មន្ត្រីស្ថានទូតខ្មែរនៅថៃ បំភ្លឺការចោទប្រកាន់ ក្នុងករណីចាប់រំលោភស្ត្រីខ្មែរនៅថៃ

មន្ត្រីស្ថានទូតខ្មែរនៅថៃ បំភ្លឺការចោទប្រកាន់ ក្នុងករណីចាប់រំលោភស្ត្រីខ្មែរនៅថៃ



ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ថៃ បាន​ច្រានចោល​ទាំងស្រុង អំពី​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​និយម​ជ្រុលដែល​ថា៖ ជាដើម និង​ធ្វើការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ ក្នុងករណីនេះ​ឲ្យ​មហាជន បានដឹង​កុំ​ឲ្យ​យល់ច្រឡំ។

លោក ជៀម ឡា​ម៉ា​ទីន មន្ត្រីជាន់ខ្ពស់​ស្ថានទូត​ខ្មែរ នៅ​ប្រទេស​ថៃ បានធ្វើ​ការបំភ្លឺ​តាមរយៈ​ទូ​ស័ព្ទ​ប្រាប់​កម្ពុ​ជាថ្មី នៅ​ថ្ងៃទី ២៥ ខែមិថុនា​នេះ​ថា៖ “នៅ​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៦ បន្ទាប់ពី​ថ្ងៃកើតហេតុ​មួយថ្ងៃ ឈ្មោះ សា​លឿន ជា​ប្តី​របស់​នាង សែម លក្ខិណា (ជនរងគ្រោះ ដែល​ត្រូវ​បុរស​ជនជាតិ​ថៃ​រំលោភ) បាន​ទូរស័ព្ទ​មក​ខ្ញុំ​ប្រាប់ថា ប្រពន្ធ​ត្រូវគេ​រំលោភ។ សូមបញ្ជាក់ថា​ក្នុង​ថ្ងៃនោះ ប៉ូលីស​ថៃ បាន​ចាប់​ជនល្មើស​បាន​ហើយ ហើយ​ជនល្មើស​ក៏បាន​សារភាព​ទោស​ផងដែរ។ ខ្ញុំ​បាន​សួរ (សាលឿន ជា​ប្តី) ថា តើ​ចង់​ឲ្យ​ស្ថានទូត​ជួយ​អ្វី? សាលឿន បាន​បញ្ជាក់ថា សូម​ស្ថានទូត​រារាំង​កុំ​ឲ្យ​ជនល្មើស​នៅក្រៅ​ឃុំ។ ខ្ញុំ​បញ្ជាក់ថា រឿង​ឲ្យ​នៅក្រៅ​ឃុំ ឬ​ក្នុង​ឃុំ ជា​សមត្ថកិច្ច​តុលាការ​ថៃ​ជា​អ្នកសម្រេច។ តែ​ទោះជា​យ៉ាងណា ក៏​ស្ថានទូត នឹង​អន្តរាគមន៍​ឲ្យ​អស់ពី​លទ្ធភាព​ដែរ។ នៅ​ថ្ងៃ​ដដែល ខ្ញុំ​បាន ទូរស័ព្ទ​ទៅ​ជួប​ត​ម្រូ​ត​ថៃ ដែល​ទទួលខុសត្រូវ​ក​រ​ណី​ក្តី​ខាងលើ សុំ​ឲ្យ​ចាត់វិធានការ ទៅតាម​ផ្លូវច្បាប់ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ។ ប៉ូលីស​ថៃ បញ្ជាក់​ឡើងវិញ​ថា ជនល្មើស​កំពុង​ឃុំ​នៅ​ពន្ធនាគារប៉ូលីស​ថៃ កំពុងដំណើរការ​ពិនិត្យ DNA និង​រូប​រួម​ភស្តុតាង ដើម្បី​បញ្ជូន​សំណុំរឿង ទៅ​តុលាការ​កាត់ទោស​តាមច្បាប់

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា៖ “ចំពោះ​ករណី​មានការ​សរសេរ​ហ្វ​ស​ប៊ុ​កមួយ​ថា ថៃ​កំពុងតែ​លំអៀង ហើយ​ស្ថានទូត​មិន​អើពើ វា​ជា​រឿង​មួយ​ប្រាសចាក​ការពិត និង​ជា​ទង្វើ​គ្មាន​ការទទួលខុសត្រូវ។ ព្រោះ​ក្នុងករណីនេះ យើង​មិន​ឃើញថា ថៃ​មានការ​លំអៀង​ទេ។ រីឯ​ការចូល​អន្តរាគ​មន៍ មាន​ដំណាក់កាល​របស់​វា មិនមែន​ទៅ​ទាំង​ល្ងីល្ងើ​មិនដឹងខ្យល់ មិនដឹង​ច្បាប់ ទម្លាប់​នោះទេ។  នៅ​ដំណាក់​ការ​នោះ ប៉ូលីស​មិនទាន់​ទាំង​បានរៀបចំ​សំណុំរឿង​រួចរាល់ ហើយ​តុលាការ មិនទាន់បាន​ចាត់តាំង​ជា​ក្តី​លេខ​ប៉ុន្មាន​នៅឡើយ​ទេ។ ជា​តួនាទី​របស់​ប៉ូលីស និង​ផ្នែក​រដ្ឋបាល​របស់​តុលាការ​ត្រូវ​ធ្វើការ។ ស្ថានទូត​នឹង​អន្តរាគមន៍​ពេញទី នៅពេល​រៀបចំ​កាត់ក្តី​នៅ​តុលាការ។ ស្ថានទូត​បាន​ត្រៀម​មេធាវី ២ នាក់ រួចហើយ សម្រាប់​ករណី​ខាងលើ ហើយ​ស្ថានទូត មាន​ករណី​អយុត្តិធម៌​ច្រើន​ទៀត ដែល​ត្រូវ​អន្តរាគមន៍​មិនមែន​មានតែ​ករណី​ចាប់រំលោភ​ខាងលើ​នោះទេ”។

មន្ត្រីស្ថានទូតខ្មែរនៅថៃ បំភ្លឺការចោទប្រកាន់ ក្នុងករណីចាប់រំលោភស្ត្រីខ្មែរនៅថៃ

គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៦ វេលា​ម៉ោង ២ និង ៥០ នាទី​រសៀល នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​បាំង​បួរ ឃុំ​បាន​ឡា​ត ស្រុក​បាន​ឡា​ត ខេត្ត​ភិត​បុរី ប្រទេស​ថៃ មាន​ករណី​រំលោភ​សេពសន្ថវៈ​មួយ បានកើត​ឡើង ដែល​បង្កដោយ​ជន​មិន​ស្គាល់មុខ ជា​ជនជាតិ​ថៃ ដោយ​ជន​នោះបាន​ជិះ​ម៉ូតូ​ពណ៌​ស មក​ឈប់​ខាងមុខ​បន្ទប់​ស្នាក់នៅ​របស់​នារី​រងគ្រោះ ហើយ​បាន​ដើរចូល ទៅក្នុង​បន្ទប់ ដោយ​ធ្វើ​លេស​សួររក​កម្មករ​ទៅធ្វើ​ការ ប៉ុន្តែ​នាង​បាន​ប្រាប់ថា ប្តី​របស់​នាង​បានចេញ​ទៅធ្វើ​ការ​អស់ហើយ ទើប​គេ​បាន​សុំចូល​បន្ទប់ទឹក តែ​នាង​បាន​ដេញ​ឲ្យ​ទៅ​នោម​នៅ​ខាងក្រៅ គឺ​នៅពេលនោះ​ហើយ ដែល​ជនសង្ស័យ បាន​ទាញ​ទ្វារ​បិទ រួច​ចាប់រំលោភ​នាង​នៅ​ចំពោះមុខ​កូន ដែល​ទើប​តែមាន​អាយុ ៥ ខែ រហូត​បានសម្រេច​ទើប​គេ​ចាក​ចេញទៅ ដោយ​បន្សល់​នូវ​ពាក្យ​មួយ​ម៉ាត់​ថា បើ​ហ៊ាន​ស្រែក ឬ​ប្តឹង​គេ នឹង​សម្លាប់ចោល។  ភ្លាមៗនោះដែរ នារី​រងគ្រោះ ដែលមាន​អាយុ ២៦ ឆ្នាំ និង​មាន​ស្វាមី​ធ្វើការ​សំណង់ បានដាក់​ពាក្យ​ប្តឹងទៅ​សមត្ថកិច្ច​ថៃ ដើម្បី​ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌។

