ជនជាតិ​កាណាដា​ម្នាក់​គាំងបេះដូង​ស្លាប់​នៅ​សណ្ឋាគារ​(​ហូ​ម ថោ​ន​)

ជនជាតិ​កាណាដា​ម្នាក់​គាំងបេះដូង​ស្លាប់​នៅ​សណ្ឋាគារ​(​ហូ​ម ថោ​ន​)



ភ្នំពេញ ៖ បុរស​ជនជាតិ​កាណាដា​ម្នាក់​ បន្ទាប់ពី​ចូល​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​យីហោ​(​ហូម​ថោ​ន​)​បាន​១​យប់​ ស្រាប់តែ​ព្រឹក​ឡើង​បែរ​ជា​ឃើញ​ស្លាប់​​​ឡើង​រឹង​ទៅ​ហើយ​។

ហេតុការណ៍​នេះ ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ ថ្ងៃ​ទី​២៦ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​សណ្ឋាគារ​ ដែល​មាន​ទីតាំង​លេខ​៣៥ ​ផ្លូវ​១៧២ ​ក្រុម​១៩ ​ភូមិ​៥​ សង្កាត់​ជ័យជំនះ ​ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​​ ជនបរទេស​ ដែល​គេ​ប្រទះឃើញ​ដេក​ស្លាប់​លើ​គ្រែ ​ពូក​សណ្ឋាគារ​នោះ​ឈ្មោះ​BAINS VINNY​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ ​មុខរបរ​ទេសចរណ៍​ ជនជាតិ​កាណាដា។ កាន់​លិខិតឆ្លងដែន​លេខ​QJ៩៧៣០៩៨ ​ស្នាក់នៅ​បន្ទប់​លេខ​២០៨​ ជាន់​ទី​២ នៃ​សណ្ឋាគារ​កើតហេតុ​នោះ។

ប្រភព​ព័ត៌មាន​ពី​ឈ្មោះ​ឡុង ហ៊ាង​ហៅ​សា​រ៉ា ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​ បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​បុរស​ជនជាតិ​កាណាដា​រូប​នោះ​ បាន​ណាត់​គាត់​មក​ជួប​នៅ​សណ្ឋាគារ ​ហូម​ថោន​ ​​ដោយ​គាត់​ជួល​បន្ទប់​សណ្ឋាគារ​ស្នាក់នៅ​១​ថ្ងៃ​ កាលពី​ថ្ងៃទី​២៥ ​ខែមិថុនា ​ឆ្នាំ​២០១៦។ ខណៈ​នោះ​បុគ្គលិក​សណ្ឋាគារ​បាន​រៀបចំ​បន្ទប់​ឲ្យ​ជនបរទេស​រូប​នោះ ​ស្នាក់​នៅត្រង់​បន្ទប់​លេខ​២០៨​ជាន់​ទី​២​ លុះដល់​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​គាត់​ដេក​ស្លាប់​បាត់​​​ទៅ​ហើយ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ក្រោយពី​មាន​ហេតុការណ៍​ជនបរទេស​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ដូច្នេះ​ ខាង​ផ្នែក​សណ្ឋាគារ​ ក៏បាន​រាយការណ៍​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​រាយការណ៍​បន្ត​ទៅ​គណៈកម្មការ​ចម្រុះ​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​ដឹង​ថា ​ជនបរទេស​រូប​នោះ​ដេក​ស្លាប់​ដោយសារ​​គាំងបេះដូង​ និង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។

បច្ចុប្បន្ន​សព​បាន​បញ្ជូន​ទៅ​តម្កល់​ក្លាស្សេ​នៅ​​​​មន្ទីរពេទ្យ​​ ​រុស្ស៊ី​​ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល​យក​ទៅ​បុណ្យ​តាម​ប្រពៃណី៕