មន្ត្រី​យោធា​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​បន្ត​ឃុបឃិត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ដី​សៀម​

ក្នុង​សប្តាហ៍​កន្លងមកនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​៤០​នាក់ ដែល​ឡើង​ភ្នំ​តាម ច្រក​អូរ​ខ្សាច់ ក្នុង​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះបាន​ប្រាប់ថា ពួកគាត់​ឡើង​ភ្នំ​ឆ្លងដែន​ចូល​ទឹកដី​សៀម ដើម្បី​ទៅរក​ការងារ​ធ្វើ និង​មួយចំនួនទៀត​ទៅ​លួច​កាប់​ឈើ​គ្រញូង​ឱ្យឈ្មោះ ព្រាប សារិន ជា​មន្ត្រី​យោធា​ម្នា​ក់នៅ​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៦ ដែល​ឈរជើង​នៅ​តំបន់​អូរ​ប្ញ​ស្សី និង​ច្រក​អូរ​ខ្សាច់ ។​

ករណី​ប្រជាពលរដ្ឋ​ចំណាកស្រុក និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​ជាប់​ខ្សែបន្ទាត់​ព្រំដែន បាន​សម្រុក​ឡើង​ភ្នំ​ឆ្លងដែន​រក​ការងារ​ធ្វើ និង​ចូល​កាប់​ឈើ​គ្រញូង​នៅក្នុង​ទឹកដី​សៀម ត្រូវ​មន្ត្រី​សិទ្ធិមនុស្ស​បញ្ជាក់ថា ប្រព្រឹត្តទៅបាន​ក្រោម​ការបើក​ភ្លើង​ខៀវ​ពី​សំណាក់​មន្ត្រី​យោធា ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន ហើយ​ឈ្មួញ​ឈើ​គ្រញូង​ឈរជើង​ចាំ​ទិញ​ក្នុង​ទឹកដី​កម្ពុជា ក៏​ជា​ឈ្មួញ​ជាប់​ខ្សែ​សមត្ថកិច្ច​ដែរ​។ ដូច្នេះហើយ​វិធានការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព​ឡើយ​។​

ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ឡើង​ភ្នំ​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​សៀម​តាម​ភូមិសាស្ត្រ​ស្រុក​ត្រពាំង​ប្រាសាទ​បាន​បញ្ជាក់ថា ឈ្មោះ ព្រាប សារិន ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​យោធា​គឺជា​អ្នក​នាំ​ផ្លូវ ហើយ​ពេល​ទម្លាក់​ឈើ​មកដល់​ដី​កម្ពុជា មាន​ថៅកែ​ស្រី​ម្នាក់​មិន​ស្គាល់ឈ្មោះ ដែលមាន​ផ្ទះ​នៅ​ជិត​ផ្សារ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ចាំ​ទិញ​ឈើ​គ្រញូង​នៅក្នុង​ទឹកដី​កម្ពុជា ហើយ​ដឹក​បន្ត​យកទៅលក់​នៅក្នុង​ខេត្តសៀមរាប និង​បាត់ដំបង​។​

គួរ​បញ្ជាក់ថា បើទោះបីជា​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ជាច្រើនរូប បានប្រកាស​ឱ្យកម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន និង​អាជ្ញាធរ ត្រូវធ្វើ​ការទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​នៅ​ទូទាំងប្រទេស ពិសេស​ករណី​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​នៅលើ​ទឹកដី​សៀម​ក៏ដោយ ក៏ ពលរដ្ឋ​ខ្មែរ​នៅតែ​អាច​បន្ត​ឡើង​ភ្នំ​ដងរែក ឆ្លងដែន​ចូល​ទឹកដី​សៀម​ដោយ​ខុសច្បាប់​ដដែល​៕

KA-woodIllegal logger in Oddar Meanchey 02 (KS)IMG-20160505-WA0002(1)