បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​និង​អាជីវកម្ម​រណ្ដៅ​ដី​ក្នុង​ក្រុង​សៀមរាប កើតឡើង​យ៉ាង​អនាធិបតេយ្យ​

​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​សំបួរ សង្កាត់​សៀមរាប សង្កាត់​ស្វាយដង្គំ និង​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ​ឈ្មួញ​ប្រមាណ​១០​នាក់​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក និង​ជីករណ្ដៅ​យក​អាចម៍ដី​លក់​យ៉ាង​ពេញបន្ទុក​ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ឬ​មន្ត្រី​អាជ្ញាធរ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ តំបន់​ដែល​កើតមាន​បទល្មើស​យ៉ាង​គគ្រឹកគគ្រេង គឺ​ព្រៃ​លិច​ទឹក​ចំណុច​ខាងជើង​ភ្នំ​ក្រោម សង្កាត់​ចុង​ឃ្នៀ​ស ហើយ​ច្រើន​ឆ្នាក​ន្ល​ង​មកនេះ​មិនទាន់​ឃើញ​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​សង្កាត់ អាជ្ញាធរ​ក្រុង​សៀមរាប ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ សូម្បីតែ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក៏​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​ឈូសឆាយ​ព្រៃ​លិច​ទឹក និង​រណ្ដៅ​ដី​ជម្រៅ​ដល់​ក្បាល​ប្រេត​នោះដែរ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ដូច​រៀបរាប់​ឈ្មោះ​ខាងលើ​បាន​ឲ្យ​ដឹងថា សកម្មភាព​ឈ្មួញ​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក ហើយ​ជីករណ្ដៅ​ដី​ធំៗ​ដឹកជញ្ជូន​អាចម៍ដី​ធ្វើ​អាជីវកម្ម​នោះ បានកើត​មាន​យូរ​ឆ្នាំ​មកហើយ​។ ប្រជាពលរដ្ឋ​សង្ស័យថា​មន្ត្រី​អាជ្ញាធរ​សង្កាត់ អាជ្ញាធរ​ក្រុង និង​អាជ្ញាធរ​ខេត្តសៀមរាប ទំនងជា​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ឈ្មួញ​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី ទើប​ពួកគេ​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែ​ខ្លាំងក្លា​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ព្រៃ​លិច​ទឹក​រាប់រយ​ហិកតា​ត្រូវបាន​បំផ្លាញ ហើយ​នៅក្នុង​តំបន់​នោះ​មាន​រណ្ដៅ​ដី​ធំៗ​ជាច្រើន​កន្លែង​ជម្រៅ​ជ្រៅៗ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជម្រក​ត្រី​ពង​កូន ក៏ដូចជា​បរិស្ថាន​ធ្មំ​ជាតិ​។

មន្ត្រីរាជការ​សាលាក្រុង​សៀមរាប​មួយចំនួន​បាន​លើកឡើងថា កន្លងមក​ប្រជាពលរដ្ឋ​តែងតែ​បិទផ្លូវ​តវ៉ា​ដោយសារ​ក្រុមហ៊ុន​អាជីវកម្ម រណ្ដៅ​ដី​បាន​ប្រើប្រាស់​រថយន្ត​ដឹក​ដី​ធំៗ​ធ្វើ​ឲ្យ​ខូច​ផ្លូវលំ​ក្នុង​មូលដ្ឋាន និង​មាន​ធូលី​ដី​ហុយ​សំពោង​ពេញ​ភូមិ​។ មន្ត្រីរាជការ​សាលាក្រុង​សៀមរាប ក៏បាន​បង្ហាញ​ការសង្ស័យ​ដែរ​ថា​លោក ស៊ូ ប្លា​តុង អភិបាលក្រុង​សៀមរាប ក៏ដូចជា​មន្ត្រីរដ្ឋបាល​ជលផល​ក្រុង​សៀមរាប និង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប ប្រហែល​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ក្រុម​ឈ្មួញ​បំផ្លាញ​ព្រៃ​លិច​ទឹក និង​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ថា ប្រសិនបើ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទេនោះ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក និង​អាជីវកម្ម​រណ្ដៅ​ដី​ក្នុង​សង្កាត់​សំបួរ សង្កាត់​សៀមរាប សង្កាត់​ស្វាយដង្គំ និង​សង្កាត់​ចុង​ឃ្នៀ​ស កុំ​ឲ្យ​រាលដាល​តទៅទៀត​៕

13551175_1567003473595229_744931978_nលោក ឃឹម ​ប៊ុនសុង អភិបាលខេត្តសៀមរាប srs