រំលោភ​កូនចុង​៦​ដង រួច​បង្ខាំង​ទុក ម្ដាយ​ទ្រាំ​លែង​បាន​រត់​ទៅ​ប្ដឹង​សមត្ថកិច្ច​

រំលោភ​កូនចុង​៦​ដង រួច​បង្ខាំង​ទុក ម្ដាយ​ទ្រាំ​លែង​បាន​រត់​ទៅ​ប្ដឹង​សមត្ថកិច្ច​



កោះកុង ៖ ដោយសារតែ​ទ្រាំង​នឹង​ការ​ធ្វើបាប លែង​បាន ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​បាន​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ស្រុក​ស្មាច់មានជ័យ​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ប្តី​ខ្លួនឯង ក្រោយពី​ប្តី​រូប​នេះ​ បាន​រំលោភ​កូនចុង រួច​គំរាមកំហែង និង​បង្ខាំង​ទុក​រូប​នាង​និង​កូន​មិន​ឲ្យ​ទៅ​ណា​ទៀត។

ករណី​នេះ​បាន​កើត​ឡើង​កាលពី​យប់​ថ្ងៃទី​២៥ ខែមិថុនា ចុង​សប្ដាហ៍​នេះ ក្រោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​នោះ នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​មរ​ភូមិន្ទ ខេត្ត​កោះកុង ទៅតាម​ពាក្យ​បណ្តឹង​របស់​ប្រពន្ធ​និង​ម្ដាយ​រូប​នោះ។

នៅ​ក្នុង​ពាក្យ​បណ្តឹង ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ គឿន វាសនា អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើ​ការ៉េម បាន​ប្តឹង​ទៅលើ​ឈ្មោះ ឡោ សា​រ៉ា​យ ជា​ប្តី អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ការ៉េម​ថា បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​គ្រួសារ​ជា​ញឹកញាប់ និង​គំរាមកំហែង​ខ្លួន និង​កូនស្រី ព្រមទាំង​ចាក់​សោបន្ទប់​បង្ខាំង​មិន​ឲ្យ​ទៅ​ណា​ទៀត​។

ពាក្យ​បណ្តឹង​បាន​ចោទ​ថា ជនសង្ស័យ ឡោ សា​រ៉ា​យ បាន​ចាប់​រំលោភ​កូនស្រី​ចុង​របស់​ខ្លួន បាន​សម្រេច​៥​ទៅ​៦​លើក​រួច​មកហើយ​នៅ​ឯ​ខេត្ត​កំពង់ចាម រហូតមកដល់​ខេត្ត​កោះកុង​ជនសង្ស័យ​ដែលជា​ឪពុកចុង​ល្មោភកាម​រូប​នេះ​ បាន​ចាប់​រំលោភ​នាង​ម្តង​ទៀត។

ដោយ​ទ្រាំ​លែង​បាន ទើប​ស្ត្រី​ជា​ប្រពន្ធ​សុំ​ជនសង្ស័យ​ជា​ប្តី​ទៅ​ទិញ​កាត​ទូរស័ព្ទ​ដើម្បី​ខ​ល​ទៅលេង​ស្រុកកំណើត ហើយក៏​មាន​ពេល​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​តែម្តង។

សូម​បញ្ជាក់​ថា ក្មេង​ស្រី​រងគ្រោះ មាន​អាយុ​១៥​ឆ្នាំ ហើយក៏​មានមុខ​របរ​ជា​អ្នកលក់​ស្រា​បៀរ​នៅ​ក្លិប​អ៊ិ​ច​ស្តា រស់នៅ​ផ្ទះ​ជាមួយ​ម្ដាយ​និង​ឪពុកចុង។

ទោះជា​យ៉ាងណាក៏ដោយ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​ខេ​មរ​ភូមិន្ទ​ធ្វើការ​ឃុំខ្លួន​បណ្ដោះអាសន្ន ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​ការិយាល័យ​កណ្ដាល​ចាត់ការ​បន្ត​៕