នាំគ្រឿងញៀនចូលអុកឡុក​ក្នុងកាស៊ីណូ​

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​១០​និង​២០​នាទី យប់​ថ្ងៃ​ទី​២៥ ខែមិថុនា សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឆ្មក់​ចូល​តំបន់​កាស៊ីណូ​ព្រៃ​វល្លិ ស្ថិត​ក្នុងភូមិ​ព្រៃ​វល្លិ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​១០​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ហើយ​ទាំង​១០​នាក់​នេះ មាន​ជនជាតិ​វៀតណាម​៥​នាក់ ​និង​ខ្មែរ​​៥​នាក់​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន និង​ម៉ូតូ​០៦​គ្រឿង ទូរស័ព្ទ​ដៃ​០៤​គ្រឿង ។

លោក​វរសេនីយ៍ទោ កាន កេ​ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹង​ថា មុន​ពេល​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដាក់​កម្លាំង​បង្កប់​តាមដាន​មុខសញ្ញា​នៅ​តំបន់​កា​ស៊ី​ណូ​ខាងលើ ទើប​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ដែល​មាន​ជនជាតិ​វៀត​ណាម​មក​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ។ ក្រោយ​ពី​មាន​ព័ត៌មាន​ច្បាស់​ហើយ រូប​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​អធិការដ្ឋាន​នគ​បាល​ស្រុក​កំពង់​រោទ៍ និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ថ្មី ឆ្មក់​ចូល​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១០​នាក់។

ជន​ដែល​ត្រូវ​ចាប់ខ្លួន​និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ៕