ខ្មែរ​នៅ​អ៊ឺរ៉ុប​ដាក់​ញត្តិ​ទៅ​សភា​អ៊ឺរ៉ុប ដើម្បី​សុំ​ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ

នៅក្នុងការជួបជុំគ្នា ធ្វើបាតុកម្ម នៅមុខអាគាររដ្ឋសភាអ៊ឺរ៉ុប កាលពីថ្ងៃសៅរ៍ទី ២៥ ខែមិថុនានេះ នៅកណ្ដាលរាជធានីប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ក្រុមបាតុករ បានធ្វើជាញត្តិមួយ ដែល​មាន​សរសេរ​ជា​ភាសា​ខ្មែរ និង​ភាសា​បារាំង ផ្ញើ​ជូន​ទៅ​តំណាងជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប។ ទស្សនាវដ្ដី​សូម​ផ្សាយ​ជូន​ពី​ញត្តិ​ទាមទារ​នេះ ដែលអានជូនដោយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់ គឺ​លោក ថៃ មករា និងកញ្ញា លឹម កន្និការ។
ខ្មែរ​នៅ​អ៊ឺរ៉ុប​ដាក់​ញត្តិ​ទៅ​សភា​អ៊ឺរ៉ុប ដើម្បី​សុំ​ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ

សកម្មភាពបាតុកម្ម នៅមុខអាគារសភាអ៊ឺរ៉ុប នៅរាជធានីប៊្រុយសែល ប្រទេសប៊ែលហ្សិក។ (រូបថតហ្វេសប៊ុក)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានផ្សាយជូនជ្រាប ពីចុងសប្ដាហ៍កន្លងទៅនេះរួចហើយ ពីការជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​មួយ នៅមុខអាគារសភាអ៊ឺរ៉ុប កណ្ដាលរាជធានីប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ពីសំណាក់​បណ្ដា​ជន​មានដើមកំណើត​ខ្មែរ រស់នៅក្នុងទ្វីបអ៊ឹរ៉ុបខាងលិច។

ក្រុមបាតុករ ដែលអ្នករៀបចំអះអាងថា ភាគច្រើនមានមកពីប្រទេស បារាំង ប៊ែលហ្សិក និងអាល្លឺម៉ង់នោះ បាន​មកប្រជុំគ្នានៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែមិថុនានេះ ដោយបានលើកជាបដា និងថ្លែងជាមតិ ប្រាប់ទៅ​សហគមន៍​អ៊ឺរ៉ុប ដែលជាដៃគូផ្ដល់ជំនួយដ៏សំខាន់មួយ របស់កម្ពុជា ឲ្យជួយចូលរួមឈឺឆ្អាលកាន់តែខ្លាំងឡើង ទៅ​លើ​ព្រឹត្តិការណ៍​ចាប់ចង ដាក់ឃុំចុងក្រោយបង្អស់ ដែលក្រុមបាតុករបានអះអាងថា ជាការរំលោភសិទ្ធ រំលោភ​ច្បាប់​ធ្ងន់ធ្ងរ ពីសំណាក់អាជ្ញាធររដ្ឋាភិបាលកម្ពុជា។

នៅក្នុងបាតុកម្មនោះ ក្រុមបាតុករក៏បានរៀបចំធ្វើជាញត្តិមួយ ដែលមានសរសេរជាភាសាខ្មែរ និងភាសាបារាំង ដាក់ជូនទៅអ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និងនយោបាយសន្តិសុខ (ឬហៅម្យ៉ាងទៀត ជាប្រមុខការទូតអ៊ឺរ៉ុប) ដើម្បីស្នើសុំឲ្យ​អ្នកស្រី​ជួយ​អន្តរាគមន៍ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់នូវការចាប់ខ្លួន ចំពោះប្រជាពលរដ្ដស្លូតត្រង់ ហើយ​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង ចំពោះអ្នកទោសនយោបាយទាំងអស់។

ញត្តិដែលអានដោយ​ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ​នៅក្រៅប្រេទេស លោក ថៃ មករា និងកញ្ញា លឹម កន្និការ នោះ ក៏មានសរសេរដែរ នូវការស្នើសុំឱ្យមានការធានា ដល់អង្ឭការសង្គមស៊ីវិលទាំងអស់ នៅក្នុងប្រទេសកម្ពុជា ឲ្យ​ពួក​គេ​មាន​សិទ្ធិ​បន្ត​ការងារ​របស់​ខ្លួន​ ដោយសេរី និងដោយគ្មានការគម្រាមកំហែង។

» រូបថតអ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី៖

ខ្មែរ​នៅ​អ៊ឺរ៉ុប​ដាក់​ញត្តិ​ទៅ​សភា​អ៊ឺរ៉ុប ដើម្បី​សុំ​ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ

មកដល់ព្រឹកនេះ នៅមិនទាន់មានប្រតិកម្មអ្វី ពីរដ្ឋាភិបាលកម្ពុជា ឬពីស្ថានទូតកម្ពុជា ប្រចាំនៅបណ្ដាប្រទេស ក្នុងទ្វីបអ៊ឺរ៉ុប​ខាង​លិច​នៅ​ឡើយ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងព្យាយាមស្វែងរកប្រតិកម្មទាំងនោះ ហើយ​នឹង​ធ្វើការ​ចុះ​ផ្សាយ នៅក្នុងអត្ថបទ​លើក​ក្រោយ។

» សូមទស្សនាវីដេអូ របស់ក្រុមបាតុករខ្លួនឯង ដែលបានបង្ហោះផ្សាយ នៅលើបណ្ដាញសង្គមដូចតទៅ៖