សមត្ថកិច្ច​ខេត្តពោធិ៍សាត់ មិន​បង្ក្រាប​ឈ្មួញ​ឈ្មោះ ង៉ូ​វ ទី ដែល​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ង៉ូ​វ ទី នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្រុក​ភ្នំក្រវាញ យ៉ាង​អនាធិបតេយ្យ​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ សកម្មជន​ព្រៃឈើ​នៅក្នុង​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ង៉ូ​វ ទី ដែលមាន​លំនៅដ្ឋាន​ក្នុងភូមិ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ជា​អ្នកដឹកនាំ​កម្លាំង​ចូលទៅ​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​ដឹកជញ្ជូន​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​ពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​គ្មាន​ការរំខាន​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ឡើយ​។ ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ ង៉ូ​វ ទី បាន​ប្រើ​គោយន្ត​កន្ត្រៃ រថយន្ត​ធំៗ និង​រថយន្ត​កែច្នៃ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​អ្នក​រាប់​ក្បាល​យកលុយ​ទាំងយប់​ទាំង​ថ្ងៃ​។

តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ឈ្មួញ​ឈ្មោះ ង៉ូ​វ ទី បាន​ដឹកនាំ​កម្លាំង​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​កាន់តែខ្លាំង​ឡើងៗ​។ ឈើ​ទាំងនោះ​ត្រូវ​ដឹកយក​មក​ស្តុក​ទុក​នៅត្រង់ចំណុច​ទំនប់​ទី​៥ និង​ចំណុច​ខ្សាច់​ពូក នៅពេល​បាន​គ្រប់​ចំនួន​ទើប​មាន​រថយន្តស្ទូច​និង​រថយន្ត​កូរ៉េ​ធំៗ​២​ទៅ​៣​គ្រឿង​ដឹក​ចេញពី​តំបន់​នោះ​។ ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ ង៉ូ​វ ទី បាន​ប្រើប្រាស់​គោយន្ត​កន្ត្រៃ​ពី​១០​ទៅ​១៥​គ្រឿង​សម្រាប់​ដឹកឈើ​ចេញពី​ព្រៃ​ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​ឡើយ ព្រោះ​ពួកគេ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​រថយន្ត​ដឹកឈើ​ធំៗ​របស់​ឈ្មួញ​ឈ្មោះ ង៉ូ​វ ទី បើកបរ​កាត់មុខ​សាលាស្រុក​ភ្នំក្រវាញ​ជា​រៀងរាល់​យប់ ហើយ​យកទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុងស្រុក​បាកាន ក៏ដូចជា​យកទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​ពោធិ៍សាត់ និង​ក្រុង​បាត់ដំបង​ជាដើម​។ ជុំវិញ​បញ្ហា​នេះ​មន្ត្រី​អាជ្ញាធរ​ក៏ដូចជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា មន្ត្រី​ជំនាញ​ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទើប​ឈ្មួញ​ឈ្មោះ ង៉ូ​វ ទី អាចដឹកនាំ​កម្លាំង​ចូល​កាប់​ឈើ​ដល់​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​ដឹកជញ្ជូន​ធ្វើ​អាជីវក​ម្មយ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ព្រោះ​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​៕

13475221_1724044354528922_1961259614536332452_o 13517546_1724044211195603_3138488764310801766_o 13502868_1724044297862261_3650924495940176595_o