៦ វិធី បង្កើន​ជំនឿ​ចិត្ត​លើ​រូបរាង​ខ្លួនឯង

៦ វិធី បង្កើន​ជំនឿ​ចិត្ត​លើ​រូបរាង​ខ្លួនឯង

ក្រសែភ្នែកសង្គមហាក់ជះឥទ្ធិពលដល់ទឹកចិត្តរបស់បុគ្គលទូទៅ ជាពិសេសការវិនិច្ឆ័យចំពោះរូបរាងស្ត្រីតែម្តង ។ ហេតុនេះស្ត្រីតែងព្យាយាមរិះរកគ្រប់វិធីដើម្បីសម្រករាងឱ្យស្គមដើម្បីសម្របភ្នែកសង្គម ។ ភាគច្រើនស្ត្រីតែងយកចិត្តទុកដាក់ចំពោះរបបអាហារ ការសម្រកទម្ងន់ រូបរាង និងការហាត់ប្រាណជាប្រធានបទក្តៅគគុកជាមួយក្រុមនារីៗតែម្តងដែល ភាគច្រើនតែងលើកឡើងតែពីចំណុចដែលខ្លួនមិនទាន់ពេញចិត្តនឹងរូបរាងរបស់ខ្លួនឯង ។ តើមិត្តនារីមានចាប់អារម្មណ៍ដែរឬទេថា បញ្ហាគឺស្ថិតលើរូបរាងរបស់អ្នកឬកង្វះទំនុកចិត្តរបស់អ្នកចំពោះខ្លួនឯង ? ការខ្វល់ខ្វាយពីចំណាប់អារម្មណ៍និងការសន្មតរបស់មិត្តភក្តិក៏ដូចជាមនុស្សជុំវិញខ្លួនពេកអាចជាបញ្ហា ។ សុភាពនារីគួរមានជំនឿចិត្តលើខ្លួនឯងនិងរូប រាង សម្រស់ធម្មជាតិរបស់ខ្លួនឯងចៀសជាងការប្រៀបធៀប និងព្រួយបារម្ភនឹងការគិតរបស់អ្នកដទៃ។ ខាងក្រោមនេះ គឺជាគំនិតងាយៗ សម្រាប់សុភាពនារីដែលចង់កសាងទំនុកចិត្តលើខ្លួនឯង៖

១. បញ្ឈប់និយាយពីរឿងធាត់
តើអ្នកពិតជានិយាយពាក្យថា“ខ្ញុំដូចជាធាត់ពេកហើយ! ខ្ញុំមើលទៅធាត់ណាស់មែនទេ?” ញឹកញាប់ដែរឬយ៉ាងណា? នៅពេលជួបជាមួយមិត្តភក្តិតែងតែនិយាយពីរឿងធាត់នេះមិនដែលរំលងទេ? បើដូច្នោះមែនអ្នកគួរតែឈប់លើកប្រធាន បទនេះមកនិយាយទៀតទៅ ព្រោះវានឹងបង្កអារម្មណ៍អវិជ្ជមានចំពោះខ្លួនឯងហើយប្រសិនបើមិត្តភក្តិនិយាយពីខ្លួនឯង ថាធាត់នោះ អ្នកគួរលើកទឹកចិត្តមិត្តដោយនិយាយថា “យើងជាមិត្តនឹងគ្នាហើយខ្ញុំចូលចិត្តឯងជាខ្លួនឯងគឺគ្រប់គ្រាន់ហើយ” ។

២. ការពារប្រសើរជាងព្យាបាល
ប្រយោគមួយឃ្លានេះ ចង់សំដៅថាប្រសិនបើអ្នកពិតជាខ្លាចធាត់ សូមកុំគិតតែរអ៊ូរ ហើយឆ្លុះកញ្ចក់រិះគន់ខ្លួនឯងឥតប្រយោជន៍ធ្វើអ្វីជាការល្អគួរតែយកចិត្តទុកដាក់ហាត់ប្រាណដើម្បីបំពេញចំណុចខ្វះខាតវិញល្អជាង ។

៣. ពេញចិត្តនឹងផ្នែកសិចស៊ីរបស់អ្នក
ស្ត្រីគ្រប់រូបប្រហែលជាមិនអាចមានរាងដូចតារាម៉ូដែលអាជីពទេ ប៉ុន្តែប្រាកដណាស់អ្នកពិតជាមានចំណុចល្អណាមួយ ឬខ្លះដែលអ្នកត្រូវលើកសរសើរពីខ្លួនឯង និងមានមោទនភាព ដូចជា ដើមទ្រូងធំណែន ត្រគាកសាយមូល ជើងទាំងគូ ស្រឡូនជាដើម ទាំងនេះសុទ្ធសឹងជាចំណុចដែលជាបច្ច័យដល់ការកសាងទំនុកចិត្តរបស់អ្នក។

៤. ចងចាំ និងរក្សាទុកឃ្លាសរសើររបស់មិត្តភក្តិ និងគ្រួសារ
មិនថាម្តងម្កាលឬញឹកញាប់ទេ នៅពេលអ្នកលឺពាក្យសរសើរស់អ្នកជុំវិញខ្លួនអ្នកត្រូវចងចាំទុកឬសរសេរបិទនឹងកន្លែងដែលអ្នកឧស្សាហ៍ដើរកាត់ ដើម្បីរំឭកខ្លួនឯងថាអ្នកជាមនុស្សពិសេសនិងស្រស់ស្អាតក្នុងក្រសែភ្នែកមនុស្សជុំវិញដោយគ្មានការបោកកុហកខ្លួនឯងឬបំភ្លៃការពិតលួងចិត្តខ្លួនឯងនោះទេ ។

៥. រំឭកខ្លួនឯង
នេះជារឿងចៀសមិនផុតដែលជួនកាលយើងបានលឺពាក្យបន្តុះបង្អាប់ពីមិត្តភក្តិឬអ្នកដែលមិនសូវជាចូលចិត្តយើង។ ឧទាហរណ៍ បើមានមិត្តរួមការងារប្រុសម្នាក់ថា ច្រមុះអ្នកកំប៉ិត មិនស្អាតទេ អ្នកគួរចេះនិយាយប្រាប់ខ្លួនឯងវិញថាមិត្តម្នាក់នោះជាមនុស្សមិនល្អ កុំទៅយកចិត្តទុកដាក់ធ្វើអ្វី ។

៦. ប្រកាន់ជំហររឹងមាំ និងលើកតម្លៃខ្លួនឯង
ហេតុអ្វីក៏អ្នកមិនអាចធ្វើល្អចំពោះខ្លួនឯងស្រឡាញ់ខ្លួនឯង មើលថែខ្លួនឯងឱ្យដូចជាពេលដែលអ្នកព្យាយាមធ្វើដាក់អ្នកជុំវិញខ្លួន? អ្នកអាចលួងលោមក្រុមគ្រួសារ លើកទឹកចិត្តមិត្តភក្តិនិងការពារអ្នកជាទីស្រឡាញ់ដូចគ្នាប្រសិនបើអ្នកបាត់បង់ជំនឿចិត្តលើខ្លួនឯងអ្នកក៏គួរប្រើវិធីនេះចំពោះខ្លួនឯងបានដែរ ៕

ប្រភព៖ pmhotnews

  • ៦ វិធី បង្កើន​ជំនឿ​ចិត្ត​លើ​រូបរាង​ខ្លួនឯង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:ចំនេះដឹង
Tags: