ពលរដ្ឋ​៥​សហគមន៍​ផ្ទុះ​ការ​តវ៉ា​មុខ​សាលាដំបូង​ខេត្តកោះកុង

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ ប្រជាពលរដ្ឋ​ចំនួន​៩០​នាក់​បាន​ធ្វើការ​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្តកោះកុង គោលបំណង​សុំ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់ និង​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​សកម្មជន​របស់​អង្គការ​មាតា​ធម្មជាតិ​ចំនួន​៣​រូប​ដែល​តុលាការ​ចាប់ខ្លួន​តាំងពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៥​មក​ម្ល៉េះ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​តវ៉ា​ទាំងនោះ​មក​ពី​៥​សហគមន៍ គឺ​សហគមន៍​ជី​ខ​លើ​, សហគមន៍​ជី​ខ​ក្រោម​, សហគមន៍​ស្រែអំបិល​, សហគមន៍​ព្រែក​ខ្សាច់ និង​សហគមន៍​អា​រ៉ែ​ង ដែល​សហគមន៍​ទាំងនោះ​គឺ​សុទ្ធ​សឹង​ជា​សហគមន៍​នេសាទ និង​សហគមន៍​ដីធ្លី ។ ចំណែក​សកម្មជន​មាតា​ធម្មជាតិ​ទាំង​៣​រូប​នោះ​មាន ១-​ឈ្មោះ សាន់ ម៉ា​ឡា​, ២-​ទ្រី​សុ​វិ​គា និង ៣-​ឈ្មោះ ស៊ឹ​ម សំណាង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ទាមទារ​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន មាន​ដូច​ជា UN អា​ដ​ហុ​ក លី​កាដូ ។​ល​។

ទោះបីជា​យ៉ាងណា​ការ​តវ៉ា​នេះ​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​សាលាដំបូង​នៅឡើយ​ទេ ហើយ​សំណុំរឿង​ខាងលើ​នេះ​គឺ​ស្ថិត​នៅ​លើ​លោក​ចៅក្រម មីន មក​រា អនុប្រធាន​សាលាដំបូង​ខេត្តកោះកុង​ជា​អ្នក​កាន់ ៕