 

បន្ទាប់មក​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sreyneang Kun (ស៊ាន ស្រី​នាង) បង្ហោះ​រិះគន់ នៅ​ថ្ងៃទី ២២ ខែមិថុនា​ថា៖ “ស្រី្ដ​ខ្មែរ​ម្នាក់ មក​ធ្វើការ​សំណង់​ជាមួយ​ប្ដី នៅ​ប្រទេស​ថៃ​ដោយ​គាត់​ទើប​សម្រាលកូន​បាន ៥ ខែ​ទៅធ្វើ​ការ​ពុំ​កើត នៅផ្ទះ​មើល​កូនតូច ត្រូវ​អា​តិរច្ឆាន​ជា​ជនជាតិ​ថៃ ចាប់រំលោភ ចាប់បាន​ជនល្មើស ហើយ​វា​ព្រមទាំង​សារភាព​ទៀត !! ។

បន្ទាប់មក នៅ​ថ្ងៃទី ២៥ ខែមិថុនា អ្នកលេង​ហ្វេ​ស​ប៊ុ​ក​រូបនេះ បន្ទាប់ពី​ដឹងថា ខ្លួន​បាន​រិះគន់​មិន​ត្រឹមត្រូវ ខ្វះ​ការយល់ដឹង ឆេវឆាវ​មួយពេល ក៏បាន​ចេញមុខ​បង្ហោះ​សារ​សុំទោស​ថា៖ “។ នាង​ខ្ញុំ​ឈ្មោះ ស៊ាន ស្រី​នាង ហើយ​ជា​អ្នក ដែល​បាន​តាមដាន​រឿងរ៉ាវ​រំលោភ​សេពសន្ថវៈ លើ​ស្រី​ជា​ពលករ​ខ្មែរ នៅ​ថៃ ដែលមាន​កូន​អាយុ ៥ ខែ​នោះ។  បន្ទាប់ពី​ស្ដាប់​សាច់រឿង​លម្អិត ដែល​បង សា​លឿន បាន​និយាយ​រៀបរាប់​ពី​ដំណើររឿង​របស់គាត់ ដែល​ទៅប្ដឹង​ស្ថានទូត ហើយ​ស្ថានទូត​ស្ងាត់​មិនទាន់​ឃើញ​ជួយ​ដោះស្រាយ និង​ប៉ូលិស​ក៏​ស្ងាត់​នោះមក នាង​ខ្ញុំ ដែលជា​ខ្មែរ​ដូចគ្នា ពិតជា​មានការ​ខឹងសម្បា​យ៉ាងខ្លាំង ព្រោះ​រឿង​រំលោភ​នេះ​ល្បី​ពេញ​ប្រទេស​ថៃ​ហើយ ចំណែក​ស្រុក​ខ្មែរ គ្មាន​ឃើញ​ការ​សែត​ណា​ចុះ​សោះ ហើយ​ស្ថានទូត ដែល​ជនរងគ្រោះ​ទាក់ទង​ទៅ ឃើញ​ដូច​ស្ងាត់ឈឹង​មិន​ផ្ដល់ដំណឹង​អ្វី​សោះ ហើយ​ប៉ូលីស​ថៃ ក៏​ស្ងាត់​ទៀត ដោយហេតុ​នេះហើយ នាង​ខ្ញុំ​ពិតជា​ខឹង និង​ឈឺចាប់​ខ្លាំងណាស់ ក្នុងនាម​ជា​ខ្មែរ​មួយរូប ទើប​នាង​ខ្ញុំ​ប្រតិកម្ម​ទាំង​ខឹង ទៅកាន់​ស្ថានទូត និង​ការ​សែត​ក្នុងស្រុក​ផង។ បន្ទាប់ពី​ខ្ញុំ​ប្រតិកម្ម​ពាក្យ​ទាំងនេះហើយ​បាន ១ ថ្ងៃ ខាង​ជនរងគ្រោះ ក៏បានផ្ដល់​ដំណឹង​ថា ពេលនេះ​ខាង​ស្ថានទូត បាន​ទាក់​ទង់​មកជួយ​ដោះស្រាយ​រឿងក្ដី​នេះហើយ ដែល​ខ្ញុំ​លឺ​ហើយ​ពិតជា​អរគុណ និង​ពេញចិត្ត​នៅ​ស្ថានទូត​កម្ពុជា​ណាស់ ដែល​ជួយ​ពលរដ្ឋ​ក្រីក្រ​របស់ខ្លួន​ឱ្យ​រក​យុត្តិធម៌​បាន។ ខ្ញុំ​ចង់​និយាយ​ពាក្យ​ថា នាង​ខ្ញុំ​សុំទោស ចំពោះ​ការភ័ន្ដច្រឡំ​ថា ស្ថានទូត​មិន​ជួយ និង​ប្រើប្រាស់​ពាក្យធ្ងន់ៗដាក់​ស្ថានទូត ព្រោះ​នាង​ខ្ញុំ​ឃើញ​ស្ថានទូត សារព័ត៌មាន​ក្នុងស្រុក រួមទាំង​តម្រួត​ថៃ​ស្ងាត់​ពេក មិន​ផ្ដល់ដំណឹង ទើប​នាង​ខ្ញុំ​ខឹងសម្បា ហើយ​ប្រព្រឹត្ត​កំហុសឆ្គង​តិចតួច ដែលនាំឱ្យ​ប៉ះពាល់​ស្ថានទូត​តិចតួច តែ​ពេលនេះ​លឺថា ស្ថានទូត​សន្យាថា នឹង​ជួយ​ជនរងគ្រោះ​បែបនេះ នាង​ខ្ញុំ​ពិតជា​រំភើប និង​សប្បាយចិត្ត អរគុណ​ដល់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ណាស់ អរគុណ​ស្ថានទូត ដែល​សន្យាថា នឹង​ជួយ​ជនរងគ្រោះ រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ឱ្យបាន។ បងប្អូន​ខ្មែរ​នៅ​ថៃ​បើ​មាន​បញ្ហា​អ្វី​សូម​ទាក់​ទង់​ទៅអោយ​ស្ថានទូត​យើង​ជួយ​ទៅ ព្រោះ​ពួកគាត់​និង​ជួយ​យើង​អោយតែ​យើង​មាន​បញ្ហា​ចង់អោយ​គាត់​ជួយ ។ ”។

បើ​មាន​បងប្អូន​ណា​ចង់ដឹង​បន្ថែម ពី​ករណី​ស្ថានទូត​បាន​ជួយ​អន្តរាគមន៍ ដល់​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​នៅ​ថៃ ឬ​មាន​បញ្ហា​ចង់​ឲ្យ​ស្ថានទូត​ជួយ​អន្តរាគមន៍ សូម​ទាក់ទង​មក​លេខ +66 98 4041550។

មន្ត្រីស្ថានទូតខ្មែរនៅថៃ បំភ្លឺការចោទប្រកាន់ ក្នុងករណីចាប់រំលោភស្ត្រីខ្មែរនៅថៃ