ឈ្មួញ​ឈ្មោះ ឡា​ច ថា​រី បន្ត​អាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់​តាម​អំពើ​ចិត្ត​នៅ​ស្រុក​កំពង់សៀម​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​មៀង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ឡា​ច ថា​រី កំពុង​ធ្វើ​ស​ក្មម​ភាព​បូម​ខ្សាច់​យ៉ាង​គឃ្លើន​ក្នុងខណៈដែល​អាជ្ញាប័ណ្ណ​របស់ខ្លួន​អស់​សុពលភាព​។ មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ស្រុក​កំពង់សៀម បាន​សង្ស័យថា​មានការ​បើកដៃ​ពី​លោក លី ចាន់​ធី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ចាម ទើប​ឈ្មួញ​ឈ្មោះ ឡា​ច ថា​រី ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​ឈ្មួញ​ឈ្មោះ ឡា​ច ថា​រី ធ្វើ​អ្វីៗ​បំពាន​ច្បាប់​តទៅទៀត​។

ថ្មីៗ​នេះ​លោក លី ចាន់​ធី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា​អាជ្ញាប័ណ្ណ​របស់​ឈ្មួញ​ឈ្មោះ ឡា​ច ថា​រី ពិតជា​ហួស​សុពលភាព​មែន ហើយ​ថា​ការដែល​ម្ចាស់​អាជីវកម្ម​អាច​បន្ត​បូម​ខ្សាច់​បាន​នោះ គឺ​ដោយសារ​គេ​បានដាក់​ពាក្យសុំ​សិទ្ធិ​បន្តធ្វើ​អាជីវកម្ម​រួចហើយ​។ សំដី​របស់លោក លី ចាន់​ធី បែបនេះ​មានន័យថា លោក​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​បទល្មើស​បូម​ខ្សាច់​របស់​ឈ្មួញ​ឈ្មោះ ឡា​ច ថា​រី យ៉ាងច្បាស់​ក្រឡែត​ព្រោះ​តាមច្បាប់​ឈ្មួញ​មិនអាច​បូម​ខ្សាច់​បានទេ នៅពេល​អាជ្ញាប័ណ្ណ​របស់ខ្លួន​ហួស​សុពលភាព​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​ត្បូងឃ្មុំ អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ពិនិត្យមើល​ករណី​ខាងលើនេះ​ផង ព្រោះ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ចាម បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ឡា​ច ថា​រី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បើទោះបី​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​របស់​ឈ្មួញ​រូបនេះ​ផុត​សុពលភាព​ក៏ដោយ​។

មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា​គ្រប់​អាជីវកម្ម​បូម​ខ្សាច់​ក្រោយពេល​អាជ្ញាប័ណ្ណ​របស់ខ្លួន​ហួស​សុពលភាព គឺ​ម្ចាស់​អាជីវកម្ម​ត្រូវ​រៀបចំ​ឯកសារ​បែបបទ​សុំ​បន្ត​សិទ្ធិ​ពី​មន្ទីរ​រ៉ែ​និង​ថាមពល មុន​ពេលដែល​អាជ្ញាប័ណ្ណ​ត្រូវផុត​កំណត់​រយៈពេល​២​ខែ​។ ប៉ុន្តែ​ករណី​ឈ្មួញ​ឈ្មោះ ឡា​ច ថា​រី ហាក់ដូច​ជាមាន​អាទិភាព​ពិសេស​ដោយមាន​ការឃុបឃិត​ជាមួយ​លោក លី ចាន់​ធី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ចាម ទើប​ហ៊ាន​បន្តធ្វើ​សកម្មភាព​បូម​ខ្សាច់​នៅ​ភូមិ​កោះ​តា​មៀង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក លី ចាន់​ធី ឃុបឃិត​ជាមួយ​ឈ្មួញ​ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕

sdfលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល Hong-0462