វៀតណាម​ព្យាករ​ថា ឱនភាព​ពាណិជ្ជកម្ម​នៅ​តែ​បន្ត​ក្នុងឆ្នាំនេះ

ប្រទេស​វៀតណាម ៖ វៀតណាម​នឹង​បន្ត​អូស​បន្លាយ​ឱនភាព​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​២០១៦​នេះ ដែល​ស្ថិត​នៅ​ក្រោម​អត្រា​៥% នៃ​ប្រាក់​ចំណូល​នាំ​ចេញ​សរុប ។ នេះ​បើ​យោង​តាម​ការ​ព្យាករ​របស់​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម ។

អគ្គនាយក​ចាត់ការ​ទូទៅ​នៃ​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម លោក Vu Ba Phu បាន​មាន​ប្រសាសន៍​ថា ៖ « ឱនភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ខែឧសភា កន្លង​មក មាន​ទឹកប្រាក់​ប្រមាណ​៤០០​លាន​ដុល្លារ » ។

ទោះបីជា​ការ​ធ្វើ​ពាណិជ្ជកម្ម​មាន​អត្រា​ស្មើនឹង​២% នៃ​តម្លៃ​នាំ​ចេញ​សរុប​ក្នុង​រយៈពេល​៥​ខែ​ដំបូង​នេះ​ក្តី ប៉ុន្តែ​តម្រូវការ​នាំ​ចូល​គ្រឿង​ម៉ាស៊ីន និង​វត្ថុធាតុដើម​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តែ​មាន​អត្រា​ខ្ពស់ ។

មិនតែប៉ុណ្ណោះ វា​នៅ​តែ​មាន​តម្រូវការ​ដ៏​ចាំបាច់​ក្នុង​ការ​នាំ​ចូល​នូវ​ឧបករណ៍​ឧស្សាហកម្ម ដើម្បី​ពង្រីក​ការ​ផលិត និង​ផ្តល់​ឱកាស​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​ច្រើន​នៅ​ក្នុង​ប្រទេស ។

នៅ​ក្នុង​រយៈពេល​៥​ខែ​ដំបូង វៀតណាម​មាន​ផល​លើស​ពាណិជ្ជកម្ម​ចំនួន​១,៣៦​ប៊ី​លាន​ដុល្លារ ។ ការ​នាំ​ចេញ​មាន​ទឹកប្រាក់​៦៧,៧​ប៊ី​លាន​ដុល្លារ កើនឡើង​៦,៦%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ រីឯ​ការ​នាំ​ចូល​ស្មើនឹង​៦៦,៣​ប៊ី​លាន​ដុល្លារ ដែល​បាន​ធ្លាក់​ចុះ​០,៩%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

សម្រាប់​ការ​នាំ​ចេញ​ផលិតផល​ជលផល​ទៅ​ក្រៅប្រទេស​ក្នុង​រយៈពេល​៥​ខ បាន​កើនឡើង​៨១៨​លាន​ដុល្លារ ស្មើនឹង​១០,១% ធ្លាក់​ចុះ​១០% ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។

ចិន នៅ​តែ​ជា​ប្រទេស​នាំ​ចេញ​ទំនិញ​ធំ​បំផុត​ទៅ​កាន់​វៀតណាម ក្នុង​រយៈពេល​៥​ខែ ដែល​មាន​ផល​លើស​ចំនួន​១៩,២​ប៊ី​លាន​ដុល្លារ និង​បាន​ធ្លាក់​ចុះ​២,៩%​ប្រចាំឆ្នាំ ។

វៀតណាម​បាន​នាំ​ចូល​នូវ​គ្រឿង​ម៉ាស៊ីន ឧបករណ៍ សម្ភារ​ទូរស័ព្ទ កុំព្យូទ័រ ក្រណាត់ លោហៈ និង​ដែក​ពី​ប្រទេស​ចិន ។

ចំណែក​ការ​នាំ​ចេញ​របស់​វៀតណាម​ទៅ​កាន់​ប្រទេស​ចិន​វិញ មាន​កំណើន​៥,៨​ប៊ី​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​នេះ កើនឡើង​១៦,៥% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

វៀតណាម​រំពឹង​ថា នឹង​នាំ​ចេញ​នូវ​ទំនិញប្រើប្រាស់​មាន​តម្លៃ​ប្រមាណ​២០​ប៊ី​លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​ចិន និង​ចំណាយ​ប្រាក់​៤៨​ប៊ី​លាន​ដុល្លារ​សម្រាប់​ការ​នាំ​ចូល​ពី​ដៃគូ​របស់​ខ្លួន​ក្នុងឆ្នាំនេះ ។ ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន នឹង​មាន​ទឹកប្រាក់​សរុប​២៨​ប៊ី​លាន​ដុល្លារ ស្មើនឹង​១៣,៦% ពោល​គឺ​ទាប​ជាង​កាលពី​ឆ្នាំ​មុន ៣២,៤​ប៊ី​លាន​ដុល្លារ ។

ចំណែក​សហរដ្ឋអាមេរិក​វិញ ជា​អ្នកបញ្ជា​ទិញ​ធំ​បំផុត​ពី​ប្រទេស​វៀតណាម ដែល​បាន​នាំ​ចូល​នូវ​ផលិតផល​ក្នុង​តម្លៃ​១៤,៦​ប៊ី​លាន​ដុល្លារ កើនឡើង​១៤,៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ បន្ទាប់​មក គឺ​សហគមន៍​អឺរ៉ុប​មាន​ទឹកប្រាក់​១៣,៣​ប៊ី​លាន​ដុល្លារ​សម្រាប់​ការ​នាំ​ចូល កើនឡើង​១១% ។

« ដើម្បី​រក្សា​កំណើន​នាំ​ចេញ​ក្នុង​អត្រា​១០%​នៅ​ឆ្នាំ​នេះ ក្រសួង​គួរតែ​ចាត់វិធានការ​លុប​បំបាត់​ភាព​រាំងស្ទះ​នៃ​ការ​ធ្វើ​អាជីវកម្ម និង​កែ​លម្អ​សមត្ថភាព​របស់​ផលិតកម្ម​ផង​ដែរ » ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី លោក Tran Tuan Anh ៕