បង្ក្រាប​មេ​ឆ្នោត​កន្ទុយ​លេខ ​និង​អ្នក​ចាក់​បាន​៤​នាក់​, នៅ​ជាង​២០​ទីតាំង​ទៀត​មិនទាន់​បង្ក្រាប

បង្ក្រាប​មេ​ឆ្នោត​កន្ទុយ​លេខ ​និង​អ្នក​ចាក់​បាន​៤​នាក់​, នៅ​ជាង​២០​ទីតាំង​ទៀត​មិនទាន់​បង្ក្រាប



ភ្នំពេញ​ ៖ ​កម្លាំង​សមត្ថកិច្ច នគរបាល​ខណ្ឌ​សែន​សុខ បាន​ឆ្មក់​បង្ក្រាប​អ្នកលេង ឆ្នោត​កន្ទុយលេខ​បាន​៤​នាក់ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​លក់​ភេសជ្ជៈ​មួយ​ យីហោ​«​លី សុគ​ន្ឋា» ​ដែល​មាន​ទីតាំង​ផ្ទះ​លេខ ២០០ ភូមិ​ទំនប់ សង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ។

ការ​បង្ក្រាប​នេះ​ដឹកនាំ​បញ្ជា​ ដោយ​លោក​វរសេនីយ៍ឯក​ ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ភ្នំពេញ​ថ្មី និង​មាន​ការ​ឯកភាព​ពី​​លោក​ព្រះរាជអាជ្ញា​រង​ អ៊ំ សុ​ភ័​ក្ត ​ដើម្បី​ចុះ​ឆែកឆេរ​ផ្ទះ​នោះ។

នៅ​ក្នុង​កិច្ចប្រតិបត្តិការ​នោះ ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​​​ចំនួន​៤​នាក់​ជាក់ស្ដែង​ រួម​មាន​ឈ្មោះ​១/ លី សុគ​ន្ឋា ភេទ​ស្រី​អាយុ ៣៥​ឆ្នាំ​(​ ជា​ម្ចាស់​ផ្ទះ ​និង​ជា​មេ​ឆ្នោត)។ ២/ ផាត់​ថា​នុត ភេទ​ស្រី ​អាយុ​១៨​ឆ្នាំ​ជា​កូន។ ៣/ អឿន ចិន ចុងភៅ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ ​មុខរបរ​ចុងភៅ ។ ៤/ ជា សោភា ភេទ​ស្រី​អាយុ​២៨​ឆ្នាំ មេផ្ទះ។

ក្រៅ​ពី​ការ​ឃាត់​ខ្លួន​​ជនសង្ស័យ​ខាង​លើ​ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​​ពាក់ព័ន្ធ​បទល្មើស​ មាន​ដូចជា ក្រដាស​កត់ត្រា​កន្ទុយលេខ​មួយ​ចំនួន​ និង​លុយ​ខ្មែរ​១៨​ម៉ឺន​រៀល លុយ​អាមេរិក​ចំនួន​១២​ដុល្លារ​ផ្សេងទៀត។

នេះ​ជា​ការ​បង្ក្រាប​ល្បែង​​ស៊ី​សង​ប្រភេទ​ឆ្នោត​​កន្ទុយ​លេខ​តែមួយ​កន្លែង​ប៉ុណ្ណោះ​ ហើយបើតាមលោក​អភិបាលខណ្ឌ​បាន​​លើក​ឡើង​នៅ​ក្នុង​អង្គប្រជុំ​នៃ​គណៈ​បញ្ជាការ​ខណ្ឌ​សែន​សុខ កាលពី​ខែ​ឧសភា​ កន្លងមក​ថា​ មាន​ល្បែង​ស៊ី​សង​ប្រភេទ​ឆ្នោត​កន្ទុយលេខ​ចំនួន​២៦​ទីតាំង​ឯណោះ​នៅ​ក្នុង​ខណ្ឌ​សែនសុខ ដែល​សមត្ថកិច្ច​ទាំង​ប៉ូលិស​ និង​ប៉េអឹម​អត់​បង្ក្រាប​សោះ ​ហើយ​ណែនាំ​ជំរុញ​ឲ្យ​យកចិត្ត​ដាក់​ធ្វើ​ការ​បង្ក្រាប​​ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព។

មាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​ថា មាន​មន្ត្រី​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ខ្លះ​នៅ​ពីក្រោយ​ខ្នង​មេ​ឆ្នោត​កន្ទុយលេខ ជា​ច្រើន​កន្លែង នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ដូច​ជា នៅ​សង្កាត់​ឃ្មួញ នៅ​សង្កាត់​ភ្នំពេញ​ថ្មី នៅ​សង្កាត់​ទឹកថ្លា និង​នៅ​សង្កាត់​ក្រាំងធ្នង់។

ការ​បែក​ធ្លាយ​នេះ​បន្ទាប់ពី​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ចាប់ខ្លួន​អ្នក​លេងបៀ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​នៅ​សង្កាត់​ឃ្មួញ​កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦ ​ហើយ​សមត្ថកិច្ច​បាន​ដោះលែង​ស្ត្រី​ម្នាក់​ភ្លាមៗ​មកវិញ​នៅ​តាម​ផ្លូវ ដែល​ស្ត្រី​រូប​នោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ជូ សា​រ៉ុ​ម ជា​មេ​ឆ្នោត ថ្នាក់​កណ្តាល នៅ​ម្តុំ​ផ្សារ​សែន​សុខ​នោះ។ នាង​ជូ សា​រ៉ុ​ម នេះ​មាន​បងប្អូន​២​នាក់​ទៀត ​ឈ្មោះ​រឿន និង​ឈ្មោះ​ពៅ​ហៅ​ម៉ាប់ ក្នុងចំណោម​បងប្អូន​គេ​៣​នាក់​នេះ​ឈ្មោះ​ពៅ ហៅ​ម៉ាប់ ជា​មេ​ឆ្នោត​ មេ​កញ្ច្រែង​ធំ នៅ​ផ្សារ​សែន​សុខ​នោះ ដែល​តាម​ការ​រាយការណ៍​សម្ងាត់​ពី​ប្រជាជន​នៅ​ទីនោះ​ថា អត់​ដែល​មាន​ប៉ូលិស ប៉េអឹម​ណា ​​មក​រំខាន​រារាំង​អាជីវកម្ម​ឆ្នោត​កន្ទុយលេខ​របស់​គាត់​​ឡើយ។ ប្រជាជន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ថ្នាក់​ណា​ក៏​ដោយ​មេត្តា​មក​បង្ក្រាប​មេ​ឆ្នោត​ទាំង​៣​នាក់​បងប្អូន​នេះ​ផង​ ព្រោះ​ល្បីល្បាញ​ខ្លាំង​ណាស់​នៅ​សហគមន៍​សែន​សុខ​នោះ៕

បង្ក្រាប​មេ​ឆ្នោត​កន្ទុយ​លេខ ​និង​អ្នក​ចាក់​បាន​៤​នាក់​, នៅ​ជាង​២០​ទីតាំង​ទៀត​មិនទាន់​បង្ក្រាប

បង្ក្រាប​មេ​ឆ្នោត​កន្ទុយ​លេខ ​និង​អ្នក​ចាក់​បាន​៤​នាក់​, នៅ​ជាង​២០​ទីតាំង​ទៀត​មិនទាន់​បង្ក្រាប