មនុស្ស​ស្លាប់​ក្នុង​ខារ៉ាអូខេ​ហង្ស​មាស លោក​ថៅកែ​ដឹក​យក​ទៅ​ដាក់​វត្ត ទើប​ហៅ​កម្លាំង​ជំនាញ​

មនុស្ស​ស្លាប់​ក្នុង​ខារ៉ាអូខេ​ហង្ស​មាស លោក​ថៅកែ​ដឹក​យក​ទៅ​ដាក់​វត្ត ទើប​ហៅ​កម្លាំង​ជំនាញ​



បាត់ដំបង ៖ សព​ស្ត្រី​ម្នាក់ ​ដែល​មាន​តួនាទី​ជា​អ្នក​បោសសំអាត​អនាម័យ​ក្នុង​ទីតាំង​ខារ៉ាអូខេ​ ហង្ស​មាស ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ទុកចោល​ក្នុង​វត្ត​ដំរី​ស ទើប​លោក​ថៅកែ​រាយការណ៍​ទៅ​កម្លាំង​ជំនាញ​ក្រុង ខេត្ត ឲ្យ​ចុះទៅ​ត្រួតពិនិត្យ បន្ទាប់ពី​ស្ត្រី​រូប​នេះ​បាន​ដេក​ស្លាប់​នៅ​ក្នុង​ទីតាំង​ខាងលើ​ ដោយ​មិន​ទាន់​ដឹង​អំពី​មូលហេតុ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង៤​ល្ងាច​ ស្ថិតនៅ​ចំណុច​ក្នុង​ទីតាំង​ខារ៉ាអូខេ​ហង្ស​មាស នៅ​ក្នុង​ក្រុម​ទី​៤២ ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ ជនរងគ្រោះ​មានឈ្មោះ គួន ណិ ហៅ​ភា​នី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​សៀមរាប បច្ចុប្បន្ន​មក​ស្នាក់​នៅ​ក្នុង​ទីតាំង​ខាងលើ ដោយមាន​មុខរបរ​ជា​អ្នក​សំអាត​អនាម័យ​ក្នុង​ខារ៉ាអូខេ។

តាម​ប្រភព​មួយ​ចំនួន​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ​គឺ​ស្ត្រី​រងគ្រោះ​បាន​ពោល​ថា ​ដូចជា​មាន​អាការៈ​ហេវហត់ បន្ទាប់មក​នារី​រងគ្រោះ​បាន​ដើរ​ទៅ​រក​បាយ​ហូប​នៅ​ក្នុង​ចង្ក្រាន​បាយ រួច​ក៏​ដើរ​ទៅ​សម្រាក​នៅ​ខាងមុខ​ផ្ទះបាយ​យ៉ាង​ស្ងៀមស្ងាត់​ ដោយសារតែ​ពេលនោះ​ភ្ញៀវ​ក៏បាន​ចាប់ផ្ដើម​ចូល​មក​ច្រៀង​ជា​បណ្តើរៗ​ផង​ដែរ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ដែល​ភ្ញៀវ​ចេញ​អស់ ពួក​នារី​មួយ​ចំនួន​ បាន​ដើរ​ទៅ​ដាស់ ​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល ដោយសារតែ​ស្ត្រី​រងគ្រោះ​មាន​អាការៈ​ស្លេកស្លាំង​ និង​មាន​សភាព​ដេក​យ៉ាង​ស្ងៀមស្ងាត់​ទៅ​ហើយ ទើប​គេ​សង្កេត​ឃើញ​ថា​ នៅ​ពេលនោះ​ គឺ​លោក​ថៅកែ​បាន​ហៅ​បុគ្គលិក​ពេទ្យ​សុវណ្ណ ឲ្យ​មក​ពិនិត្យ​ដោយ​គ្រូពេទ្យ​បាន​បញ្ជាក់​ថា ​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។ នៅ​ពេល​នោះ​ដែរ គ្រាន់តែ​ឮ​ថា ស្លាប់ ​គឺ​លោក​ថៅកែ​ប្រញាប់ប្រញាល់​ដឹក​សព​យក​ទៅ​ទុក​នៅ​ក្នុង​វត្ត​ដំរី​ស ដើម្បី​យក​ចេញឲ្យ​ផុត​ពី​ទីតាំង​របស់​ខ្លួន ទើប​គេ​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះទៅ​ត្រួតពិនិត្យ។

ជួប​ជាមួយ​កម្ពុ​ជាថ្មី លោក ប្រាក់ ធី អាយុ​៤៧​ឆ្នាំ ជា​ថៅកែខារ៉ាអូខេ​ហង្ស​មាស​ បាន​និយាយ​យ៉ាង​ស្រួល​ថា ការដែល​លោក​ដឹក​សព​ចេញ ​មុន​ពេល​សមត្ថកិច្ច​មកដល់​ គឺ​សំអាង​ថា ​គ្រូពេទ្យ​ជា​អ្នក​បញ្ជាក់​ថា ជនរងគ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ​ដូច្នេះ​មានតែ​ការ​ដឹក​ចេញទៅ​ដាក់​វត្ត​តែប៉ុណ្ណោះ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ សាច់ញាតិ​មក​ទទួលយក។

លោក​ប៉ាង ហៀ​ង អធិការ​នគរបាល​ក្រុង​ក៏ដូចជា​ក្រុមការងារ​បច្ចេកទេស និង​កោសល្យវិច័យ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ដែរ បាន​និយាយ​ថា មិន​គួរណា​ម្ចាស់​ខារ៉ាអូខេ​ជម្លៀស​សព​ចេញ​មុន​ពេល​ដែល​សមត្ថកិច្ច​ជំនាញ​ទៅដល់​បែបនេះ​សោះ ព្រោះ​អ្វីៗ​វា​អាច​ប្រែប្រួល​ពី​សំណៅ​ដើម ដោយ​គ្រាន់តែ​គេ​អះអាង​ថា ស្ត្រី​រងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​តែប៉ុណ្ណោះ ព្រោះ​នៅ​លើ​ប្រអប់ជើង​ម្ខាង​មាន​ដំបៅ​មួយ​ដែល​មើល​មិន​ជា​ទាល់តែសោះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក៏​មាន​ប្រភព​ជាច្រើន​បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​លោក​ថៅកែ​ទីតាំង​នេះ ដែល​មាន​ការ​លាក់​បំពួន​មិន​ឲ្យ​សមត្ថកិច្ច​ដឹង និង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅ​ពេល ​ដែល​ស្ត្រី​រង​គ្រោះ​ស្លាប់​ភ្លាមៗ ដែល​ហាក់បីដូចជា​មានការ​លាក់​នូវ​រឿង​ឃាតកម្ម​អ្វីមួយ​ផង​ដែរ៕
មនុស្ស​ស្លាប់​ក្នុង​ខារ៉ាអូខេ​ហង្ស​មាស លោក​ថៅកែ​ដឹក​យក​ទៅ​ដាក់​វត្ត ទើប​ហៅ​កម្លាំង​ជំនាញ​

មនុស្ស​ស្លាប់​ក្នុង​ខារ៉ាអូខេ​ហង្ស​មាស លោក​ថៅកែ​ដឹក​យក​ទៅ​ដាក់​វត្ត ទើប​ហៅ​កម្លាំង​ជំនាញ​

មនុស្ស​ស្លាប់​ក្នុង​ខារ៉ាអូខេ​ហង្ស​មាស លោក​ថៅកែ​ដឹក​យក​ទៅ​ដាក់​វត្ត ទើប​ហៅ​កម្លាំង​ជំនាញ​