កូនភ្លោះ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​2​នាក់​អារ​.​ក​សម្លាប់​ម្តាយ ព្រោះ​មិន​ឱ្យ​ពួក​គេ​ចូលរួម​ក្នុង​ជួរ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម

បទឧក្រិដ្ឋ​ដ៏​សែន​ទារុណ​មួយ​កើត​មាននៅ​ទីក្រុង​រី​យ៉ា​ដ រាជធានី​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដោយ​បងប្អូន​ភ្លោះ​២​នាក់​មាន​អាយុ​២០​ឆ្នាំ បាន​អារ​.​ក​សម្លាប់​ម្តាយ​ពួក​គេ ព្រោះតែ​គាត់​ហាមឃាត់​ពួក​គេ​មិន​ឱ្យ​ចូលរួម​ក្នុង​ជួរ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

យោង​តាម​កាសែត GULFNEWS ថា ឃាតកម្ម​នេះ​កើត​មាន​កាលពី​ថ្ងៃ​ទី​២៤ មិថុនា ។ បងប្អូន​ភ្លោះ​ទាំង​២ KHALID និង SALEKS បាន​ចាក់​ម្តាយ​ពួក​គេ​លោកស្រី HAILA AL AREENI ជា​ច្រើន​កាំបិត​និង​ប៉ុនប៉ង​សម្លាប់​ឪពុក​អាយុ​៧៣​ឆ្នាំ និង​បងប្រុស ។ អ្នក​ទាំង​២​រង​របួស​ជា​ទម្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ក្រោយ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​បែប​នេះ កូនភ្លោះ​ទាំង​២​បាន​រត់គេច​ខ្លួន ។ ប៉ូលិស​តាម​ចាប់​បាន​ពួក​គេ​នៅ​កន្លែង​មួយ​ចម្ងាយ​១០០​គីឡូម៉ែត្រ ពី​ទីក្រុង​រី​យ៉ា​ដ ។ ម្តាយ​ត្រូវ​កូនភ្លោះ​ទាំង​២​សម្លាប់ ដឹង​ថា KHALID និង SALEKH មាន​បំណង​ចាក​ចេញពី​ប្រទេស​ទៅ​ចូល​ក្នុង​ជួរ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ ពេល​នោះ​គាត់​និយាយ​ទៅ​កាន់​កូន​ទាំង​២​ថា បើ​ពួក​ឯង​ចង់ទៅ​គាត់​នឹង​ទៅ​រាយការណ៍​ប្រាប់​ដល់​អាជ្ញាធរ ។

ការ​បញ្ចុះសព​លោកស្រី HAILA អាយុ​៦៧​ឆ្នាំ ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៥ មិថុនា នៅ​ទីក្រុង​រី​យ៉ា​ដ ដោយ​មាន​វត្តមាន​របស់​បណ្តា​សាច់ញាតិ​៕