​បុរស​ម្នាក់​ចាក​​ចេញ​​ពី​ប្រទេស​​ខ្លួន​​ ដោយ​សារ​​​រុក្ខ​ជាតិ​​ផ្សិត​

លោក​​​លី (Lee) ដែល​​ជា​អ្នក​វិទ្យាសាស្ត្រ​​សិក្សា​ទៅ​លើ​ផ្សិត​​ម្នាក់​ បាន​​រត់​ភៀស​ខ្លួន​​ពី​ប្រទេស​​ផ្តាច់​ការ​កូរ៉េ​ខាងជើង​ ដោយ​មូលហេតុ​ចម្លែក​​ខុស​ពី​ភៀស​ខ្លួន​ដទៃ​ ដែល​បាន​និង​កំពុង​ព្យាយាម​ចាក​ចេញពី​ប្រទេស​នេះ​។ មូលហេតុ​នោះ​ គឺ​មិនមែន​ដើម្បី​គេច​ចេញ​ពី​ការ​ស្រែក​ឃ្លាន និង​ការ​បិទ​សិទ្ធិ​​សេរីភាព​ឡើយ គឺ​ដោយសារ​​តែ​​​​ផ្សិត​មួយ​​​ប្រភេទ​ ។

លោក​​បាន​​ធ្វើការ​សិក្សា​ស្រាវជ្រាវ​​​ទៅ​លើ​ផ្សិត​បាន​រាប់​សិប​ឆ្នាំទៅ​​​ហើយ និង​បាន​​បង្កើត​​​ផលិត​ផល​មួយ​ចំនួន ​​ដោយ​ប្រើប្រាស់​ផ្សិត ​ដែល​​គាត់​​បាន​​សិក្សា​​នោះ​ ។ គួរ​​​ភ្ញាក់ផ្អើល​​នោះ គឺ​លោក​បាន​ជឿជាក់​ថា ​ផលិតផល​របស់​លោក​អាច​ព្យាបាល​ជំងឺ​​ជា​ច្រើន​រួម​ទាំង​ជំងឺ​មហារីក​ផង​ដែរ​ ។ ប៉ុន្តែ​ដោយសារ​លោក​មានការ​ភ័យ​ខ្លាច​ថា ​របកគំហើញ​របស់​គាត់​អាច​ប្រឈម​មុខ​នឹង​ភាព​រាំងស្ទះ​ពី​រដ្ឋាភិ​បាល​របស់​កូរ៉េ​ខាងជើង លោក​ក៏​បាន​ធ្វើការ​សម្រេចចិត្ត​លួច​ចាកចេញ​ទៅ​កាន់​កូរ៉េ​ខាងត្បូង នៅ​ក្នុង​ឆ្នាំ​២០០៥ ​។

លោក​លី​ ធ្លាប់​ធ្វើការឱ្យ​​វិទ្យាស្ថាន​ដែល​សិក្សា​អំពី​ផ្សិត​របស់​ស៊ី​ប៊ើ​រី​នៃ​សហភាព​​សូ​វៀត​នា​ទស្ស​វត្ស​ឆ្នាំ១៩៨០ ដែល​ជា​មូលហេតុ​​លោក​មិន​បានឃើញ​ប្រពន្ធ​ជាទី​ស្រលាញ់​របស់​លោក ​ដែល​មាន​ជំងឺ​មហារីក​ជា​លើក​ចុង​ក្រោយ ​។ លោក​បាន​និយាយ​ទាំង​ទឹក​ភ្នែក​​ថា ​លោក​មិន​បានដឹង​ឡើយ​ថា ​ប្រពន្ធ​ជាទី​ស្រលាញ់​របស់​លោក​មាន​ជំ​ងឺ​នេះ​ ព្រោះ​នាង​មិន​បាន​ប្រាប់លោក​ឡើយ ​ដោយ​ខ្លាច​ថា​ នាង​ជា​បន្ទុក​មួយ​​ដល់​​លោក ​។

មុន​ពេល​ដែល​ប្រពន្ធ​របស់​លោក​ទទួល​មរណភាព នាង​បាន​ផ្តាំ​ទៅ​កូន​ៗ​​របស់​ពួក​គេ​ទាំង​២​ថា ត្រូវ​តែ​គាំទ្រ​លោកឪពុក​ ក្នុង​ការ​ការ​ពារ​​ជំងឺ​មហារីក​ ។ លោក​លី​បាន​ស្បថ​ថា​ នឹង​បំពេញ​នួ​វបំណង​ចុង​ក្រោយ​របស់​ប្រពន្ធ ​ដោយ​អារម្មណ៍​ស្តីបន្ទោស​ខ្លួន​យ៉ាង​ខ្លាំង ​។ គួរ​​ឲ្យ​សោកស្តាយ​នោះ​ គឺ​លោក​មិន​បាន​ជួប​ប្រទះ​នូវ​សំណាងល្អ​ប៉ុន្មាន​ទេ​ បន្ទាប់​ពី​មក​ដល់​កូរ៉េខាងត្បូង​ ព្រោះ​លោក​បាន​ត្រូវ​អ្នក​ជំនួញ​​មួយ​ចំនួន​​​បោកប្រាស់​ដល់​ថ្នាក់​លោក​បាន​​លក់​ផ្សិត​របស់​គាត់​ខ្លះឱ្យ​​ទៅ​ស្ត្រី​មេផ្ទះ​​ជា​បន្លែ​សម្រាប់​ធ្វើ​ម្ហូប​ទៀត​ផង ​។

រហូត​ដល់​រូប​លោក​​​ពេល​នេះ ដែល​មាន​វ័យ​៦៦​ឆ្នាំ ទើប​លោក​បាន​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ ដែល​កំពុង​តែ​ធ្វើការ​ផលិត​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ ។ ក្រុមហ៊ុន​នេះ​ បាន​បញ្ជាក់​ថា ពួក​គេ​បាន​ធ្វើការ​ចុះ​កិច្ចសន្យា ​ដែល​មាន​តម្លៃ​ស្មើ​៤៣០,០០០​ដុល្លារ​​រួច​ទៅ​ហើយ ហើយ​ពួក​គេ​មាន​គម្រោង​ចង់​បញ្ចេញ​ផលិតផល​ថ្មី​នា​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ​។

លោក Woo Ho ដែល​ជា​វេជ្ជ​បណ្ឌិត​ផ្នែក​ឱ​ស​ថ​បុរាណ​របស់​កូរ៉េ​ បាន​យក​ផលិតផល​របស់​លោកលី ទៅ​ឱ្យ​អ្នកជំងឺ​ដែល​ក្តៅខ្លួន មាន​ជំងឺ​ហឺត ជំងឺ​​រលាក​ពោះវៀន ជំងឺ​​រលាក​សន្លាក់​ដៃជើ​ង និង​ជំងឺ​​ផ្សេង​ៗ​ទៀត ហើយ​លោក​ឃើញ​ថា ​វា​ពិតជា​មាន​ប្រសិទ្ធភាព​លើ​អ្នកជំងឺ​​របស់​លោក​មួយ​ចំនួន​មែន ​។