កម្ពុជា​-​ឡាវ ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​អោយ​បាន​ឆាប់

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន និង លោក ថោ​ង​លូន ស៊ី​ស៊ូ​លី​ត ( Thongloun Sisoulith ) នាយក​រដ្ឋមន្ត្រី​ឡាវ បាន​ឯកភាព​គ្នា​ជំរុញ​អោយ​មានការ​ដោះស្រាយ​បញ្ហា​ព្រំដែន​អោយ​បាន​ឆាប់រហ័ស រួម​ទាំង​ការ​ស្នើ​អោយ​មានការ​បើក​ច្រកព្រំដែន​បន្ថែម​ទៀត​ផង​ដែរ ។

ការ​ឯកភាព​គ្នា​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ២៧ មិថុនា ២០១៦ ក្នុង​ជំនួប​ចរចា​រវាង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ថោ​ង​លូន ស៊ី​ស៊ូ​លី​ត ក្រោយ​ពី​សម្តេច​ទទួល​បដិសណ្ឋារកិច្ច​ផ្លូវការ​ជូន​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​វិមាន​សន្តិភាព  រាជធានី​ភ្នំពេញ ។

ក្នុង​ឱកាស​នោះ លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​អបអរសាទ​ចំពោះ​សកម្មភាព និង​សហប្រតិបត្តិការ​ធ្វើ​រួម​គ្នា​កន្លង​មក  ជា​ពិសេស​ក្នុង​ការ​អបអរសាទរ​ខួប​៦០ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ។

ទន្ទឹម​នឹង​នោះ លោក​ថោ​ង​លូន ស៊ី​ស៊ូ​លី​ត ក៍បាន​សម្តែង​ការ​រីករាយ​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម ទេសចរណ៍ ជា​ពិសេស​ផ្នែក​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ ។

លោកនាយក​រដ្ឋមន្ត្រី​បន្ត​ថា ក្រសួង​សន្តិសុខ និង​ក្រសួងការពារជាតិ ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​សហការ​គ្នា​ជា​ប្រចាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​អំពើ​រត់ពន្ធ​ឆ្លង​ដែន​ការ​ជួញដូរ​ខុសច្បាប់ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​។

ទន្ទឹម​នឹង​នោះ សម្តេច​តេ​ជោ និង​លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​ឯកភាព​ក្នុង​ការ​បើក​ច្រក​ថ្មី​បន្ថែម​ទៀត ដើម្បី​បង្ក​លក្ខណៈ​អោយ​ប្រជាជន​ដែល​រស់នៅ​តាម​ព្រំដែន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក និង​ដើម្បី​ជួយ​លើក​ស្ទួយ​ពាណិជ្ជកម្ម និង​ទេសចរណ៍ នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។

ប្រទេស​ទាំង​ពីរ​ក៏​នឹង​បើក​កុងស៊ុល​នៅ​ខេត្តស្ទឹងត្រែង និង ខេត្ត​ចំប៉ា​សាក់ ដើម្បី​សម្រួល​ដល់​ការ​ចេញចូល​នៃ​ប្រជាជន​ទាំង​ពីរ​៕