មន្ត្រី​សិទ្ធិមនុស្ស​ខេត្ត​កោះកុង​ចាត់​ទុក​សវនាការ​លើ​សកម្មជន​បរិស្ថាន​៣​រូប​ថា​មាន​​ភាព​អាថ៌កំបាំង

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ​ខេត្ត​កោះកុង លោក អ៊ិន គង់ចិត ដែល​កំពុង​តាមដាន​​សវនាការ​លើ​សកម្មជន​បរិស្ថាន​៣​រូប ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ ដោយ​ចាត់​ទុក​សវនាការ​នេះ​ថា មាន​ភាព​អាថ៌កំបាំង ហើយ​លោក​អំពាវនាវ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ចូលរួម​ឃ្លាំ​មើល​សវនាការ​នេះ ដោយ​ទូលំទូលាយ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា សាលាដំបូង​ខេត្ត​កោះកុង​បើក​សវនាការ​​ជំនុំ​ជម្រះ​ក្ដី​លើ​សកម្មជន​ការពារ​បរិស្ថាន ៣​រូប គឺ​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង ដែល​ត្រូវ​តុលាការ​នេះ ឃុំ​ខ្លួន​ជិត​មួយ​ឆ្នាំ​ហើយ។

ក្នុង​សវនាការ​នេះ តុលាការ​អនុញ្ញាត​ឲ្យ​តែ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ម្នាក់ មេធាវី​មួយ​រូប និង​សាក្សី​ម្នាក់​ប៉ុណ្ណោះ ចូលរួម​ក្នុង​សវនាការ ដោយ​មន្ត្រី​សិទ្ធិមនុស្ស និង​ពលរដ្ឋ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ។

ចំណែក​នៅ​មុខ​តុលាការ​នា​ថ្ងៃ​នេះ មាន​ពលរដ្ឋ​ជិត​១០០​នាក់ មក​ពី​ស្រុក​ថ្មបាំង ស្រុក​ស្រែអំបិល ស្រុក​កោះកុង និង​ស្រុក​គិរីសាគរ កំពុង​ឃ្លាំ​មើល​សវនាការ​នេះ ហើយ​ពួកគេ​សុំ​ឲ្យ​តុលាការ​ដោះលែង និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ចំពោះ​អ្នក​ទាំង​៣។ ដោយឡែក​ក្នុង​ចំណោម​ពួកគេ​ភាគ​ច្រើន មិន​មាន​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ខ្មៅ​ដូច​ការ​អះអាង​ឡើយ គឺ​មាន​តែ​មនុស្ស​៣-៤​នាក់ ប៉ុណ្ណោះ​ដែល​ស្លៀកពាក់​ពណ៌​ខ្មៅ។

សកម្មជន​ទាំង ៣​រូប គេ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង សម្រេច​ឃុំ​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ពី​បទ​គំរាម​កំហែង ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​តាម​មាត្រា​៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ព្រែក​អណ្ដូងទឹក ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ។

ចំពោះ​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​៣ ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌ និង​ខុស​នីតិវិធី​ច្បាប់។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។