​លោក កឹម សុខា ស្នើ​ឲ្យ​គ្រូ​បង្គោល​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តោតលើ​កិច្ចការ​សំខាន់​៥​ចំណុច​

លោក កឹម សុខា ក្នុងនាម​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ម្សិលមិញ​បាន​ថ្លែង​ចំណាប់អារម្មណ៍​បិទ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ទាំង ១៩៧ ក្រុង​-​ស្រុក​-​ខណ្ឌ វគ្គ​ទី​១ ក្រុមទី​២​។ លោក កឹម សុខា បានស្នើ​ឲ្យ​គ្រូ​បង្គោល​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៩៧​នាក់​ផ្តោតលើ​កិច្ចការ​សំខាន់​៥​ចំណុច​ដែល​កិច្ចការ​ទាំងនេះ​មាន​សារៈសំខាន់​ជួយ​ដោះស្រាយ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន និង​ជាការ​ត្រៀមលក្ខណៈ​សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ​ផងដែរ​។​

ក្នុងការ​ថ្លែង​ចំណាប់អារម្មណ៍​បិទ​វគ្គ​បណ្ដុះបណ្ដាល​ខាងលើនេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បានបញ្ជាក់​ទៅកាន់​សិក្ខាកាម ផ្តោតលើ​កត្ដា​សំខាន់ៗ​មួយចំនួន ដើម្បី​ដណ្តើមយក​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ខាងមុខ ដូចជា​៖ ទី​១-​ស្ថានភាព​ខ្លួន​យើង​ផ្ទាល់​គឺ ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ទី​២-​ស្ថានភាព​គូប្រកួត​យើង​គឺ ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់គេ​។ ទី​៣-​ស្ថានភាព​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​គឺ កំណត់ដោយ​ក្រុម​គោលដៅ​នីមួយៗ តើ​ពួកគាត់​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​បែបណា និង​ត្រូវការ​អ្វី​? ទី​៤-​ស្ថានភាព​ប្រព​ន្ធ័​ច្បាប់​គឺ យន្តការ​និង​ស្ថាប័ន​ពាក់​ព​ន្ធ័​ដូចជា​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ជាដើម ។ ទី​៥-​បរិយាកាស​នយោបាយ​ទូទៅ​គឺ អំណោយផល ឬ មិន​អំណោយផល​យ៉ាងណា​?

គួររំលឹកថា ថ្មីៗ​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា បើទោះជា​ស្ថានការណ៍​នយោបាយ​កំពុង​អាប់អួ​ក្នុងពេល​បច្ចុប្បន្ននេះ​មិនមែនជា​ការចង់បានរ​បស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ពិតមែន តែ​ស្ថានការណ៍​នេះ​មិន​បានធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាត់បង់​ប្រជាប្រិយភាព​នោះទេ តែ​ផ្ទុយទៅវិញ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​ម្ចាស់ឆ្នោត​កាន់តែ​ច្រើនឡើង​។​

លោក អេង ឆៃអ៊ាង បាន​ពន្យល់ថា ទោះជា​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុ​ជាមាន​ការលំបាក​យ៉ាងណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ព្យាយាម​ជំនះ​គ្រប់​ឧបសគ្គ និង​ជំរុញ​ឲ្យ​ស្ថានការណ៍​នយោបាយ​មាន​ភាពប្រក្រតី ដើម្បី​ធានា​ឲ្យ​មានការ​បោះឆ្នោត​នៅពេល​ខាងមុខ​៕

13524278_1390982980918997_1404581841822114611_n 13532947_1390983117585650_1511390534737797127_n 13495087_1390983327585629_861126967438154723_n​    ​