ឪពុកចុង ​បង្ខាំង​កូនស្រីទុក​រំលោភ​រហូត​មាន​ផ្ទៃពោះ

6 Videos


បុរសជាឪពុកចុងល្មោភកាមម្នាក់ បានចាប់រំលោភកូនស្រីដើមរបស់ប្រពន្ធ តាំងពីកាលរស់នៅក្នុងខេត្តកំពង់ចាមរហូតមករស់នៅក្នុងខេត្តកោះកុង ដែលធ្វើអោយម្តាយក្មេងស្រីទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួននៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៣ សង្កាតស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

P9

មុនពេលធ្វើការចាប់ឃាត់ខ្លួនបុរសជាឪពុកចុងល្មោភកាមរូបនោះ មានបំណង ប្រុងចាប់រំលោភក្មេងស្រីនោះម្តងទៀត ប៉ុន្តែត្រូវបានសមត្ថកិច្ចដែលដឹកនាំ ដោយលោក មីន រស្មី អធិការរងក្រុងខេមរភូមិន្ទ រួមជាមួយមន្ត្រីក្រោមឱវាទ បានធ្វើការចាប់ឃាត់ខ្លួនបានទាន់ពេលវេលា ។

លោក មីន រស្មី ឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះភ្លាម លោកក៏បានចាត់កម្លាំងចុះជួយក្មេងស្រីរងគ្រោះឲ្យរួចផុតពីក្នុងបន្ទប់ដោយសុវត្តិភាព ហើយធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុកចុងបានភ្លាមៗផងដែរ ។ ជនសង្ស័យជាឪពុកចុងនោះមានឈ្មោះ ឡោ សារ៉ាយ អាយុ ៣៥ ឆ្នាំ មានស្រុកកំណើតនៅភូមិគោកព្រីង ស្រុកចំការលើ ខេត្តកំពង់ចាម មានមុខរបរលក់ការ៉េម រីឯម្តាយក្មេងស្រីរងគ្រោះវិញមានឈ្មោះ គ្រឿង វាសនា អាយុ ៣៥ ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ យ.ឧ.ស អាយុ ១៥ ឆ្នាំ មានមុខរបរលក់ស្រាបៀរ ។

ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ឪពុកចុងនាងបានចាប់នាងរំលោភតាំងពីអាយុ ១៤ ឆ្នាំមកម្ល៉េះ តាំងពីនៅខេត្តកំពង់ចាមរហូតដល់មករស់នៅខេត្តកោះកុង ហើយទង្វើដ៏អាក្រក់របស់ឪពុកចុង គឺរាប់ភ្លេចហើយឲ្យតែម្តាយមិននៅផ្ទះ។ ហើយគាត់ធ្លាប់គំរាមថា បើបែកការនឹងអារកសម្លាប់ទាំងម្តាយ និង កូន ទើបនាងលាក់ម្តាយរហូតខ្លាចឪពុកចុងសម្លាប់ ហើយរហូតដល់ខ្លួនមាន ផ្ទៃពោះ១ខែ ទើបបែកការដោយទ្រាំលែងបាននូវអំពើឃោឃៅរបស់ឪពុកចុងទើបនាងសម្រេចចិត្តប្រាប់ម្តាយ ។

ក្រោយពីធ្វើការសាកសួរឪពុកចុងជាជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភមែន តាំងពីក្រុមគ្រួសាររស់នៅខេត្តកំពង់ចាម រហូតដល់ខេត្តកោះកុង។ ករណីខាងលើនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

                                                                                        សុថាត់