Griezmann ជួយឲ្យបារាំងឈានទៅវគ្គ៨ក្រុមចុងក្រោយ (Video Highlight)

ខ្សែប្រយុទ្ធ Antoine Griezmann បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងចន្លោះពេល៤នាទី ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិបារាំង ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ បានធ្វើការវាយបកដេញតាមពីក្រោយដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ដែលនៅសល់សមាជិកត្រឹមតែ១០នាក់ កាលពីថ្ងៃអាទិត្យ។

griezmannfrance

ការទទួលជ័យជម្នះក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយក្នុងទីក្រុង Lyon មានន័យថា ក្រុមជម្រើសជាតិបារាំង នឹងត្រូវជួបជាមួយនឹងអង់គ្លេស ឬក្រុមជម្រើសជាតិអ៊ីស្លង់ ក្នុងកីឡដ្ឋាន Stade de France ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យក្រោយ។ ខ្សែបម្រើ Paul Pogba បានទាញខ្សែប្រយុទ្ធ Shane Long ដួលក្នុងប្រអប់គ្រោះថ្នាក់ត្រឹមតែរយៈពេលប៉ុន្មាននាទីបន្ទាប់ពីចាប់ផ្តើមប្រកួត ហើយកីឡាករ Robbie Brady ដែលបានរកគ្រាប់បាល់ឈ្នះរបស់អៀរឡង់នៅពេលប្រកួតជាមួយនឹងអ៊ីតាលី បានស៊ុតបាល់ប៉េណាល់ទីនៅនទី ទី២ដើម្បីជួយឲ្យក្រុមជម្រើសជាតិអៀរឡង់ មានគ្រាប់បាល់នាំមុខដ៏មិននឹកស្មានដល់។

Griezmann បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ខណៈដែលខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងតង់ទី២ដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះយកឈ្នះលើក្រុមជម្រើសជាតិអៀរឡង់។ Griezmann បានឲ្យដឹងថា៖ «វាពិតជាមានសម្ពាធក្នុងការមានគ្រាប់បាល់ដេញតាមពីក្រោយ។ ក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ យើងបានពិភាក្សាគ្នា និងបាននាំយកក្រុមបារាំង ដែលផ្សេងគ្នាមួយទៅកាន់ទីលាន»៕

ប្រភពព័ត៌មាន៖ Channel News Asia