ស្ត្រី​ចំណាស់​ម្នាក់​ស្រវឹង​ស្រា​លង់ទឹក​ស្លាប់​

ស្ត្រី​ចំណាស់​ម្នាក់​ស្រវឹង​ស្រា​លង់ទឹក​ស្លាប់​



ឧត្តរមានជ័យ ៖ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ ​ប្រទះឃើញ​ស្លាប់​ក្នុង​ទឹកស្រះ​លោក ក្នុង​វត្ត​រុងរឿង​ស្ថិតនៅ​ក្នុង​ភូមិ​រុងរឿង ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៦​។

លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន ឈ្មោះ ថៃ ធី ភេទ​ស្រី អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ ឃុំ ខាងលើ​។ តាម​សម្តី​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ខាងលើ​តែងតែ​ផឹក​ស្រា​ស្រវឹង​រាល់ថ្ងៃ។ ពេល​ស្រវឹង​ម្តងៗ​តែងតែ​ដើរ​មិនសូវ​ចូល​ផ្ទះ​ និង​ដេក​មិនសូវ​រើស​កន្លែង​នោះ​ទេ ហើយ​តែងតែ​ទៅ​ងូត​ទឹកស្រះ លោក​ស្ថិត​នៅ​ក្នុង​វត្ត​ខាងលើ។ លុះ​នៅ​ថ្ងៃ​កើតហេតុ ​ស្ត្រី​រងគ្រោះ​ស្រវឹង​ស្រា​ ក៏បាន​ទៅ​ងូតទឹក​ដូច​សព្វដង ក៏​រអិល​ជើង​ធ្លាក់​ក្នុង​ទឹក​ជ្រៅ។ ពេលនោះ​ប្រជាពលរដ្ឋ​ដើរមក​ដងទឹក​ ក៏​ប្រទះឃើញ​សក់​ក្បាល ​ក៏​នាំគ្នា​ជួយ​ស្រង់ ដើម្បី​សង្គ្រោះ តែ​យឺត​ពេល​ទៅ​ហើយ​។

ក្រោយពី​កើតហេតុ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល​ ក៏បាន​ពិនិត្យ​សាក​សព ឃើញថាពិតជា​ស្លាប់​ដោយសារ​លង់ទឹក​មែន​៕