បទបញ្ជារឿងជួញដូរឈើឆ្លងដែនទៅវៀតណាមរបស់សម្តេចតេជោខ្លាំងបានមួយដង្ហើមចង្រិត ខណៈនេះគេមើលឃើញការរត់ពន្ធឈើទៅវៀតណាមកំពុងធ្វើឡើងយ៉ាងរសិបនៅច្រករបៀងង៉ាំយូលិតនៅស្រុកកែវសីមា

ខេត្តមណ្ឌលគិរី៖ ឈើប្រណីតត្រូវបានគេលួចជួញដូរ ឆ្លង់ដែនចេញទៅប្រទេសវៀតណាម តាមច្រករបៀង ង៉ាំយូលិត នៅស្រុកកែវសីមា ដែលគ្រប់គ្រងដោយលោក ទា ខូវម៉េង មេបញ្ជាការកងអនុសេនាធំលេខ២ និងក្រោមដែនសមត្ថកិច្ចលោ ប៊ូ សំអុល មេប៉ុស្គិ៍ឡាបាខេដោយគ្មានការបង្ក្រាបតាមបទបញ្ជាថ្នាក់លើឡើយ។ ជាក់ស្ដែងកាលពីយប់ ថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ មិថុនា ២០១៦ នៅតាមបន្ទាត់ ព្រំដែនក្នុងស្រុក កែវ សីមា មានករណីរថយន្តដឹកជញ្ជូនឈើប្រណីតឆ្លងដែនជាច្រើនគ្រឿងដោយរលូនពុំមានការបង្ក្រាបពីសមត្ថកិច្ចព្រំដែន ឬមន្ត្រីជំនាញឡើយ។ គេឃើញរថយន្តដឹកឈើខុសច្បាប់ទាំងនោះបានបើកកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកែវសីមា -ស្នាក់ការអភិរក្ស -ស្នាក់ការបរិស្ថានស្រុក និង ដឹក កាត់មុខទីបញ្ជាការការពារព្រំដែនក្តី ក៏មិនមានសមត្ថកិច្ចខាងណាមួយអើរពើមើលសកម្មភាពដឹកជញ្ជូនឈើឆ្លងដែនឡើយ ។

ច្រករបៀងដែលក្រុមឈ្មួញនាំឈើចេញកាលពីយប់មិញទៅកាន់ប្រទេសវៀតណាមមានឈ្មោះ ថា ង៉ាំយូលិ ត ស្ថិត ក្រោមការ គ្រប់គ្រងរបស់យោធាព្រំដែន នៃកងអនុសេនាធំទី២ កងអនុសេនាតូចទី៥ប៉ុស្តិ៍សង្កេតការណ៍០៤ ចំណុះឲ្យវរសេនាតូចលេខ ១០៣ និងនគរបាលការពារព្រំដែនគោក ឡាប៉ាខេ ចំណុះឲ្យនគរបាល វរៈការពារព្រំដែនលេខ៦២១ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែ ខ្ទុម ស្រុកកែវ សីមា ។ ប្រភពបានឲ្យដឹងថា មិនថាយប់ ឬថ្ងៃទេឲ្យតែមានឱកាសល្អ ក្រុមឈ្មួញរកស៊ីឈើបានដឹកជញ្ជូនឈើប្រណីតគ្រប់ប្រភេទតាមរថយន្តកាមរី គូទស្វិត កាមរី គូទហើម និង ឡង់ គ្រីស័រ ដឹកឈើបន្តកន្ទុយគ្នាឆ្ពោះទៅច្រករបៀង ង៉ាំ យូ លិត ដែលក្នុងមួយថ្ងៃមិនតិចពី៥ទៅ១០គ្រឿងឡើយ ។ ប្រភពបានបានបញ្ជាក់ទៀតថា ការដឹកជញ្ជូនឈើប្រណីតឆ្លងដែននេះគេមិនដែលឃើញមានការចាប់បង្ក្រាបនោះឡើយ។

ប្រជាពលរដ្ឋបានប្រាប់ទៀតថា ពួកគាត់ពិតជាហួសចិត្តនឹងសកម្មភាពដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញដែលមានការឃុបឃិត ពី សំណាក់សមត្ថកិច្ចព្រំដែនណាស់ ព្រោះពួកគាត់តែងឮតាមប្រព័ន្ឋផ្សព្វផ្សាយនានា ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែ ព្រមាន និងដាក់បទបញ្ជា់្យចាត់វិធានការបិទគ្រប់ច្រករត់ពន្ឋឈើឆ្លងដែនខុសច្បាប់ទាំងអស់ តែផ្ទុយទៅវិញមន្ត្រីថ្នាក់ក្រោម ដែល មានតួនាទីឈរជើងនៅតាមចំណុចច្រករបៀងនានាមិនបានអនុវត្តទៅតាមបទបញ្ជា របស់សម្តេចតេជោឡើយ ។ ដោយឡែកក្រុមឈ្មួញឈើទៀតសោតសុទ្ធតែជាដៃជើងរបស់សមត្ថកិច្ចមួយក្តាប់តូចដែលតែងតែប្រព្រឹត្តបទល្មើសជួញដូរឈើខុសច្បាប់ដុះស្លែទៅហើយដែលពួកគេបំពេញផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយតែងតែថ្លើមធំមាក់ងាយបទបញ្ជារបស់សម្តេចតេជោថាមិនអាចធ្វើអីពួកគេបាននោះទេផុតណាពួកគេយកត្រចៀកស្តាប់មួយដង្ហើមចង្រិត។

ទាក់ទិននឹងករណីខាងលើនេះ លោកទា ខូវម៉េង មេបញ្ជាការកងអនុសេនាធំទី២ បាននិយាយប្រាប់ថា អ្នកប្រព្រឹត្តបទ ល្មើស លួចធ្វើលោកមិនដឹង។ ដោយឡែកមេបញ្ជាការវរៈសេនាតូចលេខ១០៣ លោក យិ ន ចាន់ ទី បាននិយាយថា លោកមិនបាន ទទួលព័ត៌មានទេ លោកនឹងសាកសួរទៅមន្ត្រីក្រោមឱវាទសិន ។ ចំណែកលោ ប៊ូ សំអុល មេប៉ុស្គិ៍ឡាបាខេ បាននិយាយថា រថយន្តដឹកឈើខាងលើជាកម្មសិទ្ធរបស់មន្រ្តីយោធាម្នាក់ឈ្មោះ វ៉ាត ប៉ុន្តែមូលហេតរឿងដែលលោកមិនមានវិធានបង្ក្រាប លោក មិនបានពន្យល់ទេ៕ ឦសាន១

KA-27-06-2016-02 KA-27-06-2016-03