អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប អាច​ប៉ះពាល់​ដល់​កម្ពុជា​ឬទេ ?

រាជធានី​ភ្នំពេញ ៖ មនុស្ស​ម្នា​កំពុង​តែ​តាមដាន ថា​តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​លើ​ពិភពលោក ដោយសារ​តែ​ប្រជាជន​អង់គ្លេស​សម្រេច​ចាក​ចេញពី​សហភាព​អឺរ៉ុប ។ ផល​ប៉ះពាល់​ដំបូង បាន​ចាប់ផ្តើម​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ពិភពលោក​ទាំងមូល នៅ​ពេល​ប្រជាជន​អង់គ្លេស​ភាគច្រើន​បាន​សម្រេចចិត្ត​ដើរ​ចេញពី​សហភាព​អឺរ៉ុប ។ តម្លៃ​ភាគហ៊ុន​ទាំងអស់​បាន​ធ្លាក់​ចុះ លុយ​ផោន​ក៏​ធ្លាក់ ចំណែក​មាស​ឡើងថ្លៃ​មួយ​រំពេច ដោយ​ភាព​មិន​ប្រាកដប្រជា​នៃ​ប្រាក់​អឺ​រ៉ូ ។ ការ​ព្រួយបារម្ភ​រឹតតែ​ខ្លាំង​នោះ​ថា តើ​នឹង​មាន​ប្រទេស​ផ្សេង​ៗ​ទៀត​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដែរ​ឬទេ ?

សហភាព​អឺរ៉ុប​បែក​ខ្ចាយ អាច​នឹង​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​យើង ដោយសារ​តែ​សហភាព​អឺរ៉ុប គឺជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​របស់​កម្ពុជា និង​ជាទី​ផ្សារ​ធំ​សម្រាប់​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា ពិសេស​ឧស្សាហកម្ម​ផ្នែក​សម្លៀក​បំពាក់ ។

យោង​តាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ ការ​នាំ​ចេញ​សំលៀក​បំពាក់ និង​វាយ​ន​ភណ្ឌ ទៅ​សហភាព​អឺរ៉ុប គិត​ជា​ទឹកប្រាក់​មាន​ចំនួន​៧១៧,៨​លាន​ដុល្លារ​អា​មេ​រិ​ក ។

ដូច្នេះ កម្ពុជា​អាច​នឹង​បាត់បង់​ជំនួយ​ខ្លះ ព្រមទាំង​បាត់បង់​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​របស់​ខ្លួន បើសិនជា​ស្ថានភាព​នៅ​សហភាព​អឺរ៉ុប​កាន់តែ​ធ្ងន់ធ្ងរ ។ បើសិនជា​ការ​បញ្ជា​ទិញ​ផ្នែក​សម្លៀក​បំពាក់​ធ្លាក់​ចុះ​នោះ វា​នឹង​ធ្វើ​ឱ្យ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​ត្រូវ​បិទទ្វារ ។ ចំណែក​កម្មករ​មួយ​ចំនួន​អាច​នឹង​បាត់បង់​ការងារ ។

ដូច្នេះ កម្ពុជា​អាច​នឹង​រង​ផល​ប៉ះពាល់​ច្រើន​ផង​ដែរ នៅ​ពេល​ដែល​មានការ​រង្គោះរង្គើ​នៅ​សហភាព​អឺរ៉ុប តាម​រយ​:​ការ​ដើរ​ចេញ​របស់​ចក្រភព​អង់គ្លេស ឬ​ក៏​អាច​នឹង​មាន​ប្រទេស​ផ្សេង​ទៀត ដែល​ដើរ​ចេញពី​សហភាព​អឺរ៉ុប ។

ឥឡូវនេះ ភ្នែក​ពិភពលោក​ទាំងមូល​កំពុង​តែ​តាមដាន​ចំពោះ​អ្វី​ដែល​កើត​មាននៅ​ចក្រភព​អង់គ្លេស ព្រមទាំង​តំបន់​អឺរ៉ុប​ទាំងមូល ។

ដោយឡែក​នៅ​អង់គ្លេស​វិញ ប្រាក់​ផោន (​លុយ​អង់គ្លេស​) បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ដែល​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩៨៥​មក ដែល​បាន​ធ្លាក់​ចុះ​៨,៥%​កាលពី​ថ្ងៃ​សុក្រ ចុង​ស​ប្ដា​ហ៍​កន្លង​មក ធ្វើ​ឱ្យ​រូបិយ​វត្ថុ​មួយ​នេះ​ស្ថិត​ក្នុង​គំនាប​ដ៏​អាក្រក់​បំផុត​ដែល​ពុំ​ធ្លាប់​មាន បើ​ធៀប​នឹង​ការ​ធ្លាក់​ចុះ​៤,១%​កាល​អំឡុង​ពី​ឆ្នាំ​១៩៩២ គ្រា​ដែល​លុយ​ផោន​មិន​ត្រូវ​បាន​ទទួលស្គាល់​ពី​អត្រា​ប្តូរ​ប្រាក់​របស់​អឺរ៉ុប ។

លុយ​ផោន​មានការ​ប្រែប្រួល​ចាប់តាំងពី​ការ​ចាប់ផ្តើម​យុទ្ធនាការ​នេះ​ក្នុង​ខែកុម្ភៈ មក​ម្ល៉េះ ហើយ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ដូច​កាលពី​៧​ឆ្នាំ​មុន ខណៈ​ដែល​អតីត​អភិបាលក្រុង​ឡុ​ង​ដ៍ លោក Boris Johnson ប្រកាស​ការ​គាំទ្រ​ចំពោះ​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប (Brexit) ។

ដំណើរការ​ធ្វើ​ប្រជាមតិ​ចាកចេញ​របស់​អង់គ្លេស បាន​ធ្វើ​ឱ្យ​មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារកណ្តាល ព្រមាន​ពី​ហានិភ័យ​នៃ​ការ​ផ្តាច់ខ្លួន​ចេញពី​សហភាព​អឺរ៉ុប​នេះ ។ ប្រធាន​សហព័ន្ធ​បម្រុង លោក Janet Yellen បានឱ្យ​ដឹង​កាលពី​ស​ប្តា​ហ៍​មុន​ថា ការ​បោះ​ឆ្នោត គឺជា​កត្តា​មួយ​ដែល​ត្រូវ​បាន​ចាត់​ទុក​ដោយ​ពួក​មន្ត្រី ក៏​ដូច​ពួក​គេ​សម្រេច​រក្សា​អត្រា​ការ​ប្រាក់​ដុល្លារ​នៅ​ដដែល​ក្នុង​ខែ​នេះ ។

តម្លៃ​បាន​ផ្លាស់​ប្តូរ ដូចដែល​អ្នកវិភាគ​សេដ្ឋកិច្ច​ព្យាករ​ករណី​នៃ​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នេះ នៅ​ក្នុង​ការ​អង្កេត​របស់ Bloomberg កាលពី​ដើមខែ​នេះ ។ ក្នុង​ការ​អង្កេត​នោះ ភាគច្រើន​បង្ហាញ​ថា លុយ​ផោន​បាន​ធ្លាក់​ចុះ​ក្រោម​១,៣៥​ដុល្លារ បន្ទាប់​ពី​ការ​បោះ​ឆ្នោត ៕