់ មានប្រតិកម្មចំពោះបញ្ហាសង្គមនានា ជាពិសេសទាក់ទងទៅនឹងសិល្បៈ ដោយពួកគេបានស្នើដាក់ប្រធានបទរបស់ពួកគេក្នុងការពិភាក្សា និងបន្ទាប់មកទៀត ពួកគេបានស្វែងរកដំណោះស្រាយរួមគ្នា។

កញ្ញា ស៊ន់ ឡាវ និស្សិតសាកលវិទ្យាល័យមួយ បាននិយាយថា វាពិតជាមានតម្លៃណាស់ក្នុងការចូលរួមការជួបជុំនេះ «ព្រោះតែខ្ញុំអាចអភិវឌ្ឍខ្លួនឯងបានកាន់តែល្អប្រសើរដោយអនុវត្តតាមអ្វីដែលខ្ញុំបានរៀននៅថ្ងៃនេះសម្រាប់អាជីពនាពេលអនាគតរបស់ខ្ញុំ»។

នាងបានបន្ថែមថា នៅប្រទេសកម្ពុជា ការទទួលស្គាល់ស្នាដៃសិល្បករវ័យក្មេង នៅមានកម្រិតនៅឡើយ ដោយសារតែមិនសូវមានការគាំទ្រជាពិសេសផ្នែកហិរញ្ញវត្ថុពីសំណាក់មហាជន។

លោក ប៉ោយ ឈុនលី អ្នករចនាគំនូរជីវចល មកពីខេត្តបាត់ដំបង បាននិយាយថា លោកបានមកពីចម្ងាយជាមួយនឹងគំនិតល្អមួយចំនួន ក្នុងការផលិតខ្សែភាពយន្តមួយដែលចំណាយថវិកាយ៉ាងតិចតួចបំផុត។

ខ្សែភាពយន្តដែលលោកកំពុងផលិតនេះ មានឈ្មោះថា Banyan Film។

«ខ្ញុំទទួលបានគំនិតល្អប្រសើរជាច្រើន ដែលអាចធ្វើអោយគម្រោងខ្ញុំមានភាពរលូនល្អបាន »។

នៅក្នុងប្រទេសកម្ពុជា ឱកាសក្នុងការជួបជុំគ្នារវាងក្រុមយុវជន ដែលមានជំនាញនិងគំនិតច្នៃប្រឌិតផ្សេងៗ នៅមានកម្រិតតិចតួចនៅឡើយ។

លោក ប៉ោយ ឈុនលី បានថ្លែងថា លោកមានសេចក្ដីរីករាយ ដែលការជួបជុំនេះគឺជាវេទិកាវិជ្ជមានមួយសម្រាប់ការចែករំលែកបទពិសោធន៍ក្នុងចំណោមសិល្បករមកពីសហគមន៍នានា។

កញ្ញា មឿង មេត្តា សិល្បករឯករាជ្យម្នាក់ទៀត បានឱ្យដឹងថា ការបើកចំហលំហគំនិតច្នៃប្រឌិតថ្មីៗនេះ គឺជាការលើកទឹកចិត្តយ៉ាងខ្លាំងមួយ។

«បន្ទាប់ពីបានឮរឿង និងគំនិតជាច្រើនរបស់អ្នកចូលរួម ខ្ញុំមានអារម្មណ៍ថា ខ្ញុំទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងហើយខ្ញុំគិតថាខ្ញុំទទួលបានថាមពលវិជ្ជមានខ្លាំងណាស់»៕

ប្រភពៈ VOA