អ៊ីតាលី សម្លឹងរកការផ្លាស់ប្តូរប្រវត្តិសាស្ត្រ ពេលជួបអេស្ប៉ាញ រាត្រីនេះ

ក្រោយពីជួបការខកចិត្តក្រោមស្នាដៃក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី នឹងនាំយកកាំភ្លើងធំរបស់ខ្លួនទៅកាន់ទីលានដើម្បីផ្លាស់ប្តូរប្រវត្តិសាស្រ្តនាពេលថ្មីៗនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងយុទ្ធនាការ Euro ជុំផ្តាច់ព្រ័ត្រ។

italyvspain

ក្រុមជម្រើសជាតិអៀរឡង់របស់លោក Martin O’Neill បានបង្ហាញពីទម្រង់់លេងយ៉ាងល្អក្នុងទីក្រុង Lille កាលពីថ្ងៃពុធដើម្បីបញ្ចប់ក្តីសង្ឃឹមរបស់អ៊ីតាលី ក្នុងការទទួលជ័យជម្នះរាល់ការប្រកួតទាំង៣លើកក្នុងពូល។ ក្រុមជម្រើសទី២របស់អ៊ីតាលី បានជួបការលំបាកនៅពេលប្រកួតជាមួយនឹងក្រុមអៀរឡង់ ដែលចូលចិត្តលេងបាល់វែង ហើយគ្រាប់បាល់បញ្ចូលទីនៅនាទី ទី៨៥របស់កីឡាករ Robbie Brady គ្រប់គ្រាន់សម្រាប់អៀរឡង់ក្នុងការឈានទៅវគ្គបន្តតែម្តង ក្រោយពីស៊ុយអែត ចាញ់ក្រុមជម្រើសជាតិបែលហ្ស៊ិក។ ទម្រង់លេងរបស់ក្រុមជម្រើសជាតិអ៊ីតាលី បានធ្វើឲ្យអ្នកគាំទ្របារម្ភថា ក្រុមរបស់លោក Antonio Conte ប្រហែលជាមិនអាចវិលទៅរកភាពខ្លាំងវិញឲ្យទាន់ពេលដើម្បីជួបជាមួយនឹងក្រុមម្ចាស់ការពារតំណែងជើងឯកពីរសម័យកាល នៅថ្ងៃចន្ទនេះឡើយ។

ប៉ុន្តែ ខ្សែបម្រើស្លាប Lorenzo Insigne របស់ក្លិប Napoli ដែលបានស៊ុតបាល់ប៉ះទៅនឹងបង្គោលទី ក្រោយពីចូលលេងក្នុងនាមជាកីឡាករបម្រុងពេលជួបអៀរឡង់នោះ បាននិយាយថា ក្រុមអ៊ីតាលី ជឿជាក់ថា ពួកគេអាចផ្តួលក្រុមជម្រើសជាតិអេស្ប៉ាញ នៅកីឡដ្ឋាន Stade de France ក្នុងទីក្រុងប៉ារីស។ ខណៈដែលត្រូវបានចោទសួរពីការផ្លាស់ប្តូរកីឡាករដល់ទៅ៨នាក់ទៅលើក្រុមដែលបានផ្តួលស៊ុយអែត ១-០ កីឡាកររូបនេះបានឲ្យដឹងថា៖ «វាមិនមានបញ្ហាឡើយថា កីឡាកររូបណានឹងលេងនោះ។ នេះគឺជាក្រុមដ៏អស្ចារ្យមួយ ដែលសុទ្ធសឹងស្ថិតលើទូកតែមួយ ហើយយើងចែវទៅកាន់ទិសដៅតែមួយ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១១យប់ (ម៉ោងនៅកម្ពុជា)៕

25.03.16 Italy 1-1 Spain
06.03.14 Spain 1-0 Italy
28.06.13 Spain 0-0 Italy