ស្ត្រី​​​​​​​​​​​​​សិង្ហបុរី​​​​ ចាញ់​បោក​​​​អ្នក​ទូរសព្ទ​​ពីក្រៅ​ប្រទេស​​អស់​ជាង​​​៧​ម៉ឺន​ដុល្លារ

ស្ត្រី​ចំណាស់​​ជនជាតិ​​សិង្ហបុរី​​​​​​​​​​​​ម្នាក់​​​ បាន​​​​ចាញ់​បោក​​​​​​​ ​អ្នក​ហៅ​ទូរសព្ទ​​ពី​ក្រៅ​ប្រទេស​​​ចំនួន​​​ ១០​ម៉ឺន​​ដុល្លារ​សិង្ហបុរី​ ​ឬ​​ប្រមាណ​​​​ ៧៣​​៤​​០០​​ដុល្លារ​អាមេរិក​​ ​​​ពី​​​​​ក្នុង​គណនី​សន្សំ​ប្រាក់​​​​​​​​​របស់​ធនាគារ​​​​ DBS Bank។

 

ស្ត្រី​​​​​​​​​​​​​សិង្ហបុរី​​​​ ចាញ់​បោក​​​​អ្នក​ទូរសព្ទ​​ពីក្រៅ​ប្រទេស​​អស់​ជាង​​​៧​ម៉ឺន​ដុល្លារ
​​​​​​​​​​​​​​​​
ជន​រងគ្រោះ​​​​​​ចាញ់​បោក​​ដោយ​សារ​មាន ​​អ្នក​ទូរសព្ទ​​ពី​បរទេស​​​​​​​បន្លំ​​​​​ខ្លួន​​ជា​មន្ត្រី​​​​របស់​​ប្រទេស​នោះ​ ​ហើយ​​ប្រាប់​​ជនរងគ្រោះ​ថា​​​ ​កញ្ចប់​​ឥវ៉ាន់​​​​​ដាក់​ទំនិញ​ខុស​ច្បាប់​ជា​ច្រើន​​​​ ដែល​ដឹក​​តាម​​កប៉ាល់ ​​បាន​​ដាក់​​ឈ្មោះ​ជន​រងគ្រោះ​។​

 

កូន​​ស្រី​ជន​​រងគ្រោះ​​អ្នក​ស្រី​ C.Ong វ័យ​​៤៥​ឆ្នាំ​​​ថា ​​​ម្ដាយ​​គាត់​​បាន​ទទួល​ទូរសព្ទ​​​​​បែប​​នេះ​ចាប់​តាំង​​ពី​ខែ​​មេសា​មក​ម្ល៉េះ។ ​ជន​បោក​ប្រាស់​​​​​អះអាង​ថា​​ ខ្លួន​​ជា​​​មន្ត្រី​​ប៉ូលិស​ចិន​ ​ហើយ​ប្រាប់​​ជនរងគ្រោះ​វ័យ​ ​៧៨​ឆ្នាំ​​ខាង​លើ​ថា ​​គាត់​​​កំពុង​​ត្រូវ​ប៉ូលិស​ស៊ើប​អង្កេត​ករណី​​ពុក​រលួយ​ហើយ​។​​ ​ជន​​នោះ​​​បាន​ប្រាប់​​​​​​​​ជនរងគ្រោះ​​ទៀត​ថា ​​ពួកគេ​​​នឹង​ទិញ​ទូរសព្ទ​​​​មួយ​​​ឲ្យ​​គាត់​មួយ​គ្រឿង​​​ ដើម្បី​​ងាយ​ទាក់​ទង​គ្នា​ផ្ទាល់​។ ​ពួក​​គេ​បាន​សុំ​​​ព័ត៌មាន​​​ផ្ទាល់​ខ្លួន​​ និង​ព្រមាន​​ជនរងគ្រោះ​​​មិន​​ឲ្យ​ប្រាប់​​​​អ្នក​​​​ដទៃ​ជា​ដាច់​ខាត សូម្បី​សមាជិក​គ្រួសារ​។

 

​​​​​​​​​​​​​​​​ដោយ​​ខ្លាច​​​ពី​​សុវត្ថិភាព​​ក្រុម​គ្រួសារ ​​​​​គាត់​​បាន​​ទៅ​​ដក​​លុយ​​​​ពី​ម៉ាស៊ីន BM (ស្រដៀង​ ATM) នៅ​ទីតាំង Marine Parade ចំនួន​​ ​១០​ម៉ឺន​ដុល្លារ​សិង្ហបុរី​​​ ​ហើយ​បាន​​ផ្ញើ​ប្រាក់​ទាំង​​នោះ​​​​ទៅ​ឲ្យ​​​ធនាគារ​ចិន​តាម​រយៈ​សាខា​ Beijing West ​ទៅ​ឲ្យ​​ជន​ល្មើស​តែ​ម្ដង។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រយៈពេល​​​​២​ថ្ងៃ​​ក្រោយ​​​ ​​​​​​ក្រុម​បោក​ប្រាស់​បាន​​ដាក់​សម្ពាធ​​​ឲ្យ​គាត់​​ផ្ទេរ​​ប្រាក់​​ចំនួន​​​ចំនួន​​ ១០​ម៉ឺន​​​​ដុល្លារ​សិង្ហបុរី​​បន្ថែម​ទៀត​​។ ​​បន្ទាប់​មក​ គាត់​បាន​​​​​​​​​ទៅ​កាន់​​ភ្នាក់​​ងារ​ផ្ទេរ​ប្រាក់ តែ​​​ភ្នាក់​ងារ​​​​​​​​បដិសេធ​​មិន​​ផ្ញើ​​ឲ្យ​ ដោយ​សារ​​​វា​មាន​ចំនួន​​ទឹក​ប្រាក់​ច្រើន​ពេក​ ​ក្នុង​រយៈ​ពេល​ផ្ទេរ​ប្រាក់​​ខ្លី​​ប៉ុណ្ណោះ។

 

ក្រោយ​​មក​​ភ្នាក់​ងារ​បាន​ទូរសព្ទ​​ហៅ​កូន​ស្រី​​របស់​គាត់ គឺ​​​​​​អ្នក​ស្រី​ Ongមក​ជួយ​​បញ្ជាក់​​​ ទើប​ដឹង​​ថា​​គាត់​ចាញ់បោក​​​គេ​តែ​ម្ដង។​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​ស្រី​​​បាន​​​​​​សម្ដែង​អារម្មណ៍​សោក​ស្ដាយ​​​ក្នុង​ការ​បាត់​បង់​ទឹក​ប្រាក់​ដ៏​ច្រើន​​ទៅ​ជន​​ទុច្ចរិត​​ ​តែ​​គាត់​​​ក៏​បារម្ភ​​​​ផ្លូវ​​ចិត្ត​​របស់​​ម្ដាយ​​ខ្លាំង​ដែរ។ ពេល​នេះ​​ប៉ូលិស​​បាន​សហការ​​គ្នា​​ស៊ើប​អង្កេត​​ស្វែង​រក​​​ចាប់​ខ្លួន​ជន​ល្មើស​​ហើយ៕

 

ចុចអាន៖ សិង្ហបុរី​ជាប់​ឈ្មោះ​​​មាន​​ព្រលាន​យន្តហោះ​ល្អ​ដាច់​គេ​បី​ឆ្នាំ​ជាប់​គ្នា

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Strait Times​​​​
​​