អាណិត​ណាស់ ! គ្មាន​បាយ​មួយ​គ្រាប់​ក្នុង​ពោះ ហើយ​ដើរ​រាប់​សិប​គីឡូម៉ែត្រ​រហូត​ដួល​សន្លប់

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​រាប់​សិប​គីឡូម៉ែត្រ​រហូត​ដួល​សន្លប់​ស្តូកស្តឹង​នៅ​លើ​ថ្នល់​ម្នាក់ឯង ហើយ​ត្រូវ​បាន​អ្នកលក់​ខ្យង​តាម​ម៉ូតូ​ប្រទះ​ឃើញ​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ទើប​រួច​ពី​សេចក្តីស្លាប់ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៧៨ ស្ថិត​ក្នុងភូមិ​ប៉ា​អរ ឃុំ​ប៉ា​តេ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

ប្រភព​ពី​បុរស​រង​គ្រោះ​ខាងលើ​បានឱ្យ​ដឹង​ថា គាត់​ឈ្មោះ គឿ​ន សីហា អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ស្រុក​អូរ​ជុំ​(​មិន​មាន​ទូរស័ព្ទ​ដៃ​ប្រើប្រាស់​ទេ​) ។ បុរស​រង​គ្រោះ​បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ គាត់​​បាន​ចេញពី​ស្រុក​អូរ​ជុំ ដើម្បី​ស្វែងរក​បងថ្លៃ ព្រោះ​ទូរស័ព្ទ​រក​គាត់​តាម​រយៈ​លេខ​ទូរស័ព្ទ ០៩៦ ៨៥៤ ១៨៩៦ អត់​ចូល ដែល​បងថ្លៃ​របស់​គាត់​រស់នៅ​ឃុំ​ប៉ក​ញ៉ៃ មុខរបរ​ធ្វើ​សិប្បកម្ម​ឈើ​នៅ​ស្រុក​អូ​រយ៉ា​ដាវ ។

បុរស​រង​គ្រោះ​បន្ត​ទៀត​ថា ពេល​ចេញពី​ស្រុក​អូរ​ជុំ​សុំ​ដោយសារ​ឡាន​គេ​ជិះ លុះ​ទៅ​ដល់​គោលដៅ​ស្រាប់តែ​សួរ​រក​បង​មិនឃើញ​អស់សង្ឃឹម​ក៏​វិល​ត្រឡប់​មក​ក្រុង​បាន​លុង​វិញ​ដោយ​ថ្មើរជើង អត់​លុយកាក់​មួយ​សេន​ក្នុង​ហោ​ប៉ាវ ហើយ​ធ្វើ​ដំណើរ​ក្នុង​ចំងាយ​ផ្លូវ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ព្យុះ​ភ្លៀង​ពេញ​មួយ​ថ្ងៃ រួម​ផ្សំ​និង​ដាច់​បាយ​ថែម​ទៀត​នោះ​ក៏​ងងឹតមុខ​ដួល​តែ​ម្តង ៕