អ៊ុ​ង​​សាន​​ស៊ូ​​ជី ​៖ ប្រាប់​​​ពលករ​​ឱ្យ​​ត្រឡប់​​​ទៅ​ផ្ទះ​វិញ​

យោង​តាមវ៉េប​​សាយ​ព័​ត៌​មាន Anadolu Agency ​បាន​ឱ្យ​​ដឹង​​ថា កាលពី​ថ្ងៃ​ទី​ពីរ ​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ថៃ​ ក្រោម​អធិបតីភាព​​របស់​លោកស្រី​មេដឹកនាំ​មី​យ៉ា​ន់​​ម៉ា អ៊ុ​ង ​សាន​ស៊ូ​ជី លោកស្រី​បាន​ប្រាប់​ទៅ​កាន់​ប្រជាជន​ខ្លួន​​ដែល​កំពុង​រស់នៅ ប្រទេស​​​ថៃ​​ឱ្យ​​ត្រឡប់​មក​​ផ្ទះ (​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​ជាដើម​កំណើត​) វិញ ​។

«​ពួក​យើង​ទទួលស្គាល់​ថា​ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រទេស​យើង​ក្លាយជា​កន្លែង​ ដែល​ប្រជាជន​យើង​ចង់​ត្រឡប់​មក​រស់នៅ​វិញ​» ។ លោក​ស្រី​បាន​ថ្លែងប្រាប់​​សារ​ព័​​ត៌​មាន​​ កាលពី​ថ្ងៃ​សុក្រ ​ក្រោយ​ពេល​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​នាយក​រដ្ឋ​ម​ន្រី្ត​ថៃ​​​ ។ បើ​យោង​ទៅ​តាម​អង្គ​ការ​អន្តរជាតិ ​សម្រាប់​ការ​ភៀស​ខ្លួន​បាន​ឱ្យ​​ដឹង​ថា មាន​ជនភៀសខ្លួន​​​មី​យ៉ា​ន់​ម៉ា​មិន​តិច​​ជាង​១​សែន​នាក់​ទេ​ ដែល​កំពុង​ស្នាក់​អាស្រ័យ​​នៅ​តាម​ព្រំប្រទល់​ប្រទេស​ថៃ​ ។

ជន​​ភៀសខ្លួន​ភាគច្រើន​ ត្រូវ​​​គេ​ដឹង​ថា ជា​ពួក​​មូ​ស្ល៊ីម​ ដែល​រត់​មក​នៅ​ប្រទេស​ថៃ ​ដោយសារ​តែ​មាន​គំនាប​ទៅ​លើ​សាសនា​របស់​ខ្លួន​កាលពីមុន​ ។ លោកស្រី​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​ ក៏​បាន​បន្ត​ថា ការ​ដឹកនាំ​ប្រទេស​របស់​លោកស្រី ​កំពុង​តែ​ផ្តោត​ទៅ​លើ​ការ​ប្តូរ​ពី​ទំ​នា​ស់​ឱ្យ​​ក្លា​យមក​ជា​មិត្តភាព និង​ការ​ប្តូរ​ពី​ជម្លោះឱ្យ​​ក្លាយជា​ជំនឿ​ទុកចិត្ត​ និង​ភាព​យោគយល់​គ្នា​​ ។ នៅ​ថ្ងៃ​សុក្រ​កន្លង​មកនេះ​​ដែរ លោក​ស្រី អ៊ុ​ង​សាន​ស៊ូ​ជី បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ លើ​ការ​បន្ធូរបន្ថយ​ដល់​ជនភៀសខ្លួន​មី​យ៉ា​ន់​ម៉ា ដែល​មក​ធ្វើ​កម្ម​ករ​​នៅ​ប្រទេស​ថៃ​ ។

លោកស្រី​បាន​បន្ថែម​ថា «​ខ្ញុំ​តែងតែមាន​អារម្មណ៍​ថា​ ខ្លួន​ខ្ញុំ​ជា​មិត្ត​មួយ​​ក្នុង​ចំណោម​មិត្ត​ផ្សេង​ៗ​ទៀត​របស់​ប្រទេស​ថៃ​ ។ នៅ​ពេល​យើង​ធ្វើការ​ជាមួយ​គ្នា យើង​អាច​ដោះស្រាយ​បញ្ហា​ខាងលើ​បាន​» ។​​ លោកស្រី​​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មាតុប្រទេស​វិញ ​កាលពី​​ថ្ងៃ​សៅរ៍ ​។

គួរ​បញ្ជាក់​​​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​​របស់​លោកស្រី ​ទៅ​ក្រៅប្រទេស តាំងពី​លោកស្រី​បាន​ជាប់​ឆ្នោត​កាលពី​ខែ
​វិ​ច្ឆ​កា​ ។