Messi ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

Lionel Messi បាន​សម្រេច​ចិត្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ភ្លាមៗ​ បន្ទាប់​ពី​រូប​គេ​ទាត់​បាល់​ប៉េណាល់ទី​គ្រាប់​ដំបូង​មិន​ចូល​ហើយ​អាហ្សង់ទីន​ត្រូវ​ចាញ់​វគ្គ​ផ្តាច់​ព្រ័ត្រ​ Copa America សារ​ជា​ថ្មី​ក្រោយ​ថ្វី​ដៃ សត្រូវ​ចាស់ ក្រុម​ជម្រើស​ជាតិ​ឈីលី។

 

Messi ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

 

“សម្រាប់​ខ្ញុំ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​គឺ​ដល់​ទី​បញ្ចប់​ហើយ​។ ខ្ញុំ​បាន​ព្យាយាម​គ្រប់​បែប​យ៉ាង​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​។ វា​ពិត​ជា​ឈឺ​ចាប់​ដែល​មិន​បាន​ក្លាយ​ជា​ជើង​ឯក”។ កីឡាករ​វ័យ២៩​ឆ្នាំ​បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាសន៍​ដូច្នេះ។ ​

 

តារា​ឆ្នើម​មក​ពី​ក្លឹប​ Barcelona បាត់​បង់​ឱកាស​លើក​ពាន​ធំៗ ជាមួយ​ជម្រើស​ជាតិ​៤ដង​មក​ហើយ​ក្នុង​នោះ ចាញ់​អាល្លឺម៉ង់​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup ២០១៤, ចាញ់ ឈីលី​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Copa America ២ដង និង​កាល​ពី​ឆ្នាំ២០០៧ គេ​ក៏​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ដែល​ចាញ់​ Copa America ក្រោម​ថ្វី​ដៃ​ប្រេស៊ីល​ផង​ដែរ។

 

Messi ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

 

យ៉ាង​ណា​ក៏​ដោយ​ ជោគជ័យ​តែមួយ​គត់​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ ជាមួយ​អាហ្សង់ទីន​គឺ​ជា​ធ្លាប់​ឈ្នះ​មេដាយ​មាស​កីឡា​អូឡាំពិក​កាល​ពី​ឆ្នាំ ២០០៨។ Messi ស៊ុត​បញ្ចូល​ទី​ឲ្យ​ជម្រើស​ជាតិ​៥៥​គ្រាប់​ ជាប់​កំណត់ត្រា​ជា​ Top Scorer ក្នុង​ប្រវត្តិសាស្ត្រ​អាហ្សង់ទីន​ រី​ឯ​នៅ Barcelona វិញ​គេ​ស៊ុត​បាន ៤៥៣គ្រាប់​ក្នុង​នោះ​៣១២​គ្រាប់​នៅ​ La Liga ហើយ​ឈ្នះ​ពាន​ La Liga ៨ដង, Champions League ៤ដង និង​ពាន​ធំៗ​ជា​ច្រើន​ទៀត​៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